ពិត​ជា​មិន​ធម្មតា លោក​គ្រូ​ប្រដាល់​គុន​ខ្មែរ​ជិះ​រថយន្ត​ទំនើប Lexus

  • 2015-01-30 22:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ករណី​ដ៏​កម្រ​ដែល​មាន​គ្រូ​បង្ហាត់​ប្រដាល់​មាន​រថយន្ត​ទំនើប​ជិះ ខណៈ​គ្រូ​ប្រដាល់​ភាគ​ច្រើន​បំផុត​ពុំ​មាន​ជីវភាព​ធូរធារ។ លោក​តា​ ញ៉ូវ ម៉ាក់ ជា​គ្រូ​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​នៅ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​មាន​ជីវភាព​ធូរធារ​សមរម្យ និង​មាន​ទាំង​រថយន្ត​ទំនើប​ម៉ាក Lexus RX 300 មួយ​គ្រឿង​ទៀត​ផង។

 

រថយន្ត​ម៉ាក Lexus របស់​លោក​គ្រូ​ ញ៉ូវ ម៉ាក់ ចត​នៅ​ក្នុងបរិវេណ​ផ្ទះ​របស់​លោក

 

លោក​គ្រូ​ធំ ញ៉ូវ ម៉ាក់ បាន​ប្រាប់​ថា លោក​មិន​ដែល​យក​ប្រាក់​ពី​កូន​សិស្ស​ពេល​ឡើង​ប្រកួត​ឡើយ​ សូម្បី​សិស្ស​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន និង​យក​មក​ជូន​លោក​ខ្លះ ក៏​លោក​មិន​ទទួល​ដែរ។ ផ្ទុយ​ទៅ​វិញ​លោក​ថែម​ទាំង​ផ្តល់​ប្រាក់​ផ្ទាល់​ខ្លួន​ដល់​កូន​សិស្ស​ដែល​ឡើង​ប្រកួត​​ប្រកប​ដោយ​បច្ចេកទេស​ត្រឹម​ត្រូវ​ទៀត។ លោក​ប្រាប់​ថា ៖«ខ្ញុំ​ស្អប់​ណាស់​រឿង​យក​ប្រាក់​ពី​សិស្ស សម្រាប់​ខ្ញុំ​ដាច់​ខាត​មិន​ឲ្យ​កើត​មាន​ទេ។ ពេល​សិស្ស​ចេញ​ទៅ​ថ្លឹង​គីឡូ​ម្តង​ៗ​ ខ្ញុំ​ឲ្យ​លុយ​ទៅ​ហូប​បាយ​ពេល​ព្រឹក​គ្រប់​គ្នា»។

 

 

ចុច​អាន៖ ពី​ក្រោយ​ភាព​ខ្លាំង​របស់​ ផល សោភ័ណ្ឌ ជា​​គ្រូ​ប្រដាល់​ចិត្ត​ធម៌​កម្រ​មាន

ចំណែក​លោក​ស្រី ពាង សុខាន់ ភរិយា​របស់​លោក​គ្រូ​បាន​ឲ្យ​ដឹង​ថា ជីវភាព​ធូរធារ​សម​រម្យ​​របស់​គ្រួសារ​លោក​ស្រី​មិន​មែន​ដោយ​សារ​ធ្វើ​គ្រូ​បង្ហាត់​ប្រដាល់​នោះ​ទេ​គឺ​ដោយ​សារ​លោក​គ្រូ​ចេះ​មើល​ជំងឺ​(គ្រូ​ទស្សន៍ទាយ) និង​បាន​លុយ​មួយ​ចំនួន​ពី​ការ​លក់​ដី​តិចតួច។

 

លោក​គ្រូ ញ៉ូវ ម៉ាក់

 

លោក​ស្រី​និយាយ​ថា ៖«ការ​បង្កើត​ក្លិប​ប្រដាល់​ជា​ការ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក​គ្រូ ហើយ​​គ្រួសារ​​​​ខ្ញុំ​​ពឹង​​​ផ្អែក​​លើ​​ការងារ​ផ្សេង​ តែ​​លោក​គ្រូ​ស្រលាញ់ និង​ចង់​អភិរក្ស​ បណ្តុះបណ្តាល​កីឡា​​ប្រដាល់​បុរាណ​ខ្មែរ​ដល់​ក្មេង​ជុំ​នាន់​ក្រោយ​ទើប​​គាត់​អត់​ចោល»។

 

លោក​គ្រូ ញ៉ូវ ម៉ាក់​បាន​បង្កើត​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​តាំង​ពី​ឆ្នាំ​១៩៧៩។ ក្រៅ​ពី​ជា​គ្រូ​បង្ហាត់​ប្រដាល់ និង​គ្រូ​មើល​ជំងឺ លោក​គ្រូ​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ដង្កោ និង​ជា​ប្រធាន​ក្រុម​ការងារ​កសាង​​អនុវិទ្យាល័យ​ទូល​អំពិល ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា