កម្មវិធី ”Get Your Sexy Back KH" បាន​បញ្ចប់​ហើយ​មាន​​អ្នក​​លេង​ជិត២ម៉ឺន​នាក់

  • 2014-12-25 18:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​អប់រំ​ស្ដី​ពី​ការ​ពិសា​​គ្រឿង​ស្រវឹង​ ដោយ​ទទួល​ខុស​ត្រូវ​មាន​ឈ្មោះ​ថា ”Get Your Sexy Back KH " ឬ "យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មក​វិញ" ដែល​រៀបចំ​ដោយ ក្រុម​ហ៊ុន​ស្រា​បៀរ​ថៃហ្គ័រ សហការ​ជា​មួយ​ក្រសួងព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​ស្ដី​​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​បញ្ចប់​ហើយ​កាល​ពី​​​ល្ងាច​មិញ​នេះ ដោយ​កម្មវិធី​នេះ​មាន​អ្នក​លេង​តាម Facebook Page ជិត២ម៉ឺន​​នាក់។

 

 

កម្មវិធី "Get Your Sexy Back " ឬ "យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មក​វិញ" មាន​រយៈ​ពេល​មួយ​ខែ​ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី ០៨ ខែធ្នូ ឆ្នាំ២០១៤​ មក ក្នុង​នោះ​ អ្នក​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ ត្រូវ​​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំ ឡើង​ទៅ។

 

សកម្មភាព​ចម្បង​ៗ​កន្លង​មក​របស់​កម្មវិធី​​អប់រំ​នេះ​មាន​បួន គឺ ៖ ទី១ ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​​​នានា។ ទី២​ លោក​អ្នក​អាច​ចូល​ទៅ​កាន់ Facebook Page “Get Your Sexy Back​ KH”  ចូលរួម​កម្មវិធី ប្រកួត "មិនមែនខ្ញុំ" ដើម្បី​ជួយ​មិត្ត​របស់​លោក​អ្នក​ឲ្យ​ពិសា​គ្រឿង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ហើយ​លោក​អ្នក​មាន​ឱកាស​ឈ្នះ​ទូរស័ព្ទ​ iPhone 6 និង​សំបុត្រ ​VIP ចូល​រួម​​ទស្សនា​ក្រុម​កំប្លែង​នាយ​ពែកមី។ ទី៣ ការ​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ហាង​ក្នុង​រាជធានី​ភ្នំពេញ។ ទី៤ នៅ​ល្ងាច​ថ្ងៃ​ទី 24 ធ្នូ ឆ្នាំ 2014 ជា​ថ្ងៃ​បញ្ចប់​នៃ​ យុទ្ធនាការ​នេះ ដែល​ធ្វើ​នៅ​សណ្ឋាគារ​សូហ្វីតែល។

 

លោក Vong Seong Wei នាយក​ហិរញ្ញវត្ថុ​ និង​ជា​តំណាង​អគ្គនាយក ក្រុម​ហ៊ុន​ស្រា​បៀរ​ថៃហ្គ័រ បាន​លើក​ឡើង​ថា កម្មវិធី "Get Your Sexy Back" ឬ "យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មក​វិញ" ធ្វើ​ឡើង​ក្នុង​គោល​បំណង ឲ្យ​យុវជន​​ក៏​ដូច​ជា មហាជន​ទូទៅ យល់​ដឹង​ពី​ផលវិបាក​ដែល​បណ្ដាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​លើស​កម្រិត​ជា​ប្រចាំ​ ឬ​រ៉ាំ​រ៉ៃ​ជា​ពិសេស អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍  ពី​ការ​ស្រវឹង​ហើយ​បើកបរ និង​​ជំរុញ​លើក​ទឹកចិត្ត​យុវជន​ឲ្យ​ប្រកាន់​​យក​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ​ និង​បំបាត់​ទម្លាប់​នៃ​ការ​ទទួល​គ្រឿង​ស្រវឹង​ហួស​កម្រិត​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។

 

នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ខាង​លើក​ឡើង​ទៀត​ថា តាម​រយៈ​ Facebook Page “Get Your Sexy Back​ KH” មាន​អ្នក​ចូល​លេង​រហូត​ដល់​ជាង ១៨០០០នាក់ឯណោះ  ។ ចំនួន​នេះ ​លោក​សង្ឃឹម​ថា កម្មវិធី​ដែល​​ធ្វើ​មក​នេះ​ ពិត​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​គ្រឿង​ស្រវឹង និង​ការ​ទទួល​ខុស​ត្រូវ ពេល​ពិសា​គ្រឿង​ស្រវឹង កាន់​តែ​បាន​ច្រើន​ថែម​ទៀត។

 

ថ្ងៃ​​បិទ​បញ្ចប់​​នៃ​កម្មវិធី "Get Your Sexy Back" ឬ "យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មក​វិញ" ដែល​បាន​ធ្វើ​ឡើង​នៅ សណ្ឋាគារ​សូហ្វីតែល កាល​ល្ងាច​មិញ​នេះ ក្រៅ​ពី​ដៃគូ​សហការ មាន​យុវវ័យ​ជាង​១០០នាក់​​ដែល​បាន​ឈ្មោះ​តាម​រយៈ​ការ​ចូល​លេង Facebook Page“Get Your Sexy Back​ KH” ផង​ដែរ។ កម្មវិធី​នេះ ក៏​មាន​ការ​សម្ដែង​កំប្លែង ក៏​ដូច​ជា ការ​ច្រៀង​ពី​ក្រុម CSM Boy CSM Girl នៃ​ក្រុម Cambodia  Super Modal ផង​ដែរ។

 

 

 

 

រង្វាន់​​ដែល​​អ្នក​​ឈ្នះ​តាម​រយៈ​ការ​ចូល​លេង Facebook Page“Get Your Sexy Back​ KH”​មានរង្វាន់​ iPhone 6 ១គ្រឿង,Samsung Galaxy Tap១គ្រឿង , Samsung Grand Neo ១គ្រឿង និង រង្វាន់​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​​ក្រុម​ហ៊ុន​ស្រា​បៀរ​ថៃហ្គ័រ៕

 

អានអត្ថបទ៖ ជិត៣​ពាន់​នាក់​តម្រៀប​គ្នាជា​ដើម​ណូអែល​ធំ​ជាង​គេ​លើ​លោក អត្ថបទ៖ ខុត សីហា