ភឹម តារា​វិបុល និង​ បេប៊ី ចាប់​ដៃ​គ្នា​ជា​​ថ្មី!

  • 2014-10-06 18:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភឹម តារា​វិបុល និង​កញ្ញា បេប៊ី ​ចាប់​ដៃ​គ្នា​​ជា​ថ្មី​​ក្នុង​​ខ្សែ​ភាពយន្ត​ភាគ​​របស់​ផលិតកម្ម​ Rock គឺ​រឿង មរតក​បេះ​ដូង។

 

 

ការ​ចាប់​ដៃ​ជា​ថ្មី​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​​បាន​ថត​រួម​គ្នា​ម្ដង​រួច​មក​ហើយ​ក្នុង​រឿង "ឱ​កូន​សម្លាញ់" កំពុង​តែ​ថត​សព្វ​ថ្ងៃ។

កញ្ញា បេប៊ី និង​លោក ភឹម តារាវិបុល តួឯក​ក្នុង​រឿង មរតកបេះដូង

 

ក្នុង​ពិធី​ក្រុង​ពាលី​រឿង មរតក​បេះ​ដូង​ ព្រឹក​មិញ​តារា​សម្ដែង​លោក ភឹម តារា​វិបុល និយាយ​ថា៖"ខ្ញុំ​រីករាយ​មែន​ទែន​ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ជា​មួយ​កញ្ញា បេប៊ី។ ខ្ញុំ​ និង​ដៃ​គូ​របស់​ខ្ញុំ​នឹង​មិន​ធ្វើ​ឱ្យ​ទស្សនិកជន​ខក​បំណង​ទេ"។

 

 

តារា​សម្ដែង​ទើប​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​បន្តថា​ លោក និង​កញ្ញា បេប៊ី បាន​សហការ និង​ស្វែង​យល់​ចិត្ត​គ្នា​ច្រើន​មក​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្សែ​ភាពយន្ត​ដែល​លោក​​សម្ដែង​រួម​គ្នាជា​​តួឯក​លើក​ដំបូង​​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត ក៏​ដូច​ជា​មិត្តៗ​យុវវ័យ​ពេល​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ CTN​នា​ពេល​ខាង​មុខ។

ក្រុម​តារា​សម្ដែង​ក្នុង​រឿង មរតកបេះដូង

 

ជាមួយ​តំណែង​​តួឯក​គ្រា​នេះ ធ្វើ​ឱ្យ​អតីត Freshie ខាង​លើ​រំពឹង​ខ្ពស់​ថា​នឹង​អាច​ស្ដារ​ប្រជាប្រិយភាព​បាន​ឡើង​វិញ​ក្នុង​ចំណោម​មហាជន ក្រោយ​ខកខាន​ការ​សម្ដែង​អស់​មួយ​រយៈ​មក។

 

 

ដោយ​ឡែក​ដៃ​គូ​តួឯក​ស្រី​របស់​ ភឹម តារា​វិបុល កញ្ញា បេប៊ី ឯណោះ​វិញ​ បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ កញ្ញា​នឹង​ដាក់​ចិត្ត​ដាក់​កាយ​ខ្ពស់​ដើម្បី​ឱ្យ​ខ្សែ​ភាពយន្ត​ខាង​លើ​មាន​ភាព​លេចធ្លោ។

 

 

“ខ្ញុំ​បាន​និយាយ​ជា​មួយ​បង បុល ហើយ​ថា​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​សម្ដែង​ស៊ីចង្វាក់គ្នា​បំផុត ទោះ​ជា​លំដាប់​បែប​ណា​ក៏​ដោយ"។

 

 

មិន​ខុស​ពី​អតីត Freshie ខាង​លើ​ទេ តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ​ ក៏​បាន​រំពឹង​ខ្ពស់​ថា​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​ផង​ដែរ​ពេល​ខ្សែ​ភាពយន្ត មរតក​បេះ​ដូង​ដាក់​បញ្ចាំង​​នៅ​ CTN។

 

 

លោក អ៊ិន សុភិន ជា​អ្នក​និពន្ធ​ខ្សែ​ភាពយន្ត "មរតក​បេះ​ដូង" លើក​ឡើង​ថា ​ខ្សែ​ភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​ថត​នា​ពេល​ឆាប់ៗ​ដើម្បី​ដាក់​បញ្ចាំង​ឱ្យ​ទស្សនិកជន​ទស្សនា។ "ចប់​ក្រុង​ពាលី​ហ្នឹង​យើង​ចេញ​ថត ព្រោះ​អី​ខ្ញុំ​គិត​ថា​ខ្សែ​ភាពយន្ត​ល្អ​អាច​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ពេញ​ចិត្ត"។

 

អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា ​សាច់​រឿង​ទាំង​មូល​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ ព្រោះ​បាន​បញ្ចូល​ទាំង​ឈុត​អប់រំ រួម​នឹង​ភាព​កំប្លុកកំប្លែង ស្នេហា​កាច់កុង​គ្នា​ជា​ច្រើន។

 

 

នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​លោក ភឹម តារា​វិបុល និង​កញ្ញា បេប៊ី ត្រូវ​ចាប់​ដៃ​គ្នា​ក្នុង​ការ​​ថត​ខ្សែ​ភាពយន្ត​ភាគ​ឱ្យ​ទូរទស្សន៍ CTN បន្ទាប់​ពី​រឿង "ឱ​កូន​សម្លាញ់"។ សម្រាប់​អតីត Freshie ភឹម តារា​វិបុល លោក​ធ្លាប់​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ខ្សែ​ភាពយន្ត​ភាគ​រឿង "អច្ឆរិយ​ស្នេហ៍"។ ដោយ​ឡែក​​​តារា​សម្ដែង​វ័យ​ក្មេង​កញ្ញា បេប៊ី ក៏​​​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ច្រើន​ដែរ​សម្រាប់​ការ​ថត​រឿង​ភាគ និង​រឿង​ដាក់​បញ្ចាំង​តាម​រោង​កុន​កន្លង​មក៕

 

អត្ថបទ៖ អ៊ីង សុឡា

 

 

អត្ថបទពេញនិយម