ពាន​រង្វាន់​បាល់ទាត់​ដែល​មាន​​កីឡា​ការិនី​ស្រី​​ស្អាត​​ច្រើន ចាប់​ផ្ដើម​រដូវកាល​ថ្មី​

  • 2015-03-05 12:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ហ៊្វូតសាល​​សម្រាប់​ស្រ្តី​​ដែល​មាន​កីឡា​ការិនី​ស្អាតៗ ចូលរួម​ដណ្ដើម​ជើង​ឯក​ខេមអេដ ឆ្នាំ​ ២០១៥ (CamED Women's Futsal Tourment 2015) បាន​ចាប់​ដំណើរ​ការ​ប្រកួត​​រដូវកាល​ថ្មី​របស់​ខ្លួន​ហើយ លើ​ទីលាន​ស្មៅ​សិប្បនិម្មិត KB នា​ចុង​សប្ដាហ៍​កន្លង​ទៅ។

 
 

ការ​ប្រកួត​ពេល​បើក​ឆាក

 

ព្រឹត្តិការណ៍​សម្រាប់​តែ​នារី​នេះ មាន​ក្រុម​ចូលរួម​​ចំនួន​ ១៨ ពោល​គឺ​​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ ៩ ​ក្រុម ដោយ​ចែក​ជា​៣​ពូល ហើយ​ពូល​នីមួយៗ​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​យក​២​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ មាន​ទស្សនៈ​ជុំ​វិញ​ការ​បង្កើត​ពាន​រង្វាន់​នេះ​ថា៖ ​«ការ​ប្រកួត​នេះ​ឡើង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ស្រ្តី​បាន​ចូលរួម​លេង​កីឡា​ដូច​បុរស​ដែរ ​ហើយ​ការ​លេង​កីឡា វា​មិនមែន​តែ​ដើម្បី​ជា​ការ​សប្បាយ ទទួល​បាន​នូវ​សុខភាព​ មិត្តភាព ​នោះ​ទេ​ ប៉ុន្តែ​​វា​ជា​មេរៀន​មួយ ​ដែល​បង្រៀន​ឲ្យ​និស្សិត​ទាំងអស់​ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ផ្ដល់​គំនិត​ល្អៗ​ឲ្យ​គ្នា​ ចេះ​ស្វែងរក​នូវ​ដំណោះស្រាយ​និង​សហការ​គ្នា ដើម្បី​​ទទួល​បាន​ជោគជ័យ»។

 

ថ្នាក់​ដឹកនាំ​រូប​នេះ​បន្ថែម​ថា ក្រុម​ទាំង​ ១៨ ​នោះ ​មាន​ក្រុម​បាល់ទាត់​នារី​មកពី​អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ (PSE) ​​១​ក្រុម​ ឯ​ ១៧ ​ក្រុម​ទៀត ជា​សិស្ស​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ខេមអេដ​ទាំងអស់ ដោយ​មាន​ទាំង​ក្រុម​ចាស់ និង​ក្រុម​ទើប​បង្កើត​ថ្មី។

 

ការ​ប្រកួត​នេះ​​ធ្វើ​ឡើង​តែ​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​​អ្នក​ចូលរួម ថែម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី៕

 

អត្ថបទ៖ ម៉ឺន រស្មី