គ្រូ​បង្វឹក​​​កូរ៉េខាង​ត្បូង​​ទម្លាយ​រឿង​​ពិត​របស់​ម្ចាស់​មេដាយ​មាស សៀវម៉ី

  • 2014-10-07 21:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​កូរ៉េខាងត្បូង ​លោក ឆយ យ៉ុងសុក (Choi Yong Sok) ដែល​ជា​គ្រូ​បង្វឹក​របស់​​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី Asian Games ស៊ន សៀវម៉ី ផ្នែក​កីឡា​តេក្វាន់ដូ WTF (World Tekwando Federation) ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហើប​រឿង​​សម្ងាត់​ខ្លះៗ របស់​សិស្ស​ឆ្នើម​របស់​ខ្លួន ក្រោយ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ។

 

លោក ឆយ និង សិស្ស​ឆ្នើមរបស់លោក

 

ជនជាតិ​បរទេស​ដែល​និយាយ​ភាសា​ខ្មែរ​​បាន​ប៉ៃឡាំៗ រូប​នេះ​បាន​លើក​ឡើង​ថា៖ «គេ​​​ម្នាក់​នេះ ​(សៀវម៉ី) ឆាប់​ចេះ ឆាប់​យល់ ពី​អ្វី​ដែល​ខ្ញុំ​បង្រៀន។ ...បើ​ខ្ញុំ​បង្រៀន​គេ ១ គេ​ចង់​ចេះ​ដល់​ទៅ២ ខ្ញុំ​បង្រៀន​ប៉ុណ្ណេះ គេ​ចង់​ចេះ​ប៉ុណ្ណោះ...»។

 

លោក​ថា សៀវម៉ី មាន​កម្ពស់​ខ្ពស់ ជើង​វែង កាយ​សម្បទា​ល្អ អំណោយ​ផល​​ក្នុង​ការ​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ ប្រភេទ WTF ដែល​ជា​កីឡា​មាន​ដើម​កំណើត​មក​ពី​ប្រទេស​កូរ៉េខាងត្បូង។ ទោះ​ជា​សៀវម៉ី ដណ្ដើម​បាន​មេដាយ​លំដាប់​ទ្វីប​អាស៊ី ក៏​ពិត​មែន ប៉ុន្ដែ​លោក​គ្រូ​បង្វឹក​រូប​នេះ​​នៅ​តែ​សម្លឹង​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​សិស្ស​ខ្លួន រួម​មាន នៅ​ខ្សោយ​​ទាំង​ផ្នែក​បច្ចេកទេស និង ទាំង​កម្លាំង ដែល​​បណ្ដា​មក​ពី​ការ​ហ្វឹកហាត់​មិន​បាន​គ្រប់គ្រាន់​និង ពេញ​លេង។

លោក ឆយ ទទួលគ្រឿង​ឥស្សរិយ​យស​​ជាតិ​ថ្នាក់​​មហា​សិរីវឌ្ឍន៍ ពី​សម្ដេច ហ៊ុន សែន

 

ឆ្លើយតប​នឹង​សំនួរ​ថា មេដាយ​មាស​លំដាប់​ថ្នាក់​តំបន់​អាស៊ាន និង មេដាយ​​ក្នុង​ទ្វីប​សៀវម៉ី ដណ្ដើម​បាន​ហើយ ចុះ​លោក​មាន​​គិត​ថា​កម្រិត​សៀវម៉ី អាច​ដណ្ដើម​បាន​មេដាយ​នៅ​កីឡា​កម្រិត​ពិភពលោក គឺ​កីឡា​អូឡាំពិក បាន​ដែរ​ឬទេ? លោក ឆយ សង្កត់​ធ្ងន់​ថា៖ «ខ្ញុំ​មិន​​កំណត់​ច្បាស់​នោះ​ទេ ព្រោះ​អូឡាំពិក​ជា​ការ​ប្រកួត​លំដាប់​ពិភពលោក ប៉ុន្ដែ​រឿង​នេះ​ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​សាមី​ខ្លួន​ដែរ ហើយ​យើង​មាន​ពេល ២ ឆ្នាំ​ទៀត​​ក្នុង​ការ​ត្រៀម​ខ្លួន»។

 

លោក ឆយ ជា​អតីត​គ្រូ​បង្វឹក​កីឡា​តេក្វាន់ដូ នៅ​ក្នុង​ជួរ​កង​ទ័ព​ប្រទេស​កូរ៉េខាងត្បូង បាន​មក​ដឹកនាំ​ក្រុម​តេក្វាន់ដូ WTF របស់​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ​ហើយ​ធ្លាប់​​នាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក និង​ដណ្ដើម​បាន​មេដាយ​ត្រឡប់​មក​វិញ​ជា​បន្តបន្ទាប់​ផង​ដែរ៕

ជីវប្រវត្តិ​របស់ ស៊ន សៀវម៉ី សូម​ចុច​ទីនេះ...

 

អត្ថបទ៖ ម៉ឺន រស្មី