ដួង ហ្សូរីម៉ា ទម្លាយ​រឿង​​ផ្ទៃ​ក្នុង​ក្រុម Cambodia Super Model

  • 2015-01-06 16:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ដួង ហ្សូរីម៉ា ប្អូន​ស្រី​បង្កើត កញ្ញា ដួង ហ្សូរីដា ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Cambodia  Super Model បាន​បក​ស្រាយ​បញ្ហា​ខ្លះៗ​ក្នុង​ក្រុម បន្ទាប់​ពី​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​ល្បី​ឈ្មោះ​មួយ​នេះ​​បាន​ចេញ​ជា​បន្តបន្ទាប់ និង​ មួយ​ចំនួន​ទៀត​ត្រៀម​នឹង​ចាក​ចេញ។

 

 

 

 

អតី​ត​សមាជិក​ក្រុម Cambodia Super Model ម្នាក់​បាន​និយាយ​ប្រាប់​ Sabay ក្នុង​លក្ខណ្ឌ​​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ការ​ចាកចេញ​ពី​ក្រុម​ គឺ​ដោយ​សារ​តែ​​​កាល​​​ខ្លួន​នៅ​ជា​សមាជិក​​មិន​សូវ​បាន​ចេញ​ដើរ​ម៉ូដ ហើយ​​​​តារា​ម៉ូដែល ដែល​ឧស្សាហ៍​ចេញ​ដើរ​ម៉ូដ​នោះ ភាគ​ច្រើន​ គឺ​ជា អ្នក​ដែល​ស្និទ្ធមេ​ក្រុម​ ឬ ជា​សាច់​ញាតិ​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​​ក្រុម​តែ​ម្ដង។

 

តារា​ម៉ូដែល​ ដែល​បាន​ដើរ​ចេញ​ពី​ក្រុម Cambodia  Super Model ទៅ​ចូល​ក្រុម​ផ្សេង ហើយ​បច្ចុប្បន្ន​កំពុង​មាន​ទីផ្សារ​ចេញ​ស្ទើរ​តែ​មិន​មាន​ពេល​សម្រាក​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា មិន​មែន​មាន​តែ​ខ្លួន​ទេ​ ដែល​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដឹក​នាំ​ក្រុម​បង្ហាញ​ម៉ូដ​មួយ​នេះ បច្ចុប្បន្ន​មាន​តារា​ម៉ូដែល​ជា​ច្រើន​អ្នក​ទៀត​ក៏​មាន​​ការ​អន់​ចិត្ត ហើយ​តារា​ទាំង​នោះ​ ក៏​មាន​គម្រោង​ដើរ​ចេញ​ដូចគ្នា​ដែរ​ គ្រាន់​តែ​មិន​ទាន់​ដល់​ពេល​។ "ខ្ញុំ​ចង់​ប្រាប់​បង​ថា សមាជិក​ក្រុម​ភាគច្រើន​ចង់​ចាកចេញ​នោះ គឺ​ដោយ​សារ​តែ​ពួកគេ​មិន​ពេញ​ចិត្ត​​ការ​ដឹកនាំ ជាពិសេស​កញ្ញា ដួង ហ្សូរីម៉ា​តែ​ម្ដង ព្រោះ​នាង​ដឹកនាំ​បែប​បក្សពួក​និយម"។

 

ទាក់ទង​នឹង​បញ្ហា​​​នេះ កញ្ញា ដួង ហ្សូរីម៉ា បាន​​បាន​ទទួល​ស្គាល់​ថា ក្រុម Cambodia  Super Model ពិត​ជា​មាន​សមាជិក​មួយ​ចំនួន​ដើរ​ចេញ​ពិត​ប្រាកដ​មែន ប៉ុន្តែ​ មិន​មាន​​ច្រើន​​នោះ​ឡើយ។ តារា​ស្រី​ម្នាក់​នេះ បាន​បន្ត​ថា ការ​ដើរ​ចេញ​នៃ​សមាជិក​ទាំង​នោះ ការ​អាក់​អន់​ចិត្ត​មិន​សូវ​បាន​ចេញ​ដើរ​​ម៉ូដ​គឺ​ជា​ចំណែក​ធំ ប៉ុន្តែ​ក្រុម​​បង្ហាញ​ម៉ូដ​របស់​នាង​មិន​បាន​ចង​ជើង​តារា​ម៉ូដែល​ណា​ម្នាក់​​នោះទេ។

 

ហ្សូរីម៉ា បាន​បញ្ជាក់​ថា ការ​សម្រេច​ឲ្យ​តារា​ម៉ូដែល​ណា​ម្នាក់​ទៅ​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​មួយ មិន​​មែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​​នោះ​ឡើយ គឺ​ធ្វើ​​តម្រូវ​ទៅ​តាម​កម្មវិធី។ នាង​ថា ម្ចាស់​កម្មវិធី គេ​តម្រូវ​យក​ម៉ូដែល​ប្រភេទ​ណា ត្រូវ​ធ្វើ​តាម​ការ​កុម្ម៉ង់​របស់​គេ ដោយសារតែ​ក្រុម​ក្រុម Cambodia  Super Model មាន​សមាជិក​ច្រើន ដូច​នេះ​ មិន​អាច​​​​យក​សមាជិក​ទាំងអស់​បាន​ឡើយ។ ចំណុច​មួយ​ទៀត ហ្សូរីម៉ា ប្រាប់​ថា ក្រុម​របស់​នាង​ត្រូវ​ការ ធ្វើ​ការ​ជា​មួយ​សមាជិក​ណា​ដែល​ស្រួល​ធ្វើ​ការងារ​មួយ​គ្នា​តែ​ប៉ុណ្ណោះ។

 

ចំពោះ​​សំណួរ​ដែល​សួ​ថា តើ​ការ​ដើរ​ចេញ​របស់​សមាជិក​ក្រុម​ជា​បន្តបន្ទាប់ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម Cambodia  Super Model កម្រិត​ណា ខណៈ​ដែល​បច្ចុប្បន្ន​មាន​ក្រុម​ម៉ូដែល​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ជា​បន្ត​បន្ទាប់? ហ្សូរីម៉ា លើក​ឡើង​ថា Cambodia  Super Model  បង្កើត​ឡើង ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា ជោគជ័យ​ជា​មួយ​គ្នា មិន​មាន​ចេតនា​ចង់​ត្រកួត​ប្រជែង​ជា​មួយ​ក្រុម​ម៉ូដែល​ណា​ម្នាក់​ឡើយ។ ហ្សូរីម៉ា បាន​និយាយ​ជា​ចុង​ក្រោយ​ថា មិន​ខ្វះ​ម៉ូដែល​ទេ​ដែល​ចង់​ចូល​ក្នុង​ក្រុម​របស់​ខ្លួន ប៉ុន្តែ ​ក្រុម​របស់​នាង ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​មាន​សមត្ថភាព​​​តែ​ប៉ុណ្ណោះ៕

 

អានអត្ថបទ៖ សុគន្ធ ធារ៉ាត់ សារភាព​ថា ជ្រុល​លង់​ស្នេហ៍​ជា​មួយ យ៉ា ដាវ ម្ដង​ម្កាល អានអត្ថបទ៖ ពេជ្រ សូរីតា​ថា សុំ​ Sexy បន្តិច​​ហើយ​ឆ្នាំ​ ២០១៥ កុំ​ប្រកាន់!

 

អត្ថបទ៖ ខុត សីហា