សព​អ្នកចាំទី​ក្រុម​​ស្វាយរៀង និង​​ជម្រើស​ជាតិ សរ សុភា បូជា​​​ម៉ោង ៤ កន្លះ​​ល្ងាច​នេះ

  • 2014-11-24 18:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព​របស់​អ្នកចាំទី​​ដៃ​ទី១ របស់​ក្រុម​បាល់ទាត់​ខេត្ត​ស្វាយរៀង និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សរ សុភា ដែល​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា ចុង​សប្ដាហ៍​កន្លង​ទៅ​នឹង​បូជា​​​ប្រហែល​ជា​ម៉ោង ៤:៣០ នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី ២៤ វិច្ឆិកា នេះ​នៅ​វត្ត​នាគ​វ័ន្ត។

 

សព សរ សុភា តម្កល់​នៅ​វត្ត​នាគ​វ័ន្ត

 

បើ​តាម​លោក សំ វ៉ាន់ដេត គ្រូ​​បង្វឹក​បង្គោល​​ក្លិប​ខេត្ត​ស្វាយរៀង ដែល​នៅ​កំដរ​សព​តាំង​ពី​ដើម​មក​បាន​ឱ្យ​ដឹង​ថា​លោក នៅ​ម៉ោង ៤ សព​នឹង​ដង្ហែ​ចេញ​ហើយ​បូជា នៅ​ក្នុង​វត្ត​នាគ​វន្ត ផ្ទាល់​តែ​ម្ដង។ លោក​​ថា​ គិត​ត្រឹម​ពេល​នេះ​មាន​លោក គល់ សុផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តំណាង​ឯកឧត្ដម សៅ សុខា ​ប្រធាន​សហព័ន្ធ រួម​ទាំង​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​នាយកដ្ឋាន​កីឡា តំណាង​ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព។

 

ជាមួយ​គ្នា​នេះ​ដែរ លោក ឡាយ សុធា អ្នក​ចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​វេស្ទើន លោក លី ហៀង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន និង លោក ឡាំ ទីនី អ្នក​ចាត់ការ​ក្លិប​បាល់ទាត់​ណាហ្គាខប ក៏​បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​​ដល់​ទី​តម្កល់​សព​ដែរ។

 

ថ្នាក់​ដឹកនាំ​ក្លិប​ខេត្ត​ស្វាយរៀង មាន​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប លោក អោក សំណាង អគ្គលេខាធិការ​ក្លិប លោក រិទ្ធ ឌីកា ប្រធាន​បច្ចេកទេស​ក្លិប សុទ្ធ​តែ​​​ផ្ដល់​បច្ច័យ​ជា​ប្រាក់​​​ដើម្បី​​រៀបចំ​ពិធី​បុណ្យ និង បុណ្យ ៧ ថ្ងៃ​​ខាង​មុខ​​ដែល​នឹង​រៀបចំ​នៅ​បរិវេណ​វត្ត​ដដែល​នេះ ។

 

សរ សុភា បាន​ទទួល​មរណភាព​ក្រោយ​​ពេល​​​ហ្វឹកហាត់​នៅ Gym ម្តុំស្ថាន​ទូន​ចិន​រួច​ ពោល​គឺ​​អំឡុង​ពេល​​សម្រួល​សាច់ដុំ និង សំអាត​ខ្លួន​ដោយ​នាំ​គ្នា​​ហែល​ទឹក ពេល​​ងើប​ចេញពី​អាង ក៏​បាន​​ដួល និង​តឹង​ទ្រូង។ តាម​ការ​សន្និដ្ឋាន​បឋម​របស់​គ្រូ​ពេទ្យ ការ​ស្លាប់​របស់​គេ​ដោយ​សារ​តែ​គាំ​បេះដូង ប៉ុន្ដែ​ក្រោយ​មក​​ទាំង​សមត្ថកិច្ច និង គ្រូ​ពេទ្យ​សិក្សា​ឃើញ​​គេ​ស្លាប់​ដោយ​សារ​ខ្យល់គរ។

 

សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​បាល់ទាត់​ជាតិ ឬ សាច់​ញាតិ​មិត្ត​ភក្ដិ​របស់ កីឡាករ សរ សុភា ដែល​ចង់​ទៅ​ជូន​ដំណើរ​​ចុង​ក្រោយ​របស់​សព សូម​មេត្តា​ទៅ​ដល់​វត្ត​នាគវ័ន្ត​ឱ្យ​ទាន់​ពេល​វេលា៕

 

អត្ថបទ​ពាក់ព័ន្ធ៖ ព័ត៌មាន​បន្ថែម​ ជុំ​វិញ​ការ​ស្លាប់​អ្នក​ចាំទី​ សរ សុភា

 

អត្ថបទ៖ ម៉ឺន រស្មី រូបថត៖  រូបថតកីឡា

អត្ថបទថ្មី