Nani ជឿជាក់​ថា​​នៅ​មាន​អនាគត​ជាមួយ​ Man Utd

  • 2015-01-26 16:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ Nani ​ជឿជាក់​ថា រូបគេ​នៅ​​មាន​អនាគត​ជាមួយ​ក្រុម​ Manchester United ទៀត ទោះ​បី​ជា​កំពុង​ស្ថិត​ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​លេង​ឲ្យ​ក្រុម​ Sporting Lisbon ​ពេញ​មួយ​រដូវ​កាល​នេះ​​ក៏​ដោយ។

 

 

​ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ត្រូវ​បាន​លោក Louis van Gaal ​យក​ធ្វើ​ជា​ថ្នូរ​មួយ​ ក្នុង​ការ​ផ្ទេរ​យក​​ខ្សែ​ការពារ​ Marcos Rojo ​មក​កាន់​ក្រុម​បិសាច​ក្រហម​​ កាលពី​ដើម​រដូវ​កាល ប៉ុន្តែ​រូប​គេ​នៅ​ជាប់​កិច្ច​សន្យា​ជាង​៣ឆ្នាំ​ទៀត​នៅ​​ Old Trafford។

 

​Nani បាន​ប្រាប់​ដល់​កាសែត Manchester Evening ថា៖ «ក្លិប​យល់​ពី​តម្លៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​ពួកគេ​ចង់​ឲ្យ​ខ្ញុំ​នៅ​បន្ត។ វា​ជា​​ជម្រើស​របស់​ខ្ញុំ​ទេ ដែល​ត្រូវ​ចាក​ចេញ​ពី​ក្លិប ហើយ​វា​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​នៅ​បន្ត​ក្នុង​កីឡដ្ឋាន Old Trafford មួយ​រដូវ​កាល​ទៀត នោះ​វា​ពិត​ជា​លំបាក​សម្រាប់​ខ្ញុំ»។

 

កីឡាករ​​វ័យ​២៨ឆ្នាំ​រូប​នេះ​​ ​បាន​បន្ត​ថា៖ «ខ្ញុំ​គ្រាន់​តែ​ត្រូវ​ការ​អ្នក​ដែល​ជឿជាក់​លើ​ខ្ញុំ និង​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្ញុំ និង​ផ្ដល់​ឱកាស​សម្រាប់​ខ្ញុំ ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន។ ខ្ញុំ​ពិត​ជា​សោក​ស្ដាយ ព្រោះ​តែ​២រដូវ​កាល​មុន ជាមួយ​ក្រុម Manchester United ​ខ្ញុំ​មាន​បញ្ហា​របួស​រ៉ាំរ៉ៃ​ជា​ច្រើន។ នេះ​ជា​ឱកាស​ដ៏​រីករាយ​មួយ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​តែង​តែ​នឹក​គ្រួសារ នឹក​មិត្តភ័ក្ដិ និង​​ចង់​បាន​អ្វី​ថ្មី​ខ្លះៗ។ ប៉ុន្តែ​ខ្ញុំ​នៅ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​មាន​អនាគត​បន្ត​ទៀត​ជាមួយ Man Utd»។

 

 

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​ Nani អាច​មាន​ឱកាស​ពាក់​ឈុត​ក្រុម​បិសាច​ក្រហម​ទៀត​ដែរ​ឬ​ទេ​​នា​រដូវ​កាល​ក្រោយ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត

ប្រភព៖ Daily Mail

អត្ថបទថ្មី