ក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ ​គាំទ្រ​ប្រលោមលោក Sabay ១០០​ភាគរយ

  • 2015-01-29 22:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ បាន​ប្រគល់​លិខិត​គាំទ្រ និង លើក​ទឹកចិត្ត​ដល់​ប្រលោមលោក Sabay ដែល​មាន​ស្នាដៃ​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អក្សរសាស្ត្រ និង​អក្សរសិល្ប៍​ជាតិ ជា​ពិសេស ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​លើក​កម្ពស់​សីលធម៌ គុណធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ​ប្រពៃ​របស់​ជាតិ​។

 

 

ឯកឧត្ដម ហាប់ ទូច អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ (រូបខាងឆ្វេង)

 

"ក្រសួង​​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន Sabay ទាំង​ស្រុង​ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​ប្រលោមលោក​អនឡាញ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ខ្មែរ និង​ជំរុញ​ទម្លាប់​នៃ​ការ​អាន​ និង​ការ​សរសេរ​របស់​យុវជន​សម័យ​ថ្មី"។ ឯកឧត្ដម ហាប់ ទូច អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​ប្រគល់​លិខិត​គាំទ្រ​ប្រលោមលោក Sabay។

 

ឯកឧត្ដម​បាន​បន្ថែម​ថា Sabay កំពុង​ធ្វើ​ការ​ងារ​ល្អ​ទាក់ទង​នឹង​វប្បធម៌​នៃ​ការ​អាន ខណៈ​ដែល​ទម្លាប់​នៃ​ការ​អាន​របស់​យុវវ័យ​ខ្មែរ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត។

 

 

ប្រលោមលោក Sabay ​ជា​ប្រលោមលោក​បែប​ទំនើប​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​នៃ​ជីវិត​រស់នៅ​របស់​យុវវ័យ​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន។ អ្នក​លេង​អ៊ីនធឺណិត​ទាំង​អស់​អាច​ចូល​អាន​រឿង​ប្រលោមលោក Sabay គ្រប់​ប្រភេទ​លើ​គេហទំព័រ Sabay.com ដោយ​ឥត​គិត​ថ្លៃ។

 

ក្នុង​រយៈ​ពេល​ ២ឆ្នាំ​មក​នេះ Sabay ​បាន​ចេញ​ផ្សាយ​ប្រលោមលោក​​ខ្នាត​​ខ្លី និង ខ្នាត​​វែង​ចំនួន ៨៤រឿង ដែល​មាន​ចំនួន​អ្នក​អាន​​មិន​ក្រោម ១ម៉ឺន​នាក់​ឡើយ​ក្នុងមួយ​រឿង៕

 

ចុច​ត្រង់​នេះ​ដើម្បី​អាន​ប្រលោមលោក Sabay គ្រប់​ប្រភេទ...

 

 

អត្ថបទ៖ សរ សុគន្ធី