នឹក​ឃើញ​ English Book 1​ អ្នក​ខ្លះ​ចង់​ស្រក់​ទឹក​ភ្នែក!

  • 2014-10-01 23:26:05
  • ចំនួនមតិ 7 | ចំនួនចែករំលែក 75

ចន្លោះមិនឃើញ

អ្នក​រៀន​ភាសា​អង់គ្លេស​បច្ចុប្បន្ន​ប្រហែល​ជា​មិន​ធ្លាប់​ស្គាល់​ទេ​ សៀវភៅ​​អង់គ្លេស​ Essential English Book 1​ ប៉ុន្តែ​សៀវភៅ​នេះ​គឺ​ពេញ​និយម​ណាស់​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​៩០​ និង​ដើម​ឆ្នាំ​២០០០​ មុន​នឹង​មាន​សៀវភៅ​ភាសា​អង់គ្លេស​ផ្សេង​ទៀត​ចាប់​ផ្ដើម​វាយ​លុក​ចូល​ក្នុង​ ស្រុក​ខ្មែរ។

 

ពេល​រំឭក​ពី​សៀវភៅ​ Essential English Book 1​ អ្នក​ខ្លះ​ថា​ សឹង​ស្រក់​ទឹក​ភ្នែក​ ពី​ព្រោះ​សៀវភៅ​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​ភាសា​ឲ្យ​គេ​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​គេ​បាន​ស្គាល់​មនុស្ស​មក​ពី​ភូមិ​ស្រុក​ផ្សេង​ៗ​ មក​រៀន​ជាមួយ​​គ្នា​​ទៀត​​ផង។ អី​គេ​ សៀវភៅ​នេះ​​ធ្វើ​ឲ្យ​រំជួល​ចិត្ត​​​ដល់​ម្ល៉ឹង​ផង! តើ​​មាន​អ្វី​​អស្ចារ្យ​​ទៅ?

 

សៅ ​ ប៉ូរ៉ា​ អាយុ​៣២​ឆ្នាំ​ គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​បាត់ដំបង​ បាន​រៀន​ភាសា​អង់គ្លេស​ជាមួយ​នឹង​គ្រូ​មក​ពី​ជំរំ​ជាយ​ដែន​ ​​ដោយ​ប្រើប្រាស់​សៀវភៅ​ Essential English ​Book 1​នេះ។

 

ប៉ូរ៉ា​រៀប​ រាប់​ថា៖ “សៀវភៅ​Essential English ​នេះ​ជា​អ្នក​ផ្ដល់​កំណើត​ភាសា​អង់គ្លេសឲ្យ​​ខ្ញុំ។ យើង​រៀន​ដោយ​​ចាប់​ផ្ដើម​ពី ​A,B,C​​ទៅ​ ជា​មូលដ្ឋានគ្រឹះ​ដំបូង​ ជា​ពិសេស​គឺ​ការ​រៀន​ប្រកប​ Phonetic Symbol​ ​របស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​ប្រៀប​ធៀប​នឹង​​សៀវភៅ​ភាសា​​អង់គ្លេស​ថ្មី​ៗ​ និង​​ទំនើប​ៗ​ចេញ​ក្រោយ​ៗ​នេះ​ សៀវភៅ​​Essential English ​Book 1​​ គឺ​តម្រូវ​តាម​របៀប​នៃ​​ការ​រៀន​សូត្រ​របស់​យើង​ជាង​ ព្រោះ​ទន្លាប់​របស់​ខ្មែរ​ចង់​ចេះ​ ក.ខ​ ដល់​ចប់​ និង​​អាន​ឲ្យ​ចំ​ជាមួយ​សិន​​ មុន​នឹង​ឆ្ពោះ​ទៅ​រក​រៀន​បង្កើត​ប្រយោគ”។

 

ចំណែក ​ ម៉ុន​ ម៉េត​ អាយុ​៣០​ឆ្នាំ​ អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប​ និយាយ​ថា​ ពេល​ខ្លួន​មាន​អាយុ​១៤​ឆ្នាំ​ ខ្លួន​តែង​ជិះ​កង់​កាន់​សៀវភៅ​ Essential English ​Book 1​ ​នេះ​ទៅ​រៀន​ភាសា​អង់គ្លេស​រៀង​រាល់​ពេល​ល្ងាច​ជាមួយ​នឹង​យុវជន​ផ្សេង​ទៀត។

 

ម៉េត ​បញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​សៀវភៅ​នេះ​ថា៖ “Essential English ​Book 1 ​ស្រួល​រៀន​ ពី​ព្រោះ​មាន​ដំណាក់​កាល​របស់​វា។ ក្នុង​សៀវភៅ​នេះ​ ក៏​មាន​សកម្ម​ភាព​ផ្សេង​ៗ​ជា​ច្រើន​ដែរ​ ដូច​ជា​សន្ទនា​ សរសេរ​តាម​អាន​ អាន​រឿង​គ្មាន​ស្ដេច​ និង​រឿង​កំប្លែង។ ពេល​យើង​រៀន​ចប់​Book 1 ហើយ​បន្ត​ទៅ​Book 2​​ទៀត​ នឹង​មាន​រឿង​​កាន់​តែ​សម្បូរ​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ត្រឹម​តែ​ចេះ​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​វប្បធម៌​អង់គ្លេស​ក៏​ដឹង​ខ្លះ​ដែរ។ នៅ​ក្នុង​សៀវភៅ​ហ្នឹង​ គឺ​មាន​តួ​អង្គ​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ផ្សេង​ៗ​ ហើយ​តួ​អង្គ​ដែល​ខ្ញុំ​ចង​ចាំ​ជាង​គេ​ គឺ​ Hob​ ពី​ព្រោះ​គាត់​ជា​មនុស្ស​កំប្លែង​ម្នាក់”។

 

រីឯ​យ៉ុន នឿន​ អាយុ​៣១​ឆ្នាំ​ មន្ត្រី​ឥណទាន​ធនាគារ​កម្ពុជា​អាស៊ី​ ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​ដំបូង​ជាមួយ​នឹង​សៀវភៅ​ Essential English Book 1 ​ក្នុង​ឆ្នាំ​២០០០​ ប៉ុន្តែ​ក្រោយ​ពី​ចប់​សៀវភៅ​នេះ​ លោក​មិន​បាន​រៀន​Book 2​​បន្ត​ទេ។ លោក​នៅ​តែង​ចង់​រៀន​បន្ត​សៀវភៅ​​ Book 2, Book 3 និង​ Book 4​ទៀត​ បើ​ទោះ​បី​មាន​សៀវភៅ​អង់គ្លេស​ល្អ​ៗ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​ទៅ​ហើយ​ ក្ដី។

 

នឿន​បញ្ជាក់​ពី​ការ​យល់​ឃើញ​របស់​គាត់​ចំពោះ​សៀវភៅ​នេះ​​ថា៖ “​អ្វី​ដែល​ខ្ញុំ​នៅ​ចាំ​បាន​ពី​សៀវភៅ​នេះ​ គឺ​វេយ្យាករណ៍​របស់​វា​​ល្អ​ណាស់​ ដូច​ជា​​បង្ហាញ​យ៉ាង​លម្អិត​អំពី​ការ​បង្កើត​ប្រយោគ​ទាំង​បី​ គឺ​ប្រយោគ​ស្រប​ ប្រយោគ​បដិសេធ​ និង​ប្រយោគ​សំនួរ”។

 

ដោយ​ឡែក​ អ្នក​ស្រី​ ផិន​ ផល្លា​ អាយុ​២៩​ឆ្នាំ ​ស្ត្រី​មេផ្ទះ​មួយ​រូប​រស់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​បច្ចុប្បន្ន​ និយាយ​ថា​ ខ្លួន​នឹក​ឃើញ​សៀវភៅ​នេះ​ពេល​ណា​ គឺ​សឹង​ស្រក់​ទឹក​ភ្នែក​ ពី​ព្រោះ​អំឡុង​ពេល​ដែល​អ្នក​ស្រី​រៀន​ភាសា​អង់គ្លេស​ ជាមួយ​សៀវភៅ​នេះ​ គឺ​នៅ​​ឆ្នាំ​១៩៩៨។ ដោយសារ​ពុំ​សូវ​សម្បូរ​កន្លែង​រៀន​ភាសា​អង់គ្លេស​ប៉ុន្មាន មនុស្ស​ម្នា​មក​ពី​ឃុំ​ស្រុក​ផ្សេង​ៗ​បុង​ទៅ​រៀន​ជុំ​គ្នា​នៅ​ទី​រួម​ខេត្ត​ បាត់ដំបង​ ដែល​ពេល​នោះ​​បាន​បង្កើត​នូវ​អនុស្សាវរីយ៍​ រហូត​ដល់​លួច​ស្រឡាញ់​គ្នា​ទៀត​​ផង។

 

ផល្លា​និយាយ​ថា៖ “ថ្វីត្បិត​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ផ្ដើម​ចេញ​ពី​សៀវភៅ​នេះ​ ប៉ុន្តែ​សៀវ​នេះ​ក៏​ផ្ដល់​គុណ​វិបត្តិ​ច្រើន​ដែរ។ ភាសា​អង់គ្លេស​បង្រៀន​នៅ​ក្នុង​សៀវភៅ​នេះ​ គឺ​ហួស​សម័យ​​ខ្លះ​ៗ​ទៅ​ហើយ។ គេ​មិន​ដែល​ប្រើ​ Have you a pen? ទៀត​ទេ​ គេ​ប្រាកដ​ជា​ប្រើ​ Do you have a pen? ហើយ​ បច្ចុប្បន្ន​នេះ។ តែ​ទោះ​បី​យ់ាង​ណា​ ខ្ញុំ​នឹក​អនុស្សាវរីយ៍​ដែល​កន្លង​ផុត​​ទៅ!​”។

 

ចុះ​មាន​មិត្ត​អ្នក​អាន​ណា​ខ្លះ​ បាន​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​ជាមួយ​នឹង​សៀវភៅ​ Essential English Book​ ​នេះ​ទេ?

 

-ចង់​ដឹង​ថា​ “លោក​​ ជ័យ​ ថាវី ​ គ្រូ​បង្រៀន​គួរ​​ល្បី​ឈ្មោះ​​​ប្រចាំ​នៅ​កម្ពុជា ​ជា​នរណា?” ​ចុច​ត្រង់​នេះ

 

អត្ថបទ៖ មាស រ័ត្ន​