​Caylee ​​កូន​ខ្មែរ​អាមេរិក​​​លេច​ធ្លោ​​​និង​ជាប់​ពាន​​ដឹក​នាំ​រឿង​​ឆ្នើម​នៅ អាមេរិក ​

  • 2015-01-06 16:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១៩៨១​គឺ​​២​ឆ្នាំ​ក្រោយ​ការ​ដួល​រំលំ​​​របប​ ប៉ុល ពត ​​កុមារី​​​​​ម្នាក់​​ បាន​ចាប់​កំណើត​ឡើង​​​នៅ​ ជំរំ​ភៀសខ្លួន​ ខៅអ៊ីដាង ទឹក​ដី​ថៃ ​មុន​​​​​​​ពេល​គ្រួសារ​នាង​​ត្រូវ​គេ​ជម្លៀស​ទៅ​​កាន់​រដ្ឋ​ Virginia ​សហរដ្ឋ​អាមេរិក​​ជាមួយ​ពលរដ្ឋ​​​កម្ពុជា​ រួច​​ជីវិត​​ពី​​របប​អាវ​ខ្មៅ​​ជា​ច្រើន​​​ទៀត​ក្នុង​ឆ្នាំ​​១​៩៨៤​។ ​​​

 

ជាង​៣០​ឆ្នាំ​ក្រោយ​​​​​រសាត់​ពី​​​មាតុភូមិ​​ឥលូវ​​​ Caylee So ​មិន​ត្រឹម​ចាស់​ទុំ​ទេ តែ​​ស្ត្រី​ដើម​កំណើត​​​​ខ្មែរ​​ធំ​ធាត់​នៅ​​​អាមេរិក​​​​រូប​នេះ ​កំពុង​​​​លេច​​​ធ្លោ​​ដោយ​ការ​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​​ជំនាញ​​​ដឹក​នាំ​និង​ផលិត​ភាពយន្ត​​​ពី​មហាវិទ្យាល័យ Dodge College of Film and Media Arts ​នៃ​សកលវិទ្យាល័យ​ Chapman​ រដ្ឋ​កាលីហ្វ័រញ៉ា​។ ​អ្វី​ដែល​ទាញ​ការ​ចាប់​អារម្មណ៍​បំផុត​​​របស់​ស្ត្រី​ខ្មែរ​​អាមេរិក​គឺ​​​​​​ស្នា​ដៃ​​​​​រឿង​ខ្លី​​​​ « Paulina»​​ ​កាល​២០១២​​​​​ដែល​នាង​ដឹក​នាំ​ផលិត​ឡើង ​បាន​​​​នាំ​ឲ្យ​នាង​​ឈ្នះ​ពាន​​​អ្នក​​ផលិត​រឿង​ល្អ​បំផុត​​ Best Student Female Director នៅ​​ ​Director’s Guild of America ដែល​មាន​​ភាព​យន្ត​ជាង​៦​ពាន់​រឿង ​របស់​បណ្ដា​អ្នក​ផលិតភាព​យន្ត​​​វ័យ​ក្មេង​​​ទូទាំង​អាមេរិក​​ដាក់​​ប្រកួត​ប្រជែង​​។

 

នាង​ក៏​ជា​សិស្ស​ស្រី​ឆ្នើម​ប្រចាំ​សកលវិទ្យាល័យ​​។ ​​នៅ​ឆ្នាំ​​២០១២ Caylee  ​​ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​​​ខ្លះ​​ៗ​​ ជា​​​សិស្ស​​លេច​ធ្លោ​​​​ជាប់​ពាន​រង្វាន់​​ពីរ​ គឺ​ពាន​​អ្នក​ដឹក​នាំ​រឿង​ល្អ​ផ្ដាច់​​គេ (Best Director) និង​​ពាន​ ចាប់​រូប​ភាព​ឆ្នើម (Best Picture) ​ប្រចាំ​​​ព្រឹត្តិការណ៍​​ពាន​​ប្រចាំ​ឆ្នាំ​​​របស់​​មហាវិទ្យាល័យ​ភាព​យន្ត​ Dogde College of  Media and Arts។

 

ក្នុង​បទ​សម្ភាស​​មក​​​ Sabay ​ឱកាស​​មក​​កម្ពុជា​ពេល​នេះ កូន​ខ្មែរ​អាមេរិក​​​​ខាង​លើ​​​រៀប​រាប់​ដើម​ទង​ថា​ក្រោយ​​ចប់​ការ​សិក្សា​វិទ្យាល័យ​​​វ័យ​១៨​​ឆ្នាំ​អំឡុង​​​​២០០០​​​ នាង​បាន​ចំណាយ​ពេល​៨​ឆ្នាំ​​​ចូល​ជា​ទាហាន​​អាមេរិក ក្នុង​កង​ឆ្មាំ​ជាតិ​រដ្ឋ​ Virginia​​ មុន​ពេល​​ចាប់​ផ្ដើម​​សិក្សា​​ការ​ផលិត​ភាព​យន្ត​​​​នៅ​សាកលវិទ្យាល័យ​ Chapman។ «​ពេល​ខ្ញុំ​អាយុ​១៨​ចប់​ វិទ្យាល័យ ​ខ្ញុំ​​​គិត​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អី។ ខ្ញុំ​​​នៅ​កន្លែង​​ដដែល​ៗ​មិន​ដឹង​ថា​ធ្វើ​អ្វី​ ហើយ​កាល​​​នៅ​រៀន​ឃើញ​​​​​ទាហាន​មួយ​មក​សាលា​​និយាយ​ប្រាប់​យើង​ថា​ ​ធ្វើ​ទាហាន​២​ថ្ងៃ​​ក្នុង​មួយ​​ខែ​​​​ យើង​អាច​ធ្វើ​អង្គរក្ស​បាន។ ធ្វើ​ទាហាន​​ ខ្ញុំ​​​អាច​ទិញ​ឡាន​បាន អាច​រៀន​អី​ក៏​បាន ខ្ញុំ​ក៏​ចង់​ធ្វើ​ទាហាន​​​​​​»។ ​Caylee រៀប​រាប់​។

 

 

ក្នុង​កាតព្វកិច្ច​នេះ​​ Caylee ​បាន​បំពេញ​​បេសកកម្ម​​​​ខ្លះ​​នៅ​ អ៊ីរ៉ាក់ ហើយ​ក៏​ជា​ពេល​ដែល​​នាំ​ឲ្យ​​នាង​ចាប់​​អារម្មណ៍​​ជំនាញ​ផលិត​ភាព​យន្ត​ ​​​​​​ក្រោយ​​​​មើល​​រឿង​​​​​​ Million Dollar Baby ​ស្នា​ដៃ​អ្នក​ដឹកនាំ​ល្បីល្បាញ Clint Eastwood, Hilary Swank និង Morgan Freeman  ​ជា​ភាព​យន្ត​ល្បី​ល្បាញ​​មួយ​ និង​​​​រក​ចំណូល​បាន​ច្រើន​ក្នុង Box Office​​។ Caylee រំលឹក​ថា​​៖​​ «​​ខ្ញុំ​​​ចាប់​អារម្មណ៍​ថា​តើ​នរណា​អាច​ធ្វើ​ឲ្យ​រឿង​មួយ គេ​មើល​ហើយ​រំជួល​ចិត្ត​​ទៅ​តាម​សាច់​រឿង​​អីចឹង​​? ​​ទី​បំផុត​​ខ្ញុំ​​​រក​ឃើញ​​គឺ​អ្នក​ដឹក​នាំ​រឿង​​​។ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​បាន​​ ២០០៩​ពេល​ខ្ញុំ​ទៅ​អាមេរិក​វិញ ​ខ្ញុំ​​បោះ​បោះបង់​​ការ​​សិក្សា​​ជំនាញ​ពាណិជ្ជកម្ម​​រៀន​​២​ឆ្នាំ​មក​ហើយ ទៅ​ផ្នែក​សរសេរ​រឿង​វិញ​​នៅ Dogde College Media and Arts»។

 

នៅ​ពេល​រៀន​​ឆ្នាំ​​ទី​៣ អ្វី​ដែល​ពិសេស​សម្រាប់​​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ទៀត​នោះ​គឺ Caylee ​​បាន​ក្លាយ​​ជា​ស្ថាបនិក​ចាប់​ដៃ​ជាមួយ​កូន​ខ្មែរ​អាមេរិក​ម្នាក់​ទៀត​គឺ​លោក Prach Ly បុគ្គល​មាន​បំណិន​សិល្បៈ​​​ បង្កើត​ឲ្យ​មាន​​​មហោស្រព Cambodian Town Film Festival ឡើង​ជា​លើក​ដំបូង​នៅ ឡុង​ប៊ិច​​​។ Cambodian Twon Film Festival ​មួយ​​ឆ្នាំៗ​​បញ្ចាំង​រឿង​ជាង​៣០​រឿង និង​ទទួល​ការ​គាំទ្រ​​សន្ធឹកសន្ធាប់​​​ពី​ទស្សនិកជន។ ​មនុស្ស​ជា​ច្រើន​បាន​​ទៅ​ទស្សនា​​ពេញៗ ​ដែល​ភាគ​ច្រើន​ជា​​ប្រជាជន​ខ្មែរ​អាមេរិក​​នៅ ឡុង​ប៊ិច មក​ពី វីជីនៀ បូស្តុន និង​ កាលីហ្វ័រញ៉ា។ អ្នក​ខ្លះ​មក​តាំង​ពី​កាណាដា។ ​ផលិត​ករ​​អាកាំង​មួយ​ចំនួន​ក៏​ទៅ​កាន់​​ទី​នោះ​ដើម្បី​​​ស្វែង​យល់​ពី​ខ្មែរ។

 

 

​ស្ត្រី​ខ្មែរ​អាមេរិក​ដែល​ឪពុក​ម្ដាយ​មាន​ប្រភព​ពី​ខេត្ត​ស្វាយ​រៀង​ មុន​​ជម្លៀស​​​​ទៅ​អាមេរិក​សម័យ​ខ្មែរ​ក្រហម ​​​អធិប្បាយ​​ពី​មហោស្រព​របស់​កូន​ខ្មែរ​អាមេរិក​​៖ ​​«​​Prach Ly ​គាត់​គិត​ជា​​យូរ តែ​មិន​មាន​មនុស្ស​​​​ជួយ​ ហើយ​គាត់​បាន​​ហៅ​ខ្ញុំ​ចូល​រួម​​​​​ ខ្ញុំ​យល់​ព្រម​ហើយ​ពួក​យើង​ក៏​ចាប់​ផ្ដើម​វា​ ព្រោះ​ថា​នៅ អាមេរិក​ វា​លំបាក​រក​កន្លែង​​មើល​រឿង​​ខ្មែរ ពិសេស​រឿង​​ចាស់​ៗ​ដូច​ជា អន​អើយ​ស្រី​អន ក្រពើ​ឆាវាន់​​ ​ជា​ដើម​»។

 

​មាន​ប្រភព​ជា​កូន​ខ្មែរ​ និង​បាន​បញ្ចប់​សញ្ញាប័ត្រ​ដឹក​នាំ​ភាព​យន្ត​នៅ​​​​​អាមេរិក​​តើ​ Caylee ​មាន​គម្រោង​ចូល​រួម​​ជាមួយ​សិល្បៈ​ខ្មែរ​​បែប​​ណា​ខ្លះ​​ដែរ? ​នាង​តប​ថា​៖​​ «​​សហការ​​គ្នា​ផលិត​និង​នាំ​​ភាព​យន្ត​មក​ទី​នេះ​ជា​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​។ ​មក​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ផលិត​ករ​ខ្មែរ​ល្បី​ៗ ដើម្បី​សិក្សា​ថា​តើ​​​ទី​នេះ ​ខ្ញុំ​មាន​លទ្ធភាព​បែប​ណា ប្រឈម​អ្វី​​ខ្លះ? រដូវ​ណា ទី​ណា ​​​អំណោយ​ផល​ដល់​ការ​ថត​រឿង​​​? ហើយ​ដំណើរការ​ចែក​ចាយ​ភាពយន្ត​វា​យ៉ាង​ម៉េច?​»។

 

​មិន​មាន​គម្រោង​ច្បាស់​លាស់​ទេ តែ​ Caylee ​ថា​ថ្ងៃ​ក្រោយ​​បើ​មាន​ឱកាស​ផលិត​រឿង​នៅ​កម្ពុជា នឹង​មក​រស់​នៅ​កម្ពុជា​ខ្លះ និង​នៅ​អាមេរិក​ខ្លះ។ ​នាង​បាន​មក​កម្ពុជា​​តាំង​ពី​ថ្ងៃ​ទី​២៣​ធ្នូ​ម៉្លេះ​និង​បាន​​ទៅ​កាន់​​​កន្លែង​ទេសចរណ៍​ល្បី​ ពិសេស​ខេត្ត​សៀម​រាប​ មុន​ពេល​ចេញ​អាមេរិក​វិញ​នៅ​​ដើម​សប្ដាហ៍​ក្រោយ។ Caylee ក៏​កំពុង​គ្រោង​ថត​រឿង​ថ្មី​ ដែល​​ផ្សព្វផ្សាយ​ពី​របាំ​អប្សរា​ខ្មែរ​ គឺ​រឿង Invisible Dance៕

 

ព្រឹក​ព្រលឹម​​​ស្រស់​ស្រាយ​​ជាមួយ​​​​​ «​សុបិន​​ស្នេហ៍​​​» ស្នាដៃ​​​កូន​​ខ្មែរ​​អាមេរិក Laura Mam ​​

Laura ​​​ចាប់​ដៃ​ Brown និង​Gong Cha​ ​បរិច្ចាគ​ថវិកា​​ពី​​ការ​លក់​CD Album​ «ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​» ​​​​ទាំង​អស់​​​​ទៅ​​​​​គន្ធបុប្ផា

 

 

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​