អុញ! នៅសុខៗសង្សារសួរតាមត្រង់ថា ធ្លាប់រួមភេទអត់ គិតម៉េចវិញ?
- 2014-10-08 17:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញ! នៅសុខៗសង្សារសួរតាមត្រង់ថា ធ្លាប់រួមភេទអត់ គិតម៉េចវិញ?
ចន្លោះមិនឃើញ
មិត្តយុវវ័យត្រូវបានសង្សារជាទីស្រលាញ់ជជីកសួរដេញដោលចំៗថា ធ្លាប់ដែលរួមភេទអត់ គួរឆ្លើយយ៉ាងម៉េចវិញ។ សំនួរមួយនេះ មិនមែនងាយស្រួលឆ្លើយប៉ុន្មានទេ ជាពិសេសបុរសៗ ដែលធ្លាប់ខិលខូចហ្នឹងឯង ច្បាស់ជាគាំងនិយាយមិនចេញទេមើលទៅ។ ចុះចំណែកយុវវ័យខាងក្រោម មានទស្សនៈយ៉ាងណាដែរចំពោះបញ្ហាដ៏រសើបមួយនេះ?
"ខ្ញុំថា ដូចជាគ្មានអ្វីត្រូវលាក់ផង ធម្មតាបើមនុស្សស្រលាញ់គ្នាស្មោះមិនគួរមានអាថ៌កំបាំងជាមួយគ្នាឡើយ ប្រាប់គេតាមត្រង់ទៅមានអ្វីត្រូវខ្លាច តែបើយើងព្យាយាមលាក់បាំងអតីតកាលស្នេហារបស់យើងចំពោះគេមានន័យថា យើងមិនស្មោះនឹងគេបាត់ទៅហើយ"។ នេះជាការបញ្ជាក់ឲ្យដឹងពី លោក សុទ្ធ កុសល អាយុ ២៤ ឆ្នាំ និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស។
លោកបានបន្ថែមដូច្នេះទៀតថា៖ ម្យ៉ាងទៀតបើសិនជាគេស្រលាញ់យើងស្មោះ នោះគេមិនប្រកាន់ពីអតីតកាលមិនល្អរបស់យើងឡើយ ទោះបីយើងធ្លាប់ខិលខូចយ៉ាងណា ក៏គេនៅតែទទួលយើងបានដែរ។ គ្មានអ្នកណាមួយដែលមិនធ្លាប់ធ្វើខុសនោះទេ។
រូបតំណាង
គិតដល់ចំណុចខាងលើ យុវជន ជន សុទ្ធា អាយុ២១ឆ្នាំ និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យន័រតុនបាននិយាយប្រាប់ថា៖ "ទោះបីជាយើងខំប្រឹងលាក់បាំងគេ យ៉ាងណាខ្ញុំជឿថាមុន និង ក្រោយជៀសមិនផុតពីសង្សារដឹងទេ បើមិនប្រាប់ពេលហ្នឹងទេ ដល់ពេលបែកការថ្ងៃក្រោយច្បាស់ជាមានរឿងធំជាមិនខានឡើយ"។
និស្សិតជំនាញព័ត៌មានវិទ្យាដដែលរូបនេះបានបន្តឲ្យដឹងទៀតថា៖ ប្រាប់ការពិតទៅថាយើងធ្លាប់មានសង្សារប៉ុន្មានអ្នក ធ្លាប់ជ្រុលជ្រួសអីដែរអត់ ចាំមើល តើគេមានប្រតិកម្មអីដែរអត់ បើគេទទួលបានក៏បាន ហើយបើមិនបានក៏ហីទៅ កុំលាក់គេអីមិនល្អទេ។
យល់ឃើញស្រដៀងៗគ្នានេះដែរ កញ្ញា គង់ គន្ធា អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យច្បារអំពៅ បាននិយាយថា៖ គ្មានហេតុផលអ្វីត្រូវលាក់បាំងប្រវត្តិស្នេហាជាមួយសង្សារនោះទេ ព្រោះអ្នកខ្លះស្រលាញ់គ្នា សម្លឹងមើលឃើញដល់អនាគតទើបគេសួរពីអតីតកាលរបស់យើងដូច្នេះ។
ឆ្លើយតបទៅនឹងសំនួរថា៖ "ចុះអត់ខ្លាចប្រាប់ពីប្រវត្តិស្នេហាមិនល្អរបស់យើងទៅគេត្រង់ៗ ហើយគេទទួលយកអត់បានទេហ៎?" គន្ធា បានឆ្លើយថា៖ រឿងហ្នឹងយើងមើលដែរ បើសិនជាគេស្រលាញ់យើងស្មោះមែនដាច់ខាតត្រូវតែប្រាប់គេតាមត្រង់ តែបើគេគ្រាន់តែជាមនុស្សចង់លេងសើចជាមួយយើង មិនប្រាប់ពីប្រវត្តិពិតឲ្យគេដឹងនោះទេ។
ទោះបីជាយ៉ាងណា យុវជន ប្រាក់ បញ្ញារិទ្ធិ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានបញ្ចេញទស្សនៈប្រឆាំងទៅនឹងទស្សនៈទាំងអស់ខាងលើថា៖ "ដាច់ខាតមិនត្រូវប្រាប់ពីប្រវត្តិយើងទៅគេទាំងអស់នោះទេ ជាពិសេសរឿងធ្លាប់ជ្រុលជ្រួសខ្លួនប្រាណហ្នឹង បើអាចកុហកគេបាន គួរតែនិយាយកុហកខ្លះទៅ"។
បញ្ញារិទ្ធិ បានបន្ថែមទៀតថា៖ ពេលខ្លះការកុហកមិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ តែបើសិនជាយើងប្រាប់គេទាំងអស់ នៅពេលដែលមានរឿងឈ្លោះប្រកែកគ្នាគេ ប្រាកដជាលើកយករឿងយើងធ្លាប់មានសង្សារមកឌឺឲ្យយើងជាមិនខានឡើយ៕
ចុះមិត្តយុវវ័យវិញ យល់ថា សំនួរមួយនេះ ពិតជាពិបាកឆ្លើយមែន ឬយ៉ាងណា?
អត្ថបទ៖ យិន សំបូរ