លោក​តា​ ជ័យ ប៊ុនឈឿ​បង្ខំ​ចិត្ត​មក​ធ្វើ​​អាជ្ញា​កណ្តាល​វិញ បើ​មិន​ធ្វើ​អត់​លុយ

  • 2014-12-18 18:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ព្រឹទ្ធាចារ្យ​អាជ្ញា​កណ្ដាល ជ័យ ប៊ុនឈឿ បាន​លេច​មុខ​មក​ធ្វើ​ជា​គណៈកម្មការ ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ឡើង​វិញ​ហើយ បន្ទាប់​ពី​លោក​បាន​ប្រកាស​ចូល​និវត្តន៍​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ។

 

ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​មក​វិញ​នេះ លោក​តា ជ័យ ប៊ុនឈឿ​បាន​ប្រាប់​ថា លោក​ត្រូវ​តែ​ត្រឡប់​មក​ធ្វើ​ជា​អាជ្ញា​កណ្តាល និង​ចៅ​ក្រម​វិញ ពី​ព្រោះ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​តម្រូវ​ឲ្យ​លោក​មក​ធ្វើ​វិញ​ដោយ​សារ​ភ្នែក​របស់​​លោក​អាច​មើល​ឃើញ​ច្បាស់​ជាង​មុន។ ម្យ៉ាង​ទៀត​លោក​នឹង​មិន​ទទួល​បាន​​ប្រាក់​កម្រៃ​ទេ ប្រសិន​បើ​លោក​មិន​មក​ធ្វើ​នោះ ស្រប​ពេល​សហព័ន្ធ​ខ្វះ​ធន​ធាន​អាជ្ញា​កណ្ដាល និង​ចៅ​ក្រម​ផង។  

លោកតាអាជ្ញា​កណ្តាល​ ជ័យ ប៊ុនឈឿ

  លោក​តា​បាន​និយាយ​ថា ៖«បើ​ខ្ញុំ​អត់​មក​ធ្វើ​ គេ​(សហព័ន្ធ)​អត់​ឲ្យ​លុយ​ខ្ញុំ​ទេ គេ​ថា​ភ្នែក​ខ្ញុំ​គ្រាន់​បើ​ជាង​មុន ហើយ​សហព័ន្ធ​ថា​ ខ្វះ​អាជ្ញា​កណ្ដាល និង​ចៅ​ក្រម​ផង»។ សម្រាប់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បាន​ចូល​និវត្តន៍​ដោយ​ទទួល​បាន​ប្រាក់​ចំណូល ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ទៅ​លោក​នឹង​មិន​ទទួល​បាន​ប្រាក់​ចំណូល​ទេ ប្រសិន​បើ​មិន​មក​ធ្វើ​ការ។   «តាម​ដំណើរ​ទៅ ចាស់​ប៉ុណ្ណឹង អត់​មាន​ការ​ងារ​ធ្វើ បើ​មិន​ធ្វើ​អត់​លុយ។ ឥឡូវ​ភ្នែក​ខ្ញុំ​គ្រាន់​ជាង​មុន​បន្តិច តែ​ឆាប់​ហត់​ជាង​មុន»។ លោក​ព្រឹទ្ធាចារ្យ​បាន​និយាយ។   លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ជិះ​ម៉ូតូ​ពី​ខេត្ត​បាត់​ដំបង​មក​ទី​ក្រុង​ភ្នំពេញ​​កាល​ពី​ពីរ​សប្តាហ៍​មុន​ និង​ជួល​ផ្ទះ​គេ​នៅ​ជិត​វត្ត​ទូល នៅ​ទួល​សង្កែ​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​ខែ។ ម៉ូតូ​របស់​លោក​សម្រាប់​ធ្វើ​ដំណើរ​ពី​ទូល​សង្កែ​មក​សង្វៀន​បាយ័ន​នៅ​បឹង​ស្នោរ និង​ស្ទឹង​មានជ័យ។   ចំណែក​ប្រាក់​កម្រៃ​ទទួល​បាន​ពី​ការងារ​​គឺ​​៦៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍​ដែល​លោក​ត្រូវ​ធ្វើ​ការ​​៣​ថ្ងៃ​ជាប់​គ្នា​ដ៏​មមាញឹក​ក្នុង​នោះ ​ថ្ងៃ​សុក្រ​វេលា​ម៉ោង​​៣​:៣០​នាទី​បាយ័ន​ស្ទឹង​មានជ័យ ថ្ងៃ​សៅរ៍​ម៉ោង​២:៣០​នាទី​នៅ​បាយ័ន​ស្ទឹង​មានជ័យ ថ្ងៃ​អាទិត្យ​ព្រឹក​ម៉ោង​៨:៣០​នាទី​នៅ​បាយ័ន​ស្ទឹង​មានជ័យ ម៉ោង​១២:៣០​ថ្ងៃ​អាទិត្យ​ដដែល​នៅ​សង្វៀន​រោង​សៀក​មុខ​រដ្ឋ​សភា ម៉ោង​៤-៦​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​សង្វៀន​បឹងស្នោរ និង​ម៉ោង​៦-៨​យប់​ថ្ងៃ​អាទិត្យ​នៅ​សង្វៀន​រោង​សៀក៕  

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម