ជោគជតារាសី​សម្រាប់​អ្នក​កើត​​​ឆ្នាំ​មមែ ក្នុង​ឆ្នាំ​ថ្មី​តាម​ក្បួន​ចិន

  • 2015-02-20 15:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​ទូទាំង​ប្រទេស​ចិន​កំពុង​រីករាយ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមែ ដែល​ជា​សត្វ​ទី​៨ នៅ​ក្នុង​រាសីចក្រ (សត្វ​ទាំង​១២ តំណាង​ឆ្នាំ​នីមួយៗ)។ នៅ​តាម​ផ្ទះ​នានា មាន​ការ​សែន​ព្រេន និង​តុបតែង​លម្អ​ដោយ​ក្រដាស​ពណ៌ក្រហម ដែល​គេ​មាន​ជំនឿ​ថា​អាច​នាំ​មក​នូវ​សំណាង​ល្អ និង​រក​ស៊ី​មាន​បាន​កើន​ទ្រព្យ​ឆាប់​ៗ។ ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​មួយ​ចំនួន​បាន​រក​គ្រូ​ចិនសែ​ទាយ ដើម្បី​ដឹង​ពី​ជើង​លេខ​ឆ្នាំ​ថ្មី ជោគជតារាសី​តាម​ហុងស៊ុយ និង​អ្វី​ដែល​គួរ​ចៀសវាង ងាយ​ស្រួល​រក​វិធី​ទប់​ស្កាត់​ជាមុន។ យ៉ាង​ណា​មិញ តាម​គេហទំព័រ​មួយ​របស់​ចិន បាន​បង្ហាញ​ពី​ជោគជតារាសី​ឆ្នាំ​ថ្មី ឆ្នាំ​មមែ តាម​ក្បួន​ចិន​សែ​ដូច​ខាង​ក្រោម៖

 

 

 

 

បុគ្គលិក​លក្ខណៈ​របស់​អ្នក​កើត​ឆ្នាំ​មមែ (ស្ងប់​ស្ងាត់ ស្លូត​បូត)

 

អ្នក​កើត​ឆ្នាំ​មមែ រមែង​មាន​ចិត្ត​ស្លូតបូត សុភាពរាបសារ អៀន​ប្រៀន​ច្រើន មាន​ចិត្ត​សណ្តោស​ប្រណី ចូលចិត្ត​រាប់អាន​ញាតិ ព្រមទាំង​មាន​ការ​វិនិច្ឆ័យ​ខ្ពស់ ប្រកប​ដោយ​ក្ដី​ករុណា និង​ហេតុផល។ ​​មនុស្ស​កើត​ឆ្នាំ​នេះ ភាគ​ច្រើន​មាន​ការ​តស៊ូ ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ជំនាញ​ច្បាស់​លាស់។ បើ​ទោះ​បី​មុខ​របស់​គេ មើល​ទៅ​ដូច​ជា​​សុភាព​មែន​ពិត ប៉ុន្តែ​គំនិត​ជ្រៅ​និង​មាន​ការ​គិត​ជាប់​ជា​និច្ច។ ​​

 

យ៉ាង​ណា​មិញ មនុស្ស​កើត​ឆ្នាំ​មមែ មាន​ចំណុច​ប្លែក​ខុស​ពី​គេ​មួយ គឺ​ពេញ​ចិត្ត​ធ្វើ​ការងារ​ជា​ក្រុម តែ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​លើ​ខ្លួន​ទេ។ ពួក​គេ​ច្រើន​រក្សា​ភាព​ស្ងៀមស្ងាត់ ជាជាង​ឆ្ការ​ដៃ​ឆ្ការ​ជើង​នៅ​ពី​មុខ​អ្នក​ដទៃ ព្រោះ​ចង់​ទុក​ពេល​សម្រាប់​គិត​ច្រើន​ជាង។ ម្យ៉ាង​វិញ​ទៀត អ្នក​កើត​ឆ្នាំ​មមែ ច្រើន​ដៃ​ទូលាយ ចូល​ចិត្ត​ចាយ​លុយ​ទិញ​របស់​ល្អ​ៗ​ប្រើប្រាស់ ប៉ុន្តែ​មិន​វាយ​ឫក​ទេ ហើយ​ចេះ​ដាក់​ខ្លួន​​គោរព​អ្នក​ដទៃ។

 

​និស្ស័យ​ការងារ​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ

ដៃ​គូ​ការងារ​ល្អ​បំផុត​សម្រាប់​ឆ្នាំ​មមែ គឺ​ឆ្នាំ​មមី ព្រោះ​ឆ្នាំ​ទាំង​ពីរ​អាច​នឹង​សហប្រតិបត្តិការ​គ្នា​បាន​ល្អ ហើយ​អ្នក​កើត​ក្នុង​ឆ្នាំ​ទាំង​ពីរ​នេះ សុទ្ធតែ​មិន​ឈ្លក់​វង្វេង​ជាមួយ​ឋានៈ និង​អំណាច​ដូចគ្នា។ ចំណែក​ជម្រើស​ការងារ​ដែល​ល្អ​បំផុត​នោះ​គឺ គ្រូពេទ្យ​ជំងឺ​កុមារ តារា​សម្ដែង គ្រូ​បង្រៀន​កុមារ អ្នក​រចនា​ម៉ូដ អ្នក​លក់​ផ្កា អ្នក​ច្នៃ​ម៉ូដ​សក់ តន្ត្រីករ អ្នក​និពន្ធ ជាង​គំនូរ និង​គ្រូបង្រៀន​ប្រវត្តិ​សិល្បៈ ព្រោះ​ការងារ​ទាំង​នេះ​សុទ្ធតែ​ទាមទារ​ភាព​អំណត់​តស៊ូ ដែល​ត្រូវ​នឹង​បុគ្គលិក​លក្ខណៈ​ស្ងប់ស្ងាត់​របស់​អ្នក​កើត​ឆ្នាំ​មមែ។

 

ស្នេហា និង​ទំនាក់​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ

ចំពោះ​អ្នក​រៀបការ​ហើយ នឹង​អាច​បន្ត​ចំណង​ស្នេហ៍​ស្អិតល្មួត​ជាមួយ​ដៃគូ ហើយ​ជម្លោះ​តិចតួច​ដែល​ធ្លាប់​កើត​មាន​ជា​ប្រចាំ​នា​ពេល​កន្លង​មក នឹង​អាច​ដោះ​ស្រាយ​សះ​ជា​គ្នា​ធម្មតា​ឡើង​វិញ។ ចំពោះ​អ្នក​មិន​ទាន់​មាន​ប្តី​ប្រពន្ធ ចាស់​ៗ​កំពុង​ស្វែង​រក​ដៃគូ​ជីវិត​ឲ្យ​បណ្ដើរ​ៗ​ហើយ បើ​ទោះ​អ្នក​ប្រកែក​ថា​មិន​ទាន់​ចង់​បាន​ក៏​ពិត​មែន។ យ៉ាង​ណា​មិញ បើ​អ្នក​មាន​គូស្នេហ៍​ស្រាប់​ហើយ គួរ​យក​ចិត្ត​ទុក​ដាក់​បន្តិច ចៀសវាង​ជម្លោះ​គ្រួសារ​ដែល​អាច​កើត​ឡើង​គ្រប់​ពេល។

 

 

 

​អ្វី​ដែល​នាំ​សំណាង​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ

បើ​តាម​ហោរាសាស្ត្រ​ចិន សត្វ​តំណាង​ឆ្នាំ​នីមួយៗ​សុទ្ធតែ​មាន​លេខ​សំណាង ថ្ងៃ​សំណាង ពណ៌​សំណាង និង​ទិស​សំណាង ដែល​ឆ្នាំ​មមែ​មាន​ដូច​ខាង​ក្រោមៈ ​

 

-លេខ​សំណាងៈ លេខ​២ ឬ​លេខ​៧ និង​ចំនួន​ដែល​មាន​លេខ​២ និង​លេខ​៧ (ដូច​ជា​លេខ​២៧ និង​លេខ​៧២ ជាដើម)

 

-ថ្ងៃ​សំណាងៈ ថ្ងៃ​ទី០៧ និង​ថ្ងៃ​ទី​៣០ គ្រប់​ខែ ដោយ​យក​ទៅ​តាម​ប្រតិទិន​របស់​ប្រទេស​ចិន

 

-ពណ៌​សំណាងៈ ពណ៌​ត្នោត ពណ៌​ក្រហម និង​ពណ៌​ស្វាយ

 

-ទិស​សំណាងៈ ទិស​ខាង​ជើង ​​

 

អ្វី​ដែល​នាំ​សំណាង​អាក្រក់ និង​គួរ​ចៀសវាង​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ

ទន្ទឹម​នឹង​ការ​បង្ហាញ​អ្វី​ដែល​នាំ​សំណាង​ល្អ ក្បូន​ចិន​ដដែល​នេះ ក៏​បាន​បង្ហាញ​ពី​អ្វី​ដែល​គួរ​ចៀសវាង​ផង​ដែរ​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ ដែល​មាន​ដូច​ខាង​ក្រោមៈ

 

-ពណ៌​នាំ​សំណាង​អាក្រក់ៈ បៃ​តង ខៀវ និង​ខ្មៅ (មនុស្ស​កើត​ឆ្នាំ​មមែ គួរ​ចៀសវាង​ការ​ស្លៀក​សំលៀក​បំបាក់​ដែល​មាន​ពណ៌​ទាំង​បី​នេះ)

 

-លេខ​នាំ​សំណាង​អាក្រក់ៈ លេខ​៦ និង​លេខ​៨ (មនុស្ស​កើត​ឆ្នាំ​មមែ គួរ​ចៀសវាង​ប្រើ​លេខ​ទូរសព្ទ​ដែល​មាន​លេខ​ទាំង​ពីរ​នេះ​ច្រើន ចំណែក​ស្លាក​លេខ​​យានយន្ត​​ក៏​​មិន​គួរ​រំលង​ដូច​គ្នា)

 

-ទិស​នាំ​សំណាង​អាក្រក់ៈ ទិស​និរតី (បើ​អាច​ចៀស​បាន គួរ​កុំ​ធ្វើ​ដំណើរ ឬ​ធ្វើ​អ្វី​ដែល​ទាក់​ទង​នឹង​ទិស​និរតី ព្រោះ​អាច​បរាជ័យ និង​នាំ​សំណាង​អាក្រក់)

 

-ខែ​អាក្រក់​បំផុត​ក្នុង​ប្រតិទិន​ចិន​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែៈ ខែ​៣ ខែ​៦ និង​ខែ​១០ (ប្រសិន​បើ​មាន​គម្រោង​ជំនួញ​សំខាន់ ឬ​រៀប​ចំ​ពិធី​អ្វី​មួយ គួរ​ចៀសវាង​ខែ​ទាំង​បី​នេះ)

 

​​​ អ្នក​កើត​ឆ្នាំ​មមែ យក​កូន​ឆ្នាំ​នេះ​ល្អ ឬ​អត់?

 

មាន​ភាសា​ចិន​មួយ​ឃ្លា ដែល​គេ​ច្រើន​និយាយ​ថា (十羊九不全) "អ្នក​កើត​ឆ្នាំ​មមែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​១០​នាក់ ដែល​អាច​មាន​សុភមង្គល" មាន​ន័យ​ថា ក្មេង​ភាគ​ច្រើន​ដែល​កើត​ក្នុង​ឆ្នាំ​មមែ ច្រើន​តែ​អាពាហ៍ពិពាហ៍​បរាជ័យ គ្រួសារ​គ្មាន​ក្ដី​រីករាយ និង​មាន​សំណាង​អាក្រក់។ ម្យ៉ាង​វិញ​ទៀត ជនជាតិ​ចិន​ភាគ​ច្រើន​ជឿជាក់​ថា ក្មេង​កើត​នៅ​ក្នុង​ឆ្នាំ​មមែ ច្រើន​ធំ​ឡើង​ឲ្យ​គេ​ដឹក​នាំ ជាជាង​ធ្វើ​អ្នក​​ដឹក​នាំ​គេ។ ហេតុ​ដូច្នេះ​ហើយ ទើប​ប្រជាជន​ចិន មិន​សូវ​យក​កូន​ក្នុង​ឆ្នាំ​មមែ​ទេ ហើយ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ចំ​ឆ្នាំ​មមី ដែល​ជា​ឆ្នាំ​ចាស់​វិញ ព្រោះ​មាន​សំណាង​ខ្លាំង​ជាង​ឆ្នាំ​មមែ​ឆ្ងាយ។ ​

 

អ្វី​ដែល​បាន​រៀបរាប់​មក​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​ជោគជតារាសី​តាម​ក្បួន​ចិន ហើយ​សុទ្ធតែ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ហោរាសាស្ត្រ​ចិន​ទាំង​អស់។ ដូច​នេះ ជឿ​ឬ​មិន​ជឿ​គឺ​ស្ថិត​នៅ​ការ​ពិចារណា​របស់​ប្រិយមិត្ត៕

 

អាន​អត្ថបទ៖ ជោគ​ជតារាសី​ស្នេហា​​​របស់​អ្នក​តាម​ក្បួន​​ចិន​​ក្នុង​ឆ្នាំ​២០១៥​

 

 

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ chinahighlights

អត្ថបទថ្មី