វត្តមាន ចេន សាយចៃ ធ្វើ​ឱ្យ​ Town រំពឹង​​លក់​​អាល់ប៊ុម​​ចូល​​ឆ្នាំ​​បំ​បែក​​កំណត់​​ត្រា​ជា​ថ្មី

  • 2015-03-04 17:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Town បាន​រំពឹង​ខ្ពស់​ថា​នឹង​អាច​លក់​អាល់ប៊ុម​ទាំង​ CD និង​VCD ចូល​ឆ្នាំ​ប្រពៃណី​ជាតិ២០១៥ ក្នុង​បរិមាណ​មួយ​ដ៏​ខ្ពស់ ​ហើយ​ឈាន​ដល់​ការ​បំបែក​កំណត់​ត្រា​ជា​ថ្មី ក្រោយ​​វត្តមាន​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខ្មែរ​សុរិន្ទ ចេន សាយចៃ​ ចូល​មក​ដល់។

 

ការ​រំពឹង​ដូច្នេះ​បន្ទាប់​ពី​ផលិតកម្ម Town ធ្វើ​​ធ្លាប់​​លក់​ CD បំបែក​កំណត់ត្រា​ម្ដង​​ហើយ​កាល​ពី​ឆ្នាំ​មុន ដោយ​លក់​បាន​ CD ជាង ១០​ម៉ឺន​បន្ទះ ពេល​​មាន​វត្តមាន​តារា​កំប្លែង​ល្បី​ឈ្មោះ​របស់​ CTN នាយ ពាក់មី និង​នាយ គ្រឿន។

 

ឆ្លើយ​តប​ទៅ​ការ​ព្យាករណ៍​ទទួល​កំណត់​ត្រា​ថ្មី​​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម Town មាស សុខរតនៈ និយាយ​ថា "អា​រឿង​រំពឹង យើង​រំពឹង​ហើយ​អូន បើ​អត់​រំពឹង​យើង​អញ្ជើញ​គាត់​មក​ធ្វើ​អ្វី។ ក៏ប៉ុន្តែ​​សន្ទុះ​ទីផ្សារ​កម្រិត​ណា​យើង​មិន​ទាន់​ហ៊ាន​និយាយ​ទេ អាស្រ័យ​លើ​ការ​គាំទ្រ​ពី​ទស្សនិកជន​ពេល​ចេញ​លក់​លើ​ទីផ្សារ"។

 

បទចម្រៀង​ចូល​ឆ្នាំ​ប្រពៃណីជាតិ​របស់ ចេន សាយចៃ ត្រៀម​ចេញ​លក់​ក្នុង​ផលិតកម្ម Town

 

បង​ប្រុស​បង្កើត​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ មាស សុខ​សោភា បន្ត​ថា​ តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ខាង​លើ​មាន​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ក្នុង​ផលិតកម្ម Town បួន​ទៅ​ប្រាំ​បទ ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

 

ចេន សាយចៃ ជា​តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​​ចំណោម​តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ល្បី​ឈ្មោះ​នានា​ដូច​ជា​ ខុង​ឃុយ ជា​ដើម។ អ្នក​ចម្រៀង​រូប​នេះ​បាន​បោះ​ជំហាន​មក​កាន់​ផលិតកម្ម​ខាង​លើ​កាល​ពី​ពេល​ថ្មីៗ​ ក៏ប៉ុន្តែ​ការ​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​ ឬ​កុងត្រា​យ៉ាង​ណា​នោះ​មិន​ត្រូវ​បាន​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម Town​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

 

ក្រៅ​តែ​ពី​វត្តមាន ចេន សាយចៃ អ្នក​និពន្ធ និង​ជា​អ្នក​ចាត់​ការ​ទូទៅ មាស សុខ​រតនៈ អះអាង​ថា​នៅ​មាន​តារា​ចម្រៀង​ជា​ច្រើន​ទៀត​អាច​ធ្វើ​ឱ្យ​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ផលិតកម្ម​ខ្លួន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ដូច​ជា រ៉ូលីន  BIG នាយ ពាក់មី នាយ​ គ្រឿន ជា​ដើម។

 

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា​ ថ្នាក់​ដឹក​នាំ​ផលិតកម្ម​ទាំង​អស់​តែងតែ​​ខិតខំ​ស្វែង​រក​ភាព​ថ្មី និង​ប្លែក​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ក្នុង​នោះ​លោក​ក៏​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ស្នាដៃ​ផលិតកម្ម Town​ ក៏​ដូច​ជា​ផលិតកម្ម​ដទៃ​ទៀត​ដើម្បី​លើក​កម្ពស់​វិស័យ​ចម្រៀង​ខ្មែរ។

 

ក្នុង​ឆ្នាំ​២០១៥​នេះ​ផលិតកម្ម Town បាន​ផលិត​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ជាង ៧០​បទ ស្មើ​នឹង ៧​អាល់ប៊ុម ក្នុង​នោះ​តារា​ចម្រៀង ចេន សាយ​ចៃ មាន​បួន​ទៅ​ប្រាំ​បទ ដូច​ជា​បទ "បាត់​ខោ​ខ្លី" បទ "នឹក​ស្រុក​ខ្មែរ" បទ "ខ្ជិល​នឹង​យក​ប្ដី" និង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត៕

 

(ពី​ឆ្វេង​ទៅ​ស្ដាំ) ចេន សាយចៃ យឹម តាស្រង់ និង ខេម

 

អានអត្ថបទបន្ត៖ ស្អាត​ម្ល៉ឹង​ៗ អ្នក​ណា​មើល​ដឹង​ថា​​ភេទ​ទី​៣

អានអត្ថបទបន្ត៖ ម៉ូដ​សក់​ ៩​​​ ​ម៉ូដ​ដែល​​កំពុង​ពេញ​និយម​សម្រាប់​បុរសៗ

អានអត្ថបទបន្ត៖ពិធី​បង្ហាញ​ម៉ូដ​ប្លែក​ដែល​អ្នក​កម្រ​បាន​ឃើញ

 

 

អត្ថបទ៖ អ៊ីង សុឡា រូបថត៖ Yem Tasrong-Song Writer & Comedy

អត្ថបទពេញនិយម