អាជីវកម្ម​​​ធ្វើ​ ​​​ទី​លាន​បាល់​ទាត់​សិប្បនិម្មិត​កំពុង​ត្រូវ​ប៉ាន់

  • 2014-12-25 21:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​នេះ ទី​លាន​បាល់ទាត់​សិប្បនិម្មិត​នៅ​រាជ​ធានី​ភ្នំពេញ​ និងបណ្ដា​ខេត្ត​មួយ​ចំនួន​​កំពុង​​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​​​សម្រាប់​លេង​បាល់​ទាត់​កាន់​តែ​ច្រើន​ឡើង​ដែល​ជា​ឱកាស​មាស​សម្រាប់​ក្រុម​ហ៊ុន​ទទួល​សាង​សង់​​ទី​លាន​ស្មៅ​សិប្បនិម្មិត​កើប​លុយ​យ៉ាង​ស្រួល ខណៈ​ដៃ​គូ​ប្រកួត​ប្រជែង​ក៏​មាន​តិច។

 

ជួប​នឹង​លោក លោក ខឹម ណាដែន តំណាង​ក្រុម​ហ៊ុន Grass Deco Com., ដែល​ទទួល​សាង​សង់​ទី​លាន​បាល់ទាត់​គ្រប់​ប្រភេទ​​បាន​រៀប​រាប់​ថា សព្វ​ថ្ងៃ​នេះ​ទី​ផ្សារ​សាង​សង់​ទី​លាន​បាល់ទាត់​ស្មៅ​សិប្បនិម្មិត​កំពុង​ពេញ​និយម។ ពីរ​បី​​ឆ្នាំ​មុន​មាន​ក្រុម​ហ៊ុន​វៀតណាម​មួយ​ដែល​ទទួល​សាង​សង​ទី​លាន​បាល់ទាត់​សិប្បនិម្មិត​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មាន​ក្រុម​ហ៊ុន​ប្រហែល​ជា​ពីរ​ទៅ​បី​ប៉ុណ្ណោះ​នៅ​ក្នុង​ស្រុក​ខ្មែរ​ដែល​ចុះ​បញ្ជី​អាជីវកម្ម​នៅ​ក្រសួង​ត្រឹម​ត្រូវ។

លោក ខឹម ណាដែន   លោក​បាន​និយាយ​ថា ៖«​យើង​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ពី​​អតិថិជន​​ដោយ​រយៈ​ពេល​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​យើង​ជាប់​លេខ​១​ដែល​មាន​អតិថិជន​ត្រូវ​ការ​ច្រើន​ជាង​គេ។ យើង​ទទួល​ការ​សាង​សង់​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត។ សម្រាប់​ការ​សាង​សង់​រួច​ ក្រុម​ហ៊ុន​យើង​ខ្ញុំ​ធានា​ថែរក្សា​​ឲ្យ​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត»។ ចំពោះ​គុណភាព​វិញ​ចាប់​ពី​៨​ទៅ​១០​ឆ្នាំ។   លោក​បញ្ជាក់​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​កសាង​ទី​លាន​ច្រើន​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ដូច​ជា​​ទី​លាន​នៅ​ទូល​សង្កែ សួន​ចម្ការ​ព្រីង ទីលាន​បាល់ទាត់​វេស្ទើន បឹង​ត្របែង បឹង​កក់ ​តាម​សាលា​រៀន នៅ​ខេត្ត​កំពង់សោម ​កំពត​ សៀមរាប ប៉ោយប៉ែត និង​កន្លែង​ជា​ច្រើន​ទៀត។   លោក ខឹម ណាដែន​ បាន​ឲ្យ​ដឹង​ថា ​ស្មៅ​សិប្បនិម្មិត​​មាន​​កម្ពស់​​ពីរ​ប្រភេទ​គឺ​កម្ពស់​៥០​មិល្លីម៉ែត្រ និង​​៦០​មិល្លីម៉ែត្រ។ សម្រាប់​ស្មៅ​កម្ពស់​៥០​មិល្លីម៉ែត្រ​ត្រូវ​​ចាក់​ខ្សាច់​​កម្ពស់​​៣០​មិល្លីម៉ែត្រ និង​ជ័រ​ចាប់​ពី​១០​ទៅ​១៥​មិល្លីម៉ែត្រ។ ចំពោះ​ស្មៅ​កម្ពស់​៦០​មិល្លីម៉ែត្រ​នឹង​ត្រូវ​ចាក់​ខ្សាច់​​ទៅ​៤០​​​មិល្លីម៉ែត្រ រួច​ចាក់​​ពី​លើ​​ខ្សាច់​កម្ពស់​​១០​ទៅ​១៥​មិល្លីម៉ែត្រ​ទៀត។   ចំពោះ​តម្លៃ​វិញ​លោក​ ណាដែន​ ប្រាប់​​ថា ៖«តម្លៃ​១២​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​សម្រាប់​ស្មៅ​កម្ពស់​​៥០​មិល្លីម៉ែត្រ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជ័រ ខ្សាច់ និង​ការ​តំ​ឡើង សម្រាប់​ចាក់​គ្រឹះ​គឺ​តម្លៃ​ផ្សេង តែ​អតិថិជន​ភាគ​ច្រើន​មិន​ចង់​​ពិបាក​ច្រើន​គឺ​យក​ទាំង​ចាក់​គ្រឹះ​ផង​ តម្លៃ​២៧​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ចំពោះ​ស្មៅ​កម្ពស់​៦០​មិល្លីម៉ែត្រ​មាន​តម្លៃ​លើស​នេះ»។   អតិថិជន​ចំណាយ​ពេល​ត្រឹម​តែ​ពីរ​ឆ្នាំ​នឹង​ទទួល​បាន​ផល​ចំណេញ បន្ទាប់​ពី​ទី​លាន​សាង់​សង​ហើយ។ លោក​ថា ៖«​អាជីវកម្ម​បើក​ទីលាន​បាល់ទាត់​ងាយ​ស្រួល​រក​លុយ​ ​ប្រើ​បុគ្គលិក​តែ​​ពីរ​បី​នាក់​ដោយ​នៅ​ចាំ​កក់​តារាង​ និង​សេវាកម្ម​ភេសជ្ជៈ។ ប្រហែល​ពីរ​ឆ្នាំ​ពួក​គាត់​នឹង​​ទទួល​បាន​ផល​ចំណេញ​ហើយ ព្រោះ​ឥឡូវ​កំពុង​ពេញ​និយម​លេង​ពី​យុវជន»។   ក្រុម​ការងារ​របស់​លោក​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​អ្នក​ជំនាញ​នៅ​ក្រៅ​ប្រទេស និង​បាន​ចុះ​ទៅ​ទស្សនៈ​កិច្ច​សិក្សា​ផ្ទាល់​នៅ​រោង​ចក្រ​ក្នុង​ប្រទេស​ចិន​ដែល​ទទួល​ការ​ណែនាំ​រៀប​របៀប​សាងសង់។ នៅ​លើ​ពិភព​លោក​នេះ​មាន​ស្មៅ​សិប្បនិម្មិត​៦​ប្រភេទ​​ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក FIFA ប៉ុន្តែ​ក្រុម​ហ៊ុន​របស់​នាំ​ចូល​ស្មៅ​តែ​មួយ​ប្រភេទ។   ក្រុមហ៊ុន Grass Deco Com., ដែល​បាន​បង្កើត​ឡើង​រយៈ​ពេល​​២​ឆ្នាំ​ហើយ​នោះ​​មាន​​ទី​តាំង​ស្ថិត​នៅ​ជិត​វត្ត​និរោធ សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ទូរសព្ទ ០១៥ ៦៧៧ ៦០៨៕   វីដេអូ http://youtu.be/myauUdwQsJM អត្ថបទ៖ ជាន ចាន់រ៉ា