អគារ​ទី​មួយ​​ស្រុក​ខ្មែរ​ទាក់​ទាញទាំង​​ផលិតករ​ភាពយន្ត​ខ្មែរ​ និង​បរទេស​ មាន​បណ្ណសារ​ផ្ទាល់​​ខ្លួន​

  • 2015-02-18 18:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ ​ដ៏​ចំណាស់​ ប៉ុន្តែ​ទាក់​ទាញ​ផលិតករ​ភាពយន្ត​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ឥឡូវ​នេះ​ចាប់​ផ្ដើម​មាន​បន្ទប់​តម្កល់​ឯកសារ​ដែល​ទាក់​ទង​នឹង​ប្រវត្តិ​ របស់​ខ្លួន​ ឈ្មោះ​ថា​ “បណ្ណសារ​សិល្បៈ​ និង​បណ្ណាល័យ​ប៊ូឌីង“។

  លីម ​ សុខចាន់លីណា​ អ្នក​ចាត់​ចែង​ទូទៅ​នៃ​គម្រោង​សិល្បៈ​ស​-ស​​ ដែល​រៀប​ចំ​ឲ្យ​មាន​ បន្ទប់​តម្កល់​ឯកសារ​នោះ​ ​ធ្លាប់​រៀប​រាប់​ថា​​​៖ “គោល​បំណង​នៃ​ការ​បង្កើត​បណ្ណសារ​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​បាន​ស្វែង​យល់​អំពី​ប្រវត្តិ​នៃ​អគារ​នេះ​ផង​​ និង​ប្រវត្តិ​សិល្បៈ​ខ្មែរ​ដែល​មាន​ឫស​គល់​ចេញ​ពី​អគារ​នេះ​ផង។ យើង​ដឹង​​ហើយ​ថា​មាន​សិល្បករ​សិល្ប​ការិនី​ជា​ច្រើន​បាន​រស់​នៅ​ក្នុង​អគារ​ នេះ​ ហើយ​បច្ចុប្បន្ន​ក៏​នៅ​មាន​អ្នក​សម្ដែង​ល្ខោន​ខ្លះ​ ឬ​អ្នក​រាំ​របាំ​ខ្លះ​ កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​អគារ​នេះ​នៅ​ឡើយ”។

 

 

ក្នុង ​ Apartment​ មួយ​នៅ​ជាន់​ទី​មួយ​ គេ​សង្កេត​ឃើញ​មាន​តម្កល់​កុំព្យូទ័រ​​ រូប​ថត​បិទ​លើ​ជញ្ជាំង​ និង​ឯកសារ​ជា​ច្រើន​ទៀត។ លីណា​ឲ្យ​ដឹង​បន្ថែម​ថា​ ឥឡូវ​នេះ​មាន​ប្រភព​ផ្សេង​ៗ​កំពុង​តែ​បរិច្ចាគ​នូវ​រូប​ថត​ និង​ឯកសារ​ផ្សេង​មក​ឲ្យ​បណ្ណសារ​នេះ​ ដូច្នេះ​លោក​រំ​ពឹង​ថា​ បណ្ណសារ​នេះ​នឹង​មាន​ផ្ទុះ​ទាំង​វីដេអូ​ សំឡេង​ រូបថត​ និង​អត្ថបទ​ផ្សេង​ៗ​ តាំង​ពី​សម័យ​ប្រជាជន​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​​អគារ​នេះ។

 

 

 

អគារ​ ប៊ូឌីង​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ប៉ុន្តែ​បច្ចុប្បន្ន​​ត្រូវ​បាន​ប្រែក​ក្លាយ​ជា​សំណង់​ចាស់​ ដោយសារ​ការ​សម្រុក​ចូល​​មក​រស់​នៅ​របស់​ប្រជាជន​ ដោយ​គ្មាន​ការ​ថែ​ទាំ។ ប៉ុន្តែ​អគារ​នេះ​បែរ​ជា​​ទាក់​ទាញ​​ផលិតករ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ទៅ​ថត​ភាព​យន្ត​ទៅ​វិញ។ ជាក់​ស្ដែង​ លោក​ រិទ្ធី ប៉ាន់​ បាន​ថត​រឿង​ “រាត្រី​មួយ​ក្រោយ​សង្គ្រាម” ​និង​កុន​ឯកសារ​ “ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង”​ ​នៅ​ក្នុង​អគារ​នេះ។ ក្រោយ​មក​ ផលិត​កម្ម​ភាព​យន្ត​អាល្លឺម៉ង់​ក៏​បាន​មក​ថត​រឿង​ “Same Same but Different” នៅ​លើ​អគារ​នេះ​ដែរ។

 

យុវជន​ គង់​ ដារ៉ា​ អតីត​ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​បាន​ឡើង​ទៅ​រៀន​គំនូរ​នៅ​លើ​អគារ​នេះ​ មាន​ការ​ភ្ញាក់​ផ្អើល​ ពី​ព្រោះ​បាន​ជួប​នឹង​តារា​សម្ដែង​ភាព​យន្ត​ស្នាក់​នៅ​លើ​អគារ​ដ៏​ចំណាស់​នេះ។

 

 

 

ដារ៉ា ​​និយាយ​ថា៖ “ដំបូង​ខ្ញុំ​គិត​ថា​ ប្រហែល​ជា​គាត់​គ្មាន​លុយ​គ្រប់​គ្រាន់​ទៅ​ជួល​នៅ​កន្លែង​ផ្សេង​ហើយ​មើល​ទៅ​ ​ តែ​តាម​ពិត​​មិន​មែន​ទេ​ គឺ​ដោយសារ​ទី​នេះ​មាន​ប្រវត្តិ​របស់​វា​ទាក់​ទង​នឹង​សិល្បៈ។ មាន​សិល្បករ​សិល្ប​ការិនី​រស់​នៅ​ទី​នេះ​​តាំង​ពី​ដើម​មក​ ដូច្នេះ​អ្នក​ខ្លះ​មិន​ព្រម​ចាក​ចេញ​ពី​ទី​នេះ​ទេ​ ព្រោះ​​គាត់​គិត​ថា​ បើ​ចេញ​ទៅ​នឹង​បែក​គ្នា​ពី​មិត្តភ័ក្ដិ​សិល្បៈ​ដទៃ​ទៀត”។ ជា សុភាព ​អ្នក​វិភាគ​ឯកសារ​នៃ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា​ ដែល​មាន​បណ្ណសារ​ប្រចាំ​ស្ថាប័ន​របស់​ខ្លួន​ដែរ​ ឲ្យ​ដឹង​ថា​ កន្លង​មក​លោក​ពុំ​ធ្លាប់​បាន​ឮ​ថា​ មាន​អគារ​ដ៏​ចំណាស់​ណា​មាន​បណ្ណសារ​ខ្លួន​ឯង​នោះ​ទេ។

 

  លោក ​ថា​៖ “ការ​មាន​បណ្ណសារ​ប្រចាំ​អគារ​​​​សំខាន់​ ឬ​មិន​សំខាន់​ វា​អាស្រ័យ​ទៅ​លើ​អគារ​នោះ​ដែរ​ ថា​តើ​អគារ​នោះ​សំខាន់​ ឬ​អត់។ ប៉ុន្តែ​ដូច​អគារ​ប៊ូឌីង​ជា​កន្លែង​ដែល​មន្ត្រីរាជការ​ អ្នក​សិល្បៈ​ និង​ប្រជាជន​​រស់​នៅ​តាំង​ពី​ដើម​មក​ ដូច្នេះ​ការ​មាន​បណ្ណសារ​សម្រាប់​អគារ​នេះ​គឺ​ស័ក្ដិសម​ណាស់។ ប្រវត្តិ​នៃ​អគារ​មិន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​រឿង​រ៉ាវ​នៃ​ជីវិត​ប្រជាជន​នៅ​ទី​នោះ​​ គឺ​គេ​ចង់​ដឹង​។ «យើង​មិន​ដឹង​ថា​ អគារ​នេះ​អាច​នៅ​បាន​៥០​ឆ្នាំ​ ឬ​១០០​ឆ្នាំ​ទៀត​ទេ​។ បើ​ថ្ងៃ​ណា​មួយ​ អគារ​នេះ​ត្រូវ​បាន​ជួសជុល​ ឬ​​វាយ​ចោល​សង់​ថ្មី​ គេ​នៅ​មាន​ឯកសារ​ដែល​តម្កល់​ទុក​ក្នុង​បណ្ណសារ​នេះ​ ​ដើម្បី​ឲ្យ​អ្នក​ក្រោយ​បាន​សិក្សា​ស្វែង​យល់​រៀន​សូត្រ”។

 

 

អត្ថបទ៖ មាស រ័ត្ន