ហេតុ​អ្វី​ភរិយា​លោក​អូបាម៉ា ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា?

  • 2015-03-04 21:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៣ ខែ​មីនា​ម្សិល​មិញ បាន​បញ្ជាក់​ថា លោក​ជំទាវ​ទី​មួយ មីស៊្ហែល អូបាម៉ា (Michelle Obama) ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូប៉ាម៉ា នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​វប្បធម៌​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៥។ នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​ជំទាវ​មក​កាន់​កម្ពុជា បន្ទាប់​ពី​លោក បារ៉ាក់ អូបាម៉ា ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ម្ដង​ដែរ​ក្នុង​ឆ្នាំ​២០១២ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

 

ហេតុអ្វី​បាន​ជា លោក​ជំទាវ​ទី​មួយ​អាមេរិក ជ្រើស​រើស​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា?

 

 

បើ​តាម​ការ​ប្រកាស​ពី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា មួយ​ថ្ងៃ​មុន​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ថា លោក​ជំទាវ មីស៊្ហែល អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ពីរ​គត់​ក្នុង​តំបន់​អាស៊ី គឺ​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា។ នៅ​ក្នុងការ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ជំទាវ គឺ​នឹង​មានការ​អម​ដំណើរ​ពី​ប្រធាន​កម្មវិធី​ស្ម័គ្រចិត្ត Peace Corps លោក​ស្រី Carrie Hessler-Radele ផង​ដែរ។

 

ដំណើរ​ទស្សនកិច្ច​នេះ ផ្ដោត​ទៅលើ​ការ​ផ្សព្វផ្សាយ​គំនិត​ផ្ដួចផ្ដើម​អប់រំ​ស្ត្រី​ជា​អន្តរជាតិ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "Let Girls Learn”។ គំនិត​ផ្ដួចផ្ដើម​នេះ រៀប​ចំ​ឡើង​ដោយ​លោក​ជំទាវ មីស៊្ហែល អូបាម៉ា ​និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ស្រប​ពេល​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ដែល​បាន​ចាប់​ផ្ដើម​នៅ​ជុំវិញ​ពិភពលោក ក្រោម​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន។

 

គោល​បំណង​សំខាន់ នៃ​គំនិត​ផ្ដួចផ្ដើម "Let Girls Learn” គឺ​ជួយ​នារី​ពេញ​វ័យ​នៅ​លើ​ពិភពលោក ឲ្យ​បាន​ចូល​រៀន និង​បញ្ចប់​ការ​សិក្សា ព្រម​ទាំង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ធំ​ជាង​មុន។ បើ​តាម​សេតវិមាន បាន​បង្ហាញ​ថា នារី​ពេញ​វ័យ ៦២​លាន​នាក់ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​នារី​ពេញ​វ័យ​ទាំង​អស់​នៅ​លើ​ពិភពលោក មិន​បាន​ទទួល​ការ​រៀន​សូត្រ​ឡើយ ហើយ​ភាគ​ច្រើន​កំពុង​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​រៀបការ​ទាំង​វ័យ​ក្មេង។

 

ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ជំទាវ​ទី​មួយ​សហរដ្ឋអាមេរិក​នឹង​ផ្ដោត​គោល​ដៅ​នៅ​ខេត្ត​សៀមរាប។ ក្នុង​ឱកាស​នោះ លោក​ជំទាវ និង​លោក​ស្រី Carrie Hessler-Radelet នឹង​ជួប​ជាមួយ​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​របស់​កម្មវិធី Peace Corps ព្រម​ទាំង​ចូល​ពិនិត្យ​មើល​សាលាមួយ ដើម្បី​ឲ្យ​ឃើញ​ជាក់​ស្ដែង​ថា តើ​ដំណោះ​ស្រាយ​របស់​សហគមន៍​បាន​ផ្លាស់​ប្ដូរ​ជីវិត​ស្ត្រី​ដូច​ម្ដេច​ខ្លះ៕

 

ដោយ៖ គង់ វិសាល

ប្រភព៖ thediplomat​​​​​

អត្ថបទពេញនិយម