ខៀវ កាញារីទ្ធ៖ អ្នក​ប្រើ​ Facebook កាន់តែ​យល់​ដឹង ​ឯ​អ្នកប្រើ​មិន​ត្រឹមត្រូវ​កំពុង​បាត់​បង់​ប្រជាប្រិយភាព

  • 2015-03-04 21:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ប្រាប់​គេហទំព័រ​ Sabay នៅ​ព្រឹក​នេះ​ថា ​​អំឡុង​រយៈពេល​ ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook កាន់តែ​យល់​ដឹង​ ដូច្នេះ​ហើយ​ បណ្ដាញទំនាក់ទំនង​ប្រើប្រាស់​ក្នុង​ន័យ​ បោក​ប្រាស់​មួយ​ចំនួន​​កំពុង​បាត់​បង់​ប្រជាប្រិយភាព​របស់​ខ្លួន។ ទន្ទឹម​គ្នា​​នេះ រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ថា ក្រសួង​គ្មាន​ផែន​ការ​ណា​មួយ​បិទ​ Facebook នោះ​ដែរ។

 

http://youtu.be/QxCAwiEVMKg

 

ឯកឧត្ដម​ ខៀវ កាញារីទ្ធ​ លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook មួយ​ចំនួន​បាន​យក​បណ្ដាញ​មួយ​នេះ មក​ជេរ​ប្រមាថ មួល​បង្កាច់ បំភ្លៃ​ បំផ្លើស ញុះញង់ អុជអាល ប្រើ​ពាក្យ​អសុរោះ ប្រើ​រូបភាព​កាត់​ត ដែល​ធ្វើ​ឲ្យ​ច្របូកច្របល់ និង ធ្វើ​ឲ្យ​ស្រអាប់​ដល់​តម្លៃ​នៃ​សីលធម៌​សង្គម។

 

ថ្វីត្បិតតែ​ សកម្មភាព​​ខាង​លើ​នេះ នៅ​តែ​បន្ដ​កើត​មាន​នៅ​លើ​បណ្ដាញ​សង្គម​ facebook ក្ដី ប៉ុន្ដែ ភាព​ចេះ​ដឹង​របស់​អ្នក​ប្រើប្រាស់ ​​Facebook កាន់តែ​កើន​ឡើង ម៉្លោះហើយ​ពួកគេ​មិន​ចុច​មើល​ដូច​មុន ឬ ចុច​បិទ​​ចោល​គណនី​​ Facebook ដែល​ប្រើប្រាស់​មិន​សម​នឹង​តម្លៃ​សីលធម៌​ខ្មែរ។ ឯកឧត្តម​ ខៀវ កាញារីទ្ធ មាន​ប្រសាសន៍។

 

យ៉ាង​ណា​មិញ​ ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ទៀត​ថា បើទោះ​បីជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ដែល​ផ្ដល់​ព័ត៌មាន​មិន​ពិត ឬ ប្រើប្រាស់​រូបភាព​អាសអាភាស​ក៏​ដោយ ក៏​ក្រសួង​មិន​មាន​ផែន​ការ​បិទ​​បណ្ដាញ​ទំនាក់ទំនង​មួយ​នេះ​ទេ ប៉ុន្ដែ​ថា ប្រសិន​បើ​អ្នក​ប្រើប្រាស់​មិន​ត្រឹម​​ត្រូវ ដោយ​​ទៅ​ជេរប្រមាថ​អ្នក​ដទៃ នឹង​ប្រឈម​មុខ​ច្បាប់ ដោយ​បុគ្គល​រង​គ្រោះ​អាច​ដាក់​ពាក្យ​​ប្ដឹង​បាន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​បាន​ចាត់​ទុក​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Facebook គ្រាន់តែ​ជា​មធ្យោបាយ​បញ្ជូន​ព័ត៌មាន​ តែ​មិនមែន​ជា​ព័ត៌មាន​ផ្លូវ​ការ​​នោះ​ទេ។ "ខ្ញុំ​ចាត់​ទុក​ Facebook គ្រាន់តែ​ជា​​ប្រភព​ពាក់​កណ្ដាល​ផ្លូវ​ការ ឯ​​គេហទំព័រ​ ទើប​ជា​ផលិត​ផល​សម្រេច"។

 

ទាក់ទិនទៅនឹង​​បណ្ដាញ​សង្គម Facebook នេះ ឯកឧត្តម​ខៀវ កាញារីទ្ធ និយាយ​ថា ក្រសួង​ព័ត៌មាន​​វាយ​តម្លៃ​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម នៅតែ​មាន​សារៈសំខាន់​ ប្រសិន​បើ​អ្នក​ប្រើប្រាស់​បាន​ត្រឹមត្រូវ ហើយ​ក្រសួង​មិន​មាន​បំណង​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​ទេ៕

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម