ហាត់​ខ្លាំង​ប៉ុណ្ណឹង ផល សោភ័ណ្ឌ​ អាច​ផ្តួល​ដៃ​គូ​អាទិត្យ​នេះ​បាន​ទេ?

  • 2015-01-30 23:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព ផល សោភ័ណ្ឌ​ កំពុង​ខិត​ខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ឆ្លង​ដែន​ថៃ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​នេះ។

 

​ ផល សោភ័ណ្ឌ​បាន​ប្រាប់​ថា រូប​គេ​មិន​បាន​ដឹង​ពី​សមត្ថភាព​របស់​គូ​ប្រកួត​នា​ថ្ងៃ​អាទិត្យ​នេះ​ឡើយ សូម្បី​ស្ថិតិ​នៃ​ការ​ប្រកួត​របស់​គេ​ក៏​អត់​ដឹង​ដែរ ប៉ុន្តែ​នៅ​តែ​បង្កើន​ការ​ហ្វឹកហាត់​ខ្លាំង​ទេ្វ​ដង​ដើម្បី​ត្រៀម​ប្រកួត។

 

«ខ្ញុំ​មាន​សង្ឃឹម​ច្រើន​សម្រាប់​ការ​ប្រកួត​នេះ ព្រោះ​ខ្ញុំ​ហ្វឹកហាត់​បាន​ដិត​ដល់។ ខ្ញុំ​អត់​​គិត​ថា ត្រូវ​ប្រើ​ស្នៀត​មួយ​មួយ​ណា​ផ្តួល​គេ​​ទេ ឲ្យ​តែ​មាន​ឱកាស​ ខ្ញុំ​ផ្តួល​ហើយ​ មិន​ថា​កែង កណ្តាប់​ដៃ ឬ​ជង្គង់​ទេ។ ខ្ញុំ​ហាត់​ពី​ម៉ោង​៥​ដល់​ម៉ោង​៨​ព្រឹក និង​ពេល​រសៀល​ពី​ម៉ោង​៣​ដល់​៥​ល្ងាច»។ ផល សោភ័ណ្ឌ​បាន​ប្រាប់។

 

កីឡាករ ផល សោភ័ណ្ឌ

អតីត​កីឡាករ​ប្រដាល់​សាកល​ជម្រើស​ជាតិ​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​ការ​ហ្វឹកហាត់ អាហារ​ក៏​ជា​កត្តា​សំខាន់​សម្រាប់​កីឡាករ​ម្នាក់​ៗ។ ដោយ​សារ​ជីវភាព​គ្រួសារ​របស់​គេ​សមរម្យ រូប​គេ​មាន​មិន​សូវ​អាហារ​បំប៉ន​​សម្រាប់​ការ​ហ្វឹកហាត់។

 

កីឡាករ​ដែល​ទើប​រៀប​ការ​ជា​មួយ​ភរិយា​ជា​អាជីវករ​នៅ​ផ្សារ​បន្ទាយ​ស្រី​បាន​ប្រាប់​ថា ៖«ឪពុក​ម៉ែ​ខ្ញុំ​បាន​ត្រៀម​​អាហារ​បំប៉ន​ឲ្យ​ខ្ញុំ​រាល់​ថ្ងៃ​ដូច​ជា ​សាច់​គោ សាច់​ជ្រូក​ ស៊ុប ពង់​ទា​កូន និង​ភេសជ្ជៈ​ជា​ដើម។ បើ​​ហ្វឹកហាត់​ខ្លាំង ហើយ​ខ្វះ​អាហារូបត្ថម្ភ អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ អីចឹង​ត្រូវ​មាន​អាហារ​គ្រប់​គ្រាន់»។ ​

 

ចំណែក​គ្រូ​បង្វឹក​លោក​តា ញ៉ូវ ម៉ាក់​បាន​ផ្តល់​គំនិត​ថា ជំហាន​ដំបូង​ក្នុង​ទឹក​ទី​មួយ​ត្រូវ​ធ្វើ​តេស្ត​ជើង​ក្រោម បើ​គេ​ចូល​វាយ​ត្រង់ សោភ័ណ្ឌ​ត្រូវ​គេច​ចេញ​ ហើយ​វាយ​បក​តាម​បច្ចេកទេស។ បើ​គេ​សម្រុក​បុក​ខ្លាំង ​សោភ័ណ្ឌ​ត្រូវ​ព្យាយាម​ចូល​អោប ហើយ​រុញ​ទៅ​ដល់​ខ្សែ​សង្វៀន​ដើម្បី​ឲ្យ​អាជ្ញា​កណ្តាល​ជួយ​បំបែក។

 

តាំង​ពី​ឆ្នាំ​២០១៤​រហូត​ដល់​ពេល ផល សោភ័ណ្ឌ​មិន​ទាន់​ស្គាល់​ថា​ចាញ់​ឡើយ​ពេល​ប្រកួត​នឹង​កីឡាករ​បរទេស។ ប៉ុន្តែ​ប្រកួត​កន្លង​មក​រូប​គេ​សុទ្ធ​តែ​ផ្តួល​កីឡាករ​បរទេស​ឲ្យ​សន្លប់​ទាំង​អស់៕ វីដេអូ ផល សោភ័ណ្ឌ ហ្វឹកហាត់ http://youtu.be/OxsRtwAG0IE

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម