ប្រណាំង​កង់ និង រត់ប្រណាំង​រៀបចំ​ជាប់ៗ​គ្នា​នៅ​សៀមរាប ដើម​ខែ​ក្រោយ

  • 2014-11-28 13:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា ២ ប្រភេទ​​មាន​ប្រណាំង​កង់ និង រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុន គ្រោង​នឹង​រៀបចំ​​ប្រកួត​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​អង្គរ នា​ដើម​ខែ ធ្នូ ចុង​ឆ្នាំ ២០១៤ នេះ ទាំង​ក្នុង​គោលបំណង​មនុស្សធម៌ និង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

 

 

ទិដ្ឋភាព​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន នាពេល​កន្លង​មក

 

សម្រាប់​ការ​ប្រណាំង​កង់ វិញ​នេះ​ជា​លើក​ទី៩ ហើយ​ដែល​បង្កើត​ឡើង​នៅ​ទីនោះ​ដោយ​​ចាប់​ផ្ដើម​ឡើង​នៅ​​ថ្ងៃ​ទី ៦ ខែ ធ្នូ ក្នុង​បរិវេណ​ជុំ​វិញ​ប្រាសាទ​អង្គរវត្ត ក្នុង​គោល​ដៅ រក​ថវិកា​​ជួយ​ដល់​កុមារ ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​និង​ស្រ្តី​មាន​វិបត្តិ។ ចំណែក​វិញ្ញាសា​ដាក់​ឱ្យ​ប្រកួត​មាន ៣ ​គឺ​ប្រណាំង​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​ (កង់​គួក​), ប្រណាំង​ចម្ងាយ​១៧​គីឡូម៉ែត្រ ​និង ​ចម្ងាយ ៣០​គីឡូម៉ែត្រ​សម្រាប់​កង់​ប្រភេទ​ដៃ​ត្រង់​។

 

ក្រោយ​កម្មវិធី​ប្រណាំង​កង់​មួយ​ថ្ងៃ​ពោល​នៅ​ថ្ងៃ​ទី ៧ វិច្ឆិកា ឆ្នាំ ២០១៤ កម្មវិធី​រត់​ប្រណាំង ពាក់​កណ្ដាល​ម៉ារ៉ាតុង អន្ដរជាតិ​អង្គរ លើកទី១៩ ចាប់​ផ្ដើម​ម្ដង។ ចំណែក​វិញ្ញាសា​ប្រកួត​មាន​រត់​ចម្ងាយ ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ។

 

ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្លាប់​លើក​ឡើង​ថា ការ​រត់​ប្រណាំង​នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​កីឡា​​បែប​ទេសចរណ៍​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​​ខ្លាំង ស្រប​ពេល​កម្ពុជា​ធ្លាប់​បង្កើត​ការ​ប្រកួត​កីឡា​មួយ​នេះ​​បាន ១៨ លើក​មក​ហើយ។

 

​កាល​ពី​ឆ្នាំ​២០១៣​ អ្នក​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​ជាង​៦​០០០​នាក់​ដែល​ក្នុង​នោះ​កីឡា​ករ​-​កីឡាការិនី​បរទេស​ចំនួន​ជាង​៣​៧០០​នាក់​ដែល​មកពី​៥២​ប្រទេស​។ ចំណែក​នៅ​ឆ្នាំ​នេះ​​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​ព្យាករណ៍​ថា​ទំនង​ជា​នឹង​មាន​អ្នក​ចូលរួម​ច្រើន​ជាង​លើក​មុន៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម