កីឡាករ​ណា​​ខ្លះ​ចូល​លេង​កីឡាកាស​ហើយ​ បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង ?

  • 2015-03-04 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាកាស​ជា​ប្រភេទ​កីឡា​បែប​សម្ដែង​​មួយ​ប្រភេទ​ដែល​មាន​ការ​ពេញ​និយម​ណាស់​នៅ​សហរដ្ឋអាមេរិក មិន​ថា​ក្មេង ឬ​ចាស់​នោះ​ទេ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​​​ប្រភេទ​​កីឡា​មួយ​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​នោះ​ គឺ​មក​ពី​មាន​ឈុត​វាយ​គ្នា​ដូច​ពិត​ៗ​តែ​ម្ដង បើ​ទោះ​ជា​អ្នក​គ្រប់គ្នា​ដឹង​ហើយ​ថា​វា​ជា​ការ​សម្ដែង​ក៏​ដោយ។ ទន្ទឹម​នឹង​មាន​ឆាក​ប្រយុទ្ធ​ខ្លាំង​នេះ​ដែរ ក៏​មាន​អ្នក​កីឡាកាស​ខ្លះ​ភ្លាត់​ស្នៀត ​មាន​បញ្ហា​របួស​ ឬ​អាច​ឈាន​ដល់​បាត់​បង់​ជីវិត​ផង​ដែរ​ ដោយ​សារ​លេង​ជ្រុល​ដៃ​ពេក​ ឬ​មាន​បញ្ហា​អ្វី​មួយ។

 

ខាង​ក្រោម​នេះ​ Sabay ​នឹង​លើក​យក​អ្នក​កីឡាកាស​៥​នាក់​​ដែល​​បាន​ស្លាប់​ក្នុង​ការ​ប្រកប​អាជីព​នៅ​លើ​សង្វៀន​នេះ៖

 

១. Eddie Guerrero

 

 

 

Eddie Guerrero ​ជា​អ្នក​កីឡាកាស​ម្នាក់​ដែល​ប្រិយមិត្ត​ប្រហែល​ជា​អាច​ស្គាល់​ច្រើន ព្រោះ​បុរស​រូប​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​សង្វៀន WWE។ ទន្ទឹម​នឹង​ភាព​ល្បី​ល្បាញ​នេះ​ដែរ អ្នក​កីឡាកាស​ដើម​កំណើត​អាមេរិក​រូប​នេះ​បាន​ស្លាប់​ត្រឹម​វ័យ​៣៨​ឆ្នាំ​​ ប៉ុណ្ណោះ​ដោយសារ​គាំង​បេះ​ដូង ហើយ​ខាង​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា មុន​ពេល​ដែល​រូបគេ​ស្លាប់​បាន​ប្រើ​គ្រឿងញៀន​ផង​ដែរ។

 

២. Umaga

 

 

Umaga ​ជា​អ្នក​កីឡាកាស​ម្នាក់​ដែល​មាន​មាឌ​ធំ​ និង​ចូល​ចិត្ត​វាយ​គ្នា​ដោយ​ប្រើ​ដំបង​ឬ​ក្បាច់​ពិសេស​ៗ​ច្រើន​ណាស់។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​គាំង​បេះដូង​នៅ​ឆ្នាំ​២០០៩​បន្ទាប់​ពី​ឡើង​សង្វៀន​ប្រកួត​រួច​មក។

 

៣. Curt Hennig

 

 

សម្រាប់​អ្នក​ទើប​តែ​មើល​កីឡាកាស ​ប្រហែល​ជា​មិន​ស្គាល់ Curt Hennig ​នោះ​ទេ​ព្រោះ​បុរស​ម្នាក់​នេះ​លេង​កីឡាកាស​តាំង​ពី​យូរ​ណាស់​មក​ហើយ។ អ្នក​កីឡាកាស​រូប​នេះ​បាន​ស្លាប់​នៅ​ឆ្នាំ​២០០៣​ ត្រឹម​អាយុ​៤៤​ដោយ​មូលហេតុ​ប្រើ​គ្រឿងញៀន​ច្រើន​ពេក។

 

៤. David Von Erich

 

 

 

David Von Erich ​ជា​កីឡាកាស​ល្បី​ម្នាក់​នៅ​អំឡុង​ឆ្នាំ ​១៩៨០។ រូប​គេ​មាន​ភាព​រហ័សរហួន​ដូច​ Rey Mysterio ​អីចឹង​ដែរ ប៉ុន្តែ​បុរស​វ័យ​ក្មេង​រូប​នេះ​បាន​ស្លាប់​ត្រឹម​អាយុ​២៥​ឆ្នាំ​ដោយសារ​ប្រើ​គ្រឿងញៀន​ជ្រុល​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ។

 

៥. Chris Benoit

 

 

 

Chris Benoit ​ជា​អ្នក​កីឡាកាស​ម្នាក់​ដែល​ល្បី​តាំង​ពី​ជំនាន់ Trple H ​មក​ម៉្លេះ។ ប៉ុន្តែ​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​ចំពោះ​បុរស​សាច់​ដុំ​ធំ​រូប​នេះ​នោះ​គឺ​ គេ​បាន​សម្លាប់​ក្រុម​គ្រួសារ​របស់​គេ​ទាំង​អស់​ហើយ​ក៏​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ។ រហូត​មក​ដល់​ពេល​នេះ គ្មាន​នរណា​អាច​ដឹង​ពី​មូលហេតុ​ដែល​បុរស​អស់​អាយុ​ត្រឹម​វ័យ​៤០​ឆ្នាំ​ខាង​លើ​សម្លាប់​ខ្លួន​ឯង​ផ្ដាច់​ពូជ​នេះ​នោះ​ទេ។

 

យ៉ាង​ណា​មិញ​បញ្ជី​ឈ្មោះ​៥​នាក់​ខាង​លើ​នេះ ​គឺ​មិនមែន​មានន័យ​ថា​មាន​ត្រឹម​នេះ​នោះ​ទេ ពោល​គឺ​តាំង​ពី​វិស័យ​កីឡាកាស​ដំណើរ​ការ​មក ​មាន​អ្នក​កីឡាកាស​ស្លាប់​ទាំង​វ័យ​ក្មេង​មិន​តិច​ជាង​១០​នាក់​ឡើយ​ ប៉ុន្តែ​ដោយសារ​តែ​អ្នក​ខ្លះ​បាន​ស្លាប់​យូរ​មក​ហើយ​នោះ​ទើប​ Sabay ​សូម​លើក​យក​មក​តែ​៥​នាក់​នេះ ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ lollipop

អត្ថបទពេញនិយម