ធនធាន​​គ្រូ​​បង្វឹក​បាល់​ទាត់​កម្រិត​ C​ បិទ​​បញ្ចប់​ព្រឹក​មិញ​

  • 2014-11-24 23:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនធាន​គ្រូ​បង្វឹក​កីឡាបាល់​ទាត់​កម្រិត​ C ជាង​២០​រូប​​​ បាន​បញ្ចប់​វគ្គ​សិក្សា​របស់​ខ្លួន​ដោយ​ជោគ​ជ័យ​កាល​ពី​ព្រឹក​មិញ​ ក្រោម​អធិបតី​ភាព​​ លោក​ គល់​ សុផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ នៅ​ទឹក​ដី​ក្រុម​ភ្នំពេញ​ក្រោន

 

វគ្គ​សិក្សា​គ្រូ​បង្វឹក​កម្រិត​ C ​ដែល​រៀប​ចំ​ដោយ​ក្លិប​ភ្នំពេញ​ក្រោន​ រួម​នឹង​អង្គការ​ Salt ធ្វើ​ការ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ (FFC) និង​សហព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អាស៊ី​ (AFC) ដែល​មាន​សិក្ខាកាម​​ជា​កីឡាករ​ និងជា​គ្រូ​បង្វឹក​នៅ​ក្លិប​ភ្នំពេញ​ក្រោន​​ និង​សមាជិក​មក​ពី​អង្គការ​ Salt ដែល​ជា​អង្គការ​ផ្ដោត​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​កីឡា​បាល់​ទាត់​ បាន​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ​កាល​ពី​ព្រឹក​មិញ​នេះ។

 

 

លោក​ Shiyas Mohamed គ្រូ​បង្គោល​មក​ពី​ AFC បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​ការ​ខិត​ខំ​សិក្ខា​រៀន​សូត្រ​របស់​សិក្ខា​គ្រប់​រូប​ នឹង​សូម​ឲ្យ​សិក្ខាកាម​​ទាំង​អស់​ប្រើប្រាស់​នូវ​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់​ទាត់​ជាតិ។ ពិសេស​នោះ​លោក​ក៏​សូម​កោត​សរសើរ​ និង​លើក​ទឹក​ចិត្ត​ដល់​លោក​ ឫទ្ធី​ សំណាង​ ប្រធាន​ក្លិប​ភ្នំពេញ​ក្រោន​ ដែល​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​កីឡា​បាល់​ទាត់​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់។

 

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ គល់​ សុផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បាន​គូស​បញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្លិប​ភ្នំពេញ​ក្រោន​ ដែល​មាន​យុវជន​ថ្នាល​ជា​ច្រើន​ និង​គ្រប់​ប្រភេទ​អាយុ។ លោក​ក៏​បាន​កោត​សរសើរ​ពី​សមិទ្ធផល​ដែល​ក្លិប​ទទួល​បាន​ដូចជា​ជើង​ឯក​លីក​កំពូល​ និង​ជើង​ឯក​លីក​យុវជន​ ទាំង​ U15 និង​U17​ នៅ​ឆ្នាំ​នេះ​ជា​ដើម។ អគ្គលេខាធិការ​ខាង​លើ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្លិប​ទាំង​អស់​ អ្នក​គាំទ្រ​ និង​ស្រឡាញ់​វិស័យ​កីឡា​ជាតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ រួម​គ្នា​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ ពិសេស​កីឡា​បាល់​ទាត់​ ឲ្យ​បាន​រីក​ចម្រើន​ដូច​​បណ្ដា​ប្រទេស​នានា​លើ​សកលលោក៕

 

អត្ថបទ៖ អៀង សូទ្រី

រូបថត៖ ទូរស័ព្ទដៃ

អត្ថបទពេញនិយម