ឃីម ឌីម៉ា ប្រាប់​ហេតុ​ផលពី​ការ​​​ចាញ់​ប៉ុន្មាន​ប្រកួត​​​ចុង​ក្រោយ

  • 2015-01-13 13:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​នាគ​ខ្មៅ ឃីម ឌីម៉ា​ បាន​រៀប​រាប់​ហេតុ​ផល​ខ្លះ​ៗ​ដែល​បណ្ដាល​ឲ្យ​រូប​គេ​ចាញ់​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ដែល​ការ​ប្រាប់​ឲ្យ​ដឹង​នេះ បន្ទាប់​ពី​​រូប​គេ​បាន​ចាញ់​កីឡាករ​ថៃ​ Kaitongs កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​សង្វៀន​បាយ័ន។

 

និយាយ​ពី​បរាជ័យ​ចុង​ក្រោយ​បំផុត​នេះ ​ ឃីម ឌីម៉ា​បាន​ប្រាប់​ថា​ Kaitongs Wirachai ពិត​ជា​កីឡាករ​ដែល​ពិបាក​យក​ឈ្នះ​មែន ពី​ព្រោះ​គេ​មាន​សមត្ថភាព​ប្រកួត​ខ្ពស់ និង​បទ​ពិសោធន៍​ច្រើន។ ទោះ​ជា​យ៉ាង​ណា​រូប​គេ​មិន​អស់​ចិត្ត​ឡើយ​សម្រាប់​ការ​បរាជ័យ​នេះ ដូច្នេះ​បើ​មាន​​ឱកាស​រូប​គេ​នឹង​សង​សឹក​ឲ្យ​ទាល់​តែ​បាន។   ឃីម ឌីម៉ា​ បាន​ប្រាប់​ ៖«​ចាញ់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយនេះ​ ​មិន​មែន​ដោយ​សា​រូប​ខ្ញុំ​ចង់​​ឲ្យ​ចាញ់​នោះ​ទេ​ តែ​អាច​មក​ពី​ខ្ញុំ​ហ្វឹក​ហាត់​មិន​បាន​ល្អ។ ដឹង​ស្រាប់​ហើយ ខ្ញុំ​ជាប់​ហ្វឹកហាត់​ប៉ូលិស អីចឹង​ខ្ញុំ​អត់​សូវ​បាន​ហ្វឹកហាត់​ដិត​ដល់​ទេ»។

ឃីម ឌីម៉ា (ខោ​ខ្មៅ)​ប្រកួត​នឹង​កីឡាករ​ម៉ាឡេស៊ី​(ខោ​ក្រហម)​

 

ទោះ​បី​ជា​យ៉ាង​ណា​ ឌីម៉ា​បាន​បញ្ជាក់​ថា រូប​គេ​នឹង​ខំ​ប្រឹង​ហ្វឹកហាត់​​ និង​ស្តារ​មុខ​មាត់​ឡើង​វិញ បន្ទាប់​ពី​ការ​ហ្វឹកហាត់​ប៉ូលិស​បញ្ចប់​នៅ​ខែ ឧសភា​ ឆ្នាំ​២០១៥​ខាង​មុខ។   កាល​ពី​ឆ្នាំ​២០១៤​កីឡាករ​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ជើង​ឯក​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​នៅ​សង្វៀន​ស៊ីធីអិន ប៉ុន្តែ​បែរ​ជា​ចាញ់​កីឡាករ​ស្រករ​ក្រោយ កន ចន្ថា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែល​ទី​បំផុត​រូប​គេ​បាន​ត្រឹម​​ចំណាត់​ថ្នាក់​លេខ​៣។   បន្ទាប់​មក​កីឡាករ​រូប​នេះ​បាន​ចាញ់​កីឡាករ​មក​ពី​ប្រទេស​ឡាវ​ក្នុង​ព្រឹត្តិការណ៍​​ប្រដាល់​អន្តរជាតិ​អាស៊ាន​វគ្គ​៣​របស់​សង្វៀន​ស៊ីធីអិន​ដែល​បាន​ក្លាយ​ជា​អ្នក​ចាញ់​ម្នាក់​គត់​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៥​រូប មុន​ពេល​ចាញ់​កីឡាករ​ថៃ​នៅ​សង្វៀន​បាយ័ន​ចុង​ក្រោយ​នេះ៕ ​​​​​​​​​​ អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា ​​​​​​

អត្ថបទពេញនិយម