មិត្តភ័ក្ដិ​​ ហៅ​ការ​តាម​ Facebook ​គិត​ម៉េច​ដែរ?

  • 2014-12-15 18:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​រវល់​ខ្លាំង​ពេក​ រក​ពេល​ទំនេរ​ ដក​ឃ្លា​សឹង​មិន​បាន​ ពេល​ខ្លះ​មិត្តភ័ក្ដិ​​​​មួយ​ចំនួន​​ សម្រេច​ចិត្ត​ហៅ​ការ​​មិត្តភ័ក្ដិ​ តាម​រយៈ​​ការ​​ហៅ​ទូរសព្ទ ខ្លះ​ទៀត​ផ្ញើ​ធៀប​ការ​តាម​​អ្នក​ស្គាល់​​តៗ​គ្នា​មក​ឲ្យ។ បើ​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ជាមួយ​គ្នា​​ ប្រហែល​ជា​គេ​មិន​ប្រកាន់​​អី​ទេ​ ចុះ​បើ​​ប៉ះ​ចំ​អ្នក​ដែល​​មិន​សូវ​ស្គាល់​​​គ្នា​ស្និទ្ធ​វិញ​ តើ​គួរ​សម្រេច​ចិត្ត​ ហៅ​ការ​តាម​ facebook ​ដែរ​អត់?

 

បើ​ជា​ប្រិយមិត្ត​វិញ យល់​យ៉ាង​ម៉េច​ដែរ? ចុះ​​យុវវ័យ​ខាង​ក្រោម​ លើក​ឡើង​យ៉ាង​ណា​ខ្លះ​ ជុំវិញ​បញ្ហា​នេះ?​​​​​  

រូបតំណាង

  "ខ្ញុំ​​ក៏​​ធ្លាប់​ត្រូវ​បាន​មិត្តភ័ក្ដិ​ហៅ​ការ​តាម​ Facebook ដែរ​ តែ​ខ្ញុំ​មិន​គិត​ថា ​វា​ជា​ការ​មើល​ងាយ​នោះ​ទេ ​ ព្រោះ​ដោយ​សារ​តែ​គាត់​រវល់​ខ្លាំង​ពេក ​ធ្វើ​ម៉េច​បើ​អញ្ចឹង​ទៅ​ហើយ"។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​យុវជន ឌី សុធា អាយុ ២៥ ឆ្នាំ​ ជា​និស្សិត​ជំនាញ​ធនាគារ និង​ ហិរញ្ញវត្ថុ នៃ​វិទ្យាស្ថាន​ព្រះកុសុមៈ។   និស្សិត​ដដែល​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ "បើ​សិន​ជា​គេ​​ជា​មិត្តភ័ក្តិ​ស្និទ្ធ​ស្នាល​​ ខ្ញុំ​មិន​ប្រកាន់​ទេ​ ទោះ​បី​ជា​ហៅ​ផ្ទាល់​ ឬ​មិន​ផ្ទាល់​ក៏​ដោយចុះ​ សំខាន់​ឲ្យ​តែ​បាន​ប្រាប់​ឲ្យ​ដឹង​មុន"​។   កាល​ពី​មុន​ ពេល​ដែល​ម្ចាស់​ដើម​ការ​រវល់​ ឬ​នៅ​ឆ្ងាយ​ពី​គ្នា​គេ​និយម​ហៅ​តាម​ទូរសព្ទ​ ហើយ​និយាយ​សុំ​ទោស​គេ​ ដែល​មិន​បាន​អញ្ជើញ​ទៅ​ហៅ​ផ្ទាល់​ តែ​​ដល់​ឥលូវ​ដោយ​សារ​តែ​​​​បច្ចេកវិទ្យា​ជឿន​លឿន​ មនុស្ស​​ទាក់​ទង​គ្នា​ កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ ​​ទើប​គេ​ឃើញ​​មាន​ឥរិយាបថ​ថ្មី​មួយ​ទៀត​ ទាក់​ទង​ នឹង​ការ​ហៅ​ភ្ញៀវ​ចូល​រួម​ពិធី​រៀប​ការ តាម​រយៈ​ facebook វិញ​។   យុវជន មាស​ ចាន់សេង អាយុ ២៤ ឆ្នាំ និស្សិត​​ទើប​បញ្ចប់​​ឆ្នាំ​ទី ៤​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​៖ " មាន​មិត្តភ័ក្ដិ​ខ្ញុំ​ខ្លះ​ ថត​រូប​សំបុត្រ​ការ​​​ផ្ញើ​​តាម​ Facebook ​ហើយ​ឲ្យ​ទៅ​យក​​ដល់​ផ្ទះ​ទៀត តែ​ខ្ញុំ​មិន​ដែល​ចង្អៀត​ចង្អល់​អី​រឿង​អញ្ចឹងៗ​ទេ សុទ្ធ​តែ​មិត្តភ័ក្ដិ​ស្គាល់​គ្នា​​ស្និទ្ធ​​ហ្នឹង"។   ចំពោះ​កញ្ញា​ ចាន់ កន្ធិកា​ និស្សិត​ឆ្នាំ​ទី​៤​ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​និយាយ​ប្រាប់​ថា​៖ "ខ្ញុំ​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ​ ចំពោះ​ការ​ធ្វើ​បែប​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ បើ​សិន​ជា​​រវល់​មិន​​បាន​ហៅ​ផ្ទាល់​ គួរ​តែ​ផ្ញើ​សំបុត្រ​ការ​តាម​មិត្តភ័ក្ដិ​ ឬ​ប្រាប់​តាម​ទូរសព្ទ​ក៏​បាន​ដែរ​។ តែ​អ្នក​ខ្លះ​លេង​ផ្លូវ​កាត់​ពេក​ ដូច​ជា​មិន​សូវ​សម​ទេ​ ធ្វើ​បែប​នេះ"​។   យល់​ឃើញ​ស្រដៀង​​គ្នា​នេះ​ដែរ​ កញ្ញា​ ចរិយា អាយុ​ ២១ ឆ្នាំ​ ជា​ជាង​អ៊ុតសក់​​នៅ​ម្តុំ​ផ្សារ​ទូល​ទំពូង​ ​​​​​បាន​លើក​ឡើង​ថា៖ "ការ​រៀប​ការ​មិន​មែន​ជា​ការ​លេង​សើច​ទេ ​មួយ​ជាតិ​ការ​ម្ដង​ផង​ មិន​គួរ​ធ្វើ​ឲ្យ​គេ​អន់​ចិត្ត​ដោយ​សារ​តែ​រឿង​ហៅ​ការ​បែប​ហ្នឹង​ទេ"។   "បើ​សិន​ជា​ខ្ញុំ​វិញ​ ទោះ​បី​ជា​ស្គាល់​គ្នា​ស្និទ្ធស្នាល​យ៉ាង​ណា​ក៏​ដោយ​ តែ​ខ្ញុំ​មិន​ធ្វើ​បែប​​នេះ​ដាច់​ខាត​​ កម្មវិធី​រៀប​ការ​​​ទាំង​មូល​ ធ្វើ​បែប​នេះ​ដូច​ជា​ការ​មើល​ស្រាល​គេ​ពេក​ គួរ​តែ​បង្ហាញ​ការ​គោរព​ដល់​ភ្ញៀវ​ដែល​មក​ចូល​រួម​ទើប​​ល្អ​ ព្រោះ​យើង​មិន​អាច​ដឹង​ចិត្ត​​គេ​មុន​ ថា​គេ​ពេញ​ចិត្ត​ ឬ​មិន​ពេញ​ចិត្ត​ ពេល​ដែល​យើង​ធ្វើ​បែប​នេះ​ទេ"។ ចរិយា​ បន្ថែម​ដូច្នេះ៕   ចុះ​ប្រិយមិត្ត​វិញ​ យល់​ឃើញ​យ៉ាង​ណា​ដែរ លើ​ការ​លើក​ឡើង​ខាង​លើ​នេះ?​

 

អត្ថបទ៖ យិន សំបូរ

​​​

អត្ថបទពេញនិយម