ហេតុ​ផល​៥​យ៉ាង​ធ្វើ​ឱ្យ Gareth Bale ​ជួប​ការ​លំបាក​នៅ Real Madrid

  • 2015-03-31 13:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ​គឺ​ជា​កីឡាករ​ដែល​ក្រុម Real Madrid ​ទិញ​មក​ក្នុង​តម្លៃ​ខ្លួន​ថ្ងៃ​ជាង​គេ​នៅ​ឆ្នាំ​២០១៣។ ក្នុង​មួយ​រដូវ​កាល​ដំបូង គេ​សង្កេត​ឃើញ​ថា​អតីត​កីឡាករ Spurs ​រូប​នេះ​ហាក់​ដូចជា​សប្បាយ​ចិត្ត​​ និង​មាន​ទម្រង់​លេង​គាប់​ប្រសើរ​ខ្លាំង​ណាស់​ដោយ​អាច​ជួយ​ក្រុម​​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ​លើក​ពាន​បាន​ច្រើន​ផង​ដែរ។ យ៉ាង​ណា​មិញ ចាប់​តាំង​ពី​​បើក​រដូវ​កាល​ថ្មី​នេះ​មក ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​វែល​រូប​នេះ​ដូចជា​មាន​សម្ពាធ​ខ្លាំង​ណាស់ ទាំង​នៅ​ក្នុង​ក្រុម​ក៏​ដូចជា​ពីអ្នក​គាំទ្រ​ ពោល​គឺ​មិន​ពេញ​ចិត្ត​នឹង​រូប​គេ​ទាល់​តែ​សោះ។

 

 

ចុះ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ជួប​ការ​លំបាក​យ៉ាង​នេះ​នៅ Real Madrid ? គេហទំព័រ sportskeeda ​បាន​លើក​យក​ហេតុផល​៥​យ៉ាង​ដើម្បី​ពន្យល់​ដល់​មិត្ត​អ្នក​អាន​ឱ្យ​បាន​ដឹង​ទាំង​អស់​គ្នា៖

 

១. ធ្លាក់​ទម្រង់​លេង​ខ្លាំង​ពេក

 

 

Bale ​ចាប់​តាំង​ពី​បើក​រដូវ​កាល​ថ្មី​នេះ​មក ហាក់​ដូចជា​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន។ ដូច​កាល​ប្រកួត​ជាមួយ​ក្រុម Barcelona ​អីចឹង រូប​គេ​បាន​ប៉ះ​បាល់​តែ​១៤​ដង​គត់​នៅ​តង់​ទី​២ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​តែ​ម្ដង។ មួយ​វិញ​ទៀត ការ​ខក​ខាន​រក​គ្រាប់​បាល់​ក៏​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​គេ​ជួប​ការ​លំបាក​នេះ​ផង​ដែរ ព្រោះ​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ម្នាក់​បើ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ វា​ជា​រឿង​យ៉ាប់​ហើយ។

 

២. អ្នក​គាំទ្រ Real Madrid ​រក​រឿង​ខ្លាំង​ពេក

 

 

បន្ទាប់​ពី​រឿង​ធ្លាក់​ទម្រង់​លេង​ គឺ​ចូល​ដល់​វគ្គ​អ្នក​គាំទ្រ​ម្ដង។ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ទោះ​ជា​ Bale ​ប្រឹង​ប្រែង​យ៉ាង​ណា ក៏​នៅ​តែ​ត្រូវ​បាន​កាសែត​ក៏​ដូចជា​អ្នក​គាំទ្រ​មួយ​ចំនួន​រក​រឿង​គេ​រហូត​ដែរ។ តួយ៉ាង​ដូច​កាល​ពី​​ដើម​ឆ្នាំ​២០១៥ គ្រាន់​តែ​រូប​គេ​មិន​បាន​បោះ​បាល់​ឱ្យ Ronaldo ​ស៊ុត​នោះ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​នាំ​គ្នា​បោះ​ឆ្នោត​ចង់​លក់​រូប​គេ​ចេញ​ទៅ​ហើយ។ ថ្មី​ៗ​នេះ​ទៀត​សោត បន្ទាប់​ពី​ចាញ់​ក្រុម Barcelona ​នោះ ក៏​មាន​អ្នក​គាំទ្រ​៣​នាក់​ចាំ​ស្ទាក់​ផ្លូវ​វាយ​ឡាន​របស់​គេ​ដែរ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា អ្នក​គាំទ្រ​នៅ​អេស្ប៉ាញ​គឺ​ជា​កត្តា​មួយ​ធំ​សម្រាប់​ Bale ​មែន។

 

៣. តម្លៃ​ខ្លួន

 

 

តម្លៃ​ខ្លួន​នេះ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​ Gareth Bale ​មាន​បញ្ហា​ស្មុគស្មាញ​មែន ពោល​គឺ​រូប​គេ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ Real Madrid ​ដូច្នេះ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​សក្ដិ​សម​ទៅ​នឹង​ឈ្មោះ​នេះ។ Bale ​ត្រូវ​ជាប់​ជម្រើស​ដំបូង​នៅ​ជួរ​មុខ​ជាមួយ Benzema ​និង​ Ronaldo ​រហូត​ ព្រោះ​រូប​គេ​ជា​កីឡាករ​ទិញ​មក​ថ្លៃ។ ប្រសិន​បើ​រូប​គេ​ជា​កីឡាករ​ដែល​ទិញ​មក​ត្រឹម​២០​លាន​អឺរ៉ូ​អី​នោះ ប្រហែល​ជា​មិន​អាច​ជាប់​១១​នាក់​ដំបូង​របស់​លោក Carlo Ancelotti ​ឡើយ ហើយ​ក៏​ប្រហែល​ជា​អាច​មាន​ទម្រង់​លេង​ល្អ​ជាង​នេះ​ដែរ ព្រោះ​មិន​មាន​សម្ពាធ​ខ្លាំង​ពី​គ្រូ​បង្វឹក។

 

៤. Cristiano Ronaldo

 

 

រឿង​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ Bale ​ពិបាក​នៅ​ Real Madrid ​នោះ​អាច​ជា Cristiano Ronaldo។ មាន​មតិ​ជា​ច្រើន​បាន​និយាយ​ពី​រឿង​របស់​កីឡាករ​ទាំង​ពីរ​នេះ​ថា ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ប៉ុន្តែ​គ្រាន់​តែ​ថា Ronaldo ​ជា​តួ​ឯក ឯ​​ Bale ​ជា​តួ​រង​តែ​ប៉ុណ្ណោះ។ រឿង​នេះ​ជា​មូលហេតុ​ធំ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​កីឡាករ​កម្ពស់​១,៨៣​ម៉ែត្រ​រូប​នេះ​មាន​ការ​ពិបាក​សម្រេច​ចិត្ត​ពេល​អូស​បាល់​ស៊ុត​ម្ដង​ៗ ព្រោះ​ថា​បើ​អាច​ស៊ុត​ចូល​គឺ​ល្អ​ហើយ តែ​បើ​មិន​ចូល​វិញ​ប្រាកដ​ជា​មាន​កំហុស​ហើយ។

 

៥. ការ​រំខាន​ផ្លូវ​ចិត្ត​

 

 

ជាក់​ស្ដែង Bale ​ពិត​ជា​មាន​បញ្ហា​ត្រង់​នេះ​មែន ព្រោះ​ថា​រាល់​ថ្ងៃ​នេះ​រូប​គេ​ត្រូវ​បាន​សារព័ត៌មាន​អេស្ប៉ាញ​ចុះ​ផ្សាយ​មិន​ឈប់​ទេ។ រឿង​ដែល​គេ​ចុះ​ផ្សាយ​ច្រើន​ជាង​គេ​នោះ​គឺ​ការ​ផ្លាស់​ចេញ​ពី​ Real Madrid ​តែ​ម្ដង បើ​ទោះ​បី​ជា​រូប​លោក​បាន​ចេញ​មក​បញ្ជាក់​ជា​ច្រើន​ដង​ថា​មិន​ចេញ​ពី​អេស្ប៉ាញ​នេះ​ក៏​ដោយ។ មួយ​វិញ​ទៀត គឺ​រឿង​មិត្ត​រួម​ក្រុម​ដែល​តែងតែ​លេង​សើច​ជាមួយ​រូប​គេ​ច្រើន​ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​អតីត​យុវជន​របស់ Southampton ​រូប​នេះ​គិត​ច្រើន​ផង​ដែរ ពោល​គឺ​រូប​គេ​ធ្លាប់​បាន​និយាយ​ថា ​មិន​ចូល​ចិត្ត​ឱ្យ​អ្នក​​ណា​​​ចំអន់​គេ​ច្រើន​នោះ​ទេ។

 

ហេតុ​ផល​៥​យ៉ាង​ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​គំនិត​របស់​ sportskeeda ​តែ​ប៉ុណ្ណោះ។ ចុះ​បើ​តាម​យោបល់​មិត្ត​អ្នក​អាន​វិញ​ តើ​គិត​ថា​សក្ដិ​សម​ និង​យល់​ស្រប​ដែរ​ឬ​ទេ?

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ sportskeeda