"កូន​មាស​ម្ដាយ" តាំង​ចិត្ត​មោះមុត

  • 2015-01-30 21:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និរទេស​ជន ខៀវ កុសល កំពុង​ស្វែង​រក​ត្រឡប់​ទៅ​ផ្ទះ​វិញ ជួប​ម្ដាយ និង​សាច់​ញាតិ​ផ្សេង​ទៀត តាម​រយៈ​ធ្វើ​រឿង "កូន​មាស​ម្ដាយ" ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក។ និពន្ធ​ខ្លួន​ឯង ដើរ​តួ​ខ្លួន​ឯង និយាយ​ពី​ជីវិត​ពិត​របស់​ខ្លួន លោក កុសល ថា បើ​ទោះ​មិន​សង្ឃឹម​ថា​របាំង​ដ៏​ក្រាស់ (បម្រាម​របស់​អាមេរិក) នឹង​ដួល​រលំ​ឆាប់​ តែ​លោក​មិន​រា​ថយ​ឡើយ។

 

 

“ខ្ញុំ​មិន​ទាន់​ដឹង​ថា​ម៉េច​ទេ ប៉ុន្តែ​បញ្ចាំង​ចប់​ទី​នេះ​ហើយ យើង​អត់​ឈប់​ទេ យើង​នឹង​បញ្ចាំង​នៅ​ប្រទេស​នានា​ទៀត យើង​អត់​ឈប់​ទេ ខ្ញុំ​ដឹង​ថា​ទ្វារ​នេះ(ច្បាប់​និរទេស​របស់​អាមេរិក)​ក្រាស់​ណាស់ ធាក់​មិន​ងាយ​ដួល មិន​ងាយ​បែក​ទេ តែ​ខ្ញុំ​នៅ​តែ​ពុះពារ​ទៀត នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ"។

 

ជន​ដែល​បែក​ម្ដាយ​ក្រោយ​ការ​និរទេស​នេះ មិន​បង្ហើប​ថា​លោក​នឹង​ធ្វើ​អ្វី​ទៀត​ឡើយ ប្រសិន​កិច្ច​ការ​ទី​១​ដែល​បាន​ធ្វើ​តាម​រយៈ​រឿង "កូន​មាស​ម្ដាយ" ឬ "Cambodian Son” នេះ​មិន​ទទួល​ជោគជ័យ ពោល​គឺ​អាមេរិក​នៅ​តែ​មិន​ដក​ចេញ​ច្បាប់​និរទេស​លោក​នេះ។ ប៉ុន្តែ​អ្វី​ដែល​ចិញ្ចឹម​ក្ដី​សង្ឃឹម​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា "ចង់​ស្វែង​រក​សុបិន​មួយ បើ​យើង​មាន​ការ​តាំង​ចិត្ត ទ្វារ​នឹង​បើក​បន្តិច​ម្ដងៗ"។

 

ភាពយន្ត​ឯកសារ​ជីវិត​ពិត "កូន​មាស​ម្ដាយ" ឬ "Cambodian Son” នឹង​ចាក់​បញ្ចាំង​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ បន្ទាប់​ពី​ធ្វើ​ពិធី​ជប់​លៀង Gala Premiere យ៉ាង​អធិកអធម​កាល​ពី​យប់​មិញ។

 

http://youtu.be/0QVrwQaBWlw

 

 វីដេអូ៖ SEM

 

កញ្ញា សាន ដានិច ជា​បុគ្គល​ម្នាក់​ស្ថិត​ក្នុង​វិស័យ​ភាពយន្ត​ថ្លែង​ថា គ្រាន់​តែ​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ខិត្តប័ណ្ណ កញ្ញា​ចាប់​អារម្មណ៍​ទៅ​ហើយ។ នោះ​ជា​ហេតុផល​ដែល​កញ្ញា​ប្រាកដ​ខ្លួន​កាល​ពី​យប់​មិញ។ "មិត្តភ័ក្ដិ​ប្រាប់​... និយាយ​ទៅ​គ្រាន់​តែ​ព័ត៌មាន​ផ្សេង​ៗ​ហ្នឹង ខ្ញុំ​ចាប់​អារម្មណ៍​បាត់​ទៅ​ហើយ អីចឹង​ទើប​ខ្ញុំ​មក​មើល​ចង់​ដឹង​ខ្លះ​ពី​ជីវិត​ពួក​គាត់​ជា​និរទេស​ជន​ហ្នឹង គាត់​ជួប​ការ​លំបាក​អ្វី​ខ្លះ ហើយ​តើ​គាត់​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ"។

 

ស្ពាយ​កាតាប​ធំ​មួយ ដើរ​ចេញ​ពី​រោង​កុន លោក វង្ស សុភ័ក្ដ្រ ជា​អ្នក​ថត​រូប ប្រាប់​ថា "កូន​មាស​ម្ដាយ" គឺ​ជា​ភាពយន្ត​ប្រភេទ​អប់រំ​ដ៏​ល្អ​មើល​មួយ សំខាន់​នោះ គឺ​លោក​បាន​យល់​មួយ​ផ្នែក​ពី​ជីវិត​និរទេស​ជន​ដែល​លោក​មិន​ដែល​ដឹង​ថា ពួក​គេ​ទាំង​នោះ​មាន​ក្នុង​ប្រទេស​កម្ពុជា​យើង​សោះ។ លោក ថា​រឿង "កូន​មាស​ម្ដាយ" មាន​សារ​លើក​ទឹក​ចិត្ត​ច្រើន កុំ​ចុះ​ចាញ់​នឹង​ឧបសគ្គ គឺ​ដូច​ហ្នឹង​លោក កុសល​កំពុង​ពុះពារ​រក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

អត្ថបទ៖ សំដី​ពិតគួរ​ឲ្យ​អាសូរ ពី​តួឯក “កូន​មាស​ម្ដាយ” ឬ “Cambodian Son”!

 

យ៉ាង​ណា​បញ្ហា​នេះ​លោក​ថា បើ​និយាយ​អារម្មណ៍ គឺ​ថា​លោក កុសល គួរ​តែ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ទៅ​វិញ។ "បើ​អារម្មណ៍ គឺ​គួរ​តែ​ឲ្យ​គាត់​ទៅ​ហើយ តែ​បើ​អាច​ចៀស​វាង​បាន កុំ​ឲ្យ​មាន​ទោស​អស់​ហ្នឹង ព្រោះ​មនុស្ស​បើ​មាន​ទោស​ហើយ ច្បាប់​គឺ​ច្បាប់​ហើយ!”។

 

កុំ​ភ្លេច...“កូន​មាស​ម្ដាយ” ឬ “Cambodian Son” នឹង​ចាក់​បញ្ចាំង​ផ្លូវ​ការ​​តាម​បណ្ដា​រោងភាពយន្ត​នានា​ចាប់​ពី​ថ្ងៃ​នេះ​ហើយ...!!!

 

 លោក ខៀវ កុសល និង​លោក ឪពុក

 

 

 

 

 

អត្ថបទ៖ ទារិកា