រំលឹក! ភាពយន្ត​​ទាំង​ ៣ ​រឿង ​ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម​របស់​ផលិតករ​ខ្មែរ លេច​ធ្លោ​ខ្លាំង​​លើ​ឆាក​អន្តរជាតិ

  • 2015-01-07 18:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ ជាមួយ​គ្នា​នោះ​មាន​ភាពយន្ត ដែល​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ជូរចត់​ខាង​លើ​បាន​ផលិត​ឡើង​ជា​ស្នាដៃ​ផលិតករ​ខ្មែរ។ ប៉ុន្តែ ​គេ​កត់​សម្គាល់​ឃើញ​ថា មាន​ស្នាដៃ​របស់​ផលិតករ​ខ្មែរ​ចំនួន ​៣​ រឿង​ ប៉ុណ្ណោះ ដែល​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ និង​ បាន​ទទួល​ការ​កោត​សរសើរ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ហើយ​ទទួល​ពាន​រង្វាន់​ផ្សេងៗ​ទៀត​ផង ចំពោះ​សមិទ្ធផល​ភាពយន្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ទាំង​នោះ។

 

១. រឿង ឃ្លាត​ទៅ​សែន​ឆ្ងាយ ៖ ផលិត​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​ទាំងអស់ ដែល​បាត់បង់​ជីវិត បាត់បង់​ឪពុកម្ដាយ បងប្អូន ជីដូន​ជីតា និង​ញាតិ​សន្តាន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅ​ក្នុង​ខ្សែភាពយន្ត​នេះ លោក​ឆាយ បូរ៉ា អ្នក​ដឹក​នាំ​រឿង បាន​រៀបរាប់​ពី​ប្រវត្តិ​ពិត​​របស់​ស្ត្រី​ជា​ម្ដាយ​ម្នាក់ ដែល​បាន​ឆ្លងកាត់​ការ​លំបាក ការ​ព្រាត់ប្រាស ការ​តស៊ូ រហូត​ដល់​ការ​រស់រាន​មាន​ជីវិត​ជា​ថ្មី​ចេញ​ពី​របប​ខ្មែរក្រហម។

 

ខ្សែភាពយន្ត​ថ្មី​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែភាពយន្ត ដែល​មាន​មនោសញ្ចេតនា​ស៊ី​ជម្រៅ។ ដើម​ឆ្នាំ​ ២០១៤ មាន​រោង​ភាពយន្ត​ធំ​ពីរ​នៅ​សហរដ្ឋ​អាមេរិក និង ​សាកល​វិទ្យាល័យ​ចំនួន​ ៥​ បាន​យក​ទៅ​ចាក់​បញ្ចាំង​ឲ្យ​ទស្សនិកជន និង​ និស្សិត​ជា​ច្រើន​នៃ​សាលា​របស់​ពូក​គេ​បាន​ទស្សនា ជា​ការ​ស្វែង​យល់​បន្ថែម​ទៀត​ពី​របប​នេះ។ ក្រៅ​ពី​ចាក់​បញ្ចាំង​ក្នុង​ស្រុក​រក​លុយ​ជួយ​កុមារ​កំព្រា​ហើយ​នោះ លោក ឆាយ បូរ៉ា ត្រូវ​បាន​ភាគី​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី អញ្ជើញ​ឲ្យ​នាំ​ភាពយន្ត​នេះ ទៅ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​ទាំង​នោះ​ផង​ដែរ។

 

២. រឿង“កង្វះ​រូបភាព” (ជា​ភាសា​បារាំង Image manquante, ភាសា​អង់គ្លេស The Missing Picture) ៖ គឺ​ជា​ចំណង​ជើង​ភាពយន្ត ដែល​ជា​ស្នាដៃ​របស់​សមិទ្ធិករ​ខ្មែរ លោក រិទ្ធី ប៉ាន់។ ជា​ភាពយន្ត​ឯកសារ​ថ្មី ក្នុង​​ទម្រង់​ថ្មី ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ ដោយ​យក​ដី​ឥដ្ឋ​ដុំ​ប៉ិន​មេដៃ​ច្នៃ​ធ្វើ​ជា​រូបរាង​តួ​សម្ដែង។ លោក​ហាក់​ដក់​អារម្មណ៍​ជាប់​នឹង​ប្រធានបទ​ដដែល គឺ​ទាក់ទង​នឹង​ប្រវត្តិ​រឿង​អតីត​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក្នុង​រវាង​ឆ្នាំ ​១៩៧៥-១៩៧៩ ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​បាត់បង់​ជីវិត។ ក្នុង​នោះ​ក៏​មាន​ឪពុក​ម្ដាយ​បងប្អូន​បង្កើត​របស់​លោក រិទ្ធី ប៉ាន ផង​ដែរ។

 

 

កង្វះ​រូប​ភាព របស់​កម្ពុជា​​មាន​កិត្តិយស​ មាន​ឈ្មោះ​ក្នុង​ពិភព​ភាពយន្ត​អន្តរជាតិ ព្រោះ​អាច​ចាត់​ទុក​ថា​ ជា​លើក​ទី១ ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន និង ​ដណ្ដើម​ពាន​រង្វាន់​ “Un certain Regard” ដែល​ជា​​រង្វាន់​លំដាប់​ទីពីរ​ បន្ទាប់ពី​ តាលបត្រ​មាស (Palme d’Or) ក្នុង​ក្របខ័ណ្ឌ​មហោស្រព​អន្តរជាតិ​លើក​ទី ៦៦ ឆ្នាំ​២០១៣។

 

ភាពយន្ត​ពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត​នេះ ក៏​មាន​គ្រប់​លក្ខខណ្ឌ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ចំណោម​ភាពយន្ត​៥​ចំណង​ជើង​​ចុង​ក្រោយ នៃ​ការ​ដណ្ដើម​ពាន​រង្វាន់​ Oscar។ ក្រៅ​ពី​នេះ​លោក រិទ្ធី ប៉ាន ក៏​បាន​នាំ​យក​ភាពយន្ត​នេះ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​ និង​ បាន​ទៅ​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​ទាក់ទង​នឹង​ភាពយន្ត​​។

 

៣. រឿង "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ឬ "The Last Reel” ៖ របស់​អ្នក​ស្រី សុទ្ធោ គុល្លិការ ខ្សែ​ភាពយន្ត​មួយ​ដែល​បាន​បាត់​បង់ លិច​កប់​ក្នុង​វាល​ពិឃាដ បង្ហាញ​ពី​ការ​បកស្រាយ​ផ្សេងៗ​គ្នា​នៃ​ការ​ពិត។ "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" មាន​គោល​បំណង​ដោះស្រាយ​វិបត្តិ និង​ លុបលាង​នូវ​ស្នាម​របួស​ចាស់ ដែល​សេសសល់​ពី​អតីតកាល អាច​និយាយ​បាន​ថា ជា​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​។

 

នេះ​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ "ដួង​ព្រលឹង​អាស៊ី" នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ និង ​បាន​យក​មក​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​កម្ពុជា​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៥​ថ្មីៗ​នេះ។ បើ​តាម​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ថា "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់​អ្នក​ទស្សនា​ផ្ទាល់​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ភាពយន្ត​នេះ បើ​ប្រៀបធៀប​ជាមួយ​ខ្សែ​ភាពយន្ត​ជា​ច្រើន​ទៀត៕

 

អាន​អត្ថបទ៖ ពាន​២៧​បាន​ប្រគល់​ជួន​តារា​១៨​ដួង​ កម្មវិធី"អប្សរា​Award "យប់​មិញ

អាន​អត្ថបទ៖ ភាពយន្ត​៥​រឿង​រក​ចំណុល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៤

អាន​អត្ថបទ៖ ហេតុ​ផល​ស្រដៀង​គ្នា CTN និង ហង្ស​មាស ទិញ​កម្មវិធី​ពី​បរទេស

 

អត្ថបទ៖ សំ ជំនាញ