ស៊ន​ សៀវម៉ី​ ចូល​ជួប​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​

  • 2014-10-08 19:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស ​ ស៊ន​ សៀវម៉ី​ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​​​លោក​​ គីម​ ហាន់ស៊ូ​ ឯក​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤ បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា​ដោយ​​នាំ​ជ័យជម្នះ​​ជួន​ជាតិ​​យ៉ាង​​ត្រចះត្រចង់។

 

វីរនារី​កម្ពុជា​ ស៊ន​ សៀវម៉ី​ និង​លោក​គ្រូ​បង្វឹក​ ឆយ​ យ៉ុងសុក​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជាជន​កូរ៉េ​ដែល​បាន​ចូល​រួម​ លើក​ទឹក​ចិត្ត​ និង​ជួយ​គាំទ្រ​យ៉ាង​ខ្លាំង​បែប​នេះ។ បន្ថែម​លើ​នេះ​សាមី​ខ្លួន​ នឹង​បន្ត​ខិតខំ​បន្ថែម​ទៀត​សម្រាប់​កិត្តិយស​ប្រទេស​ជាតិ​ទាំង​មូល​ និង​ជា​ការ​តប​ស្នង​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​នានា។

 

ឯក​អគ្គ​រដ្ឋទូត​​បាន​លើក​ឡើង​ថា​ មេដាយ​មាស​នេះ​មិន​មែន​ជា​​របស់​សាមី​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល​ ហើយ​លោក​សូម​ចូលរួម​អបអរ​ចំពោះ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​របស់​កញ្ញា។ លោក​បាន​បន្ត​ថា​ ប្រជាជន​កូរ៉េ​ទាំង​នៅ​កូរ៉េ​ និង​នៅ​កម្ពុជា​សុទ្ធ​តែ​បាន​ចូល​រួម​អបអរ​សាទរ​នឹង​ជ័យ​ជម្នះ​​​នេះ​ដែល​​ហាក់​ដូចជា​ការ​ប្រកួត​របស់​កូរ៉េ​​ដែរ។

 

លោក​អគ្គរដ្ឋ​ទូត​​បាន​សង្កត់​ធ្ងន់​ថា​ នេះ​ជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​សៀវម៉ី​​ត្រូវ​​ខំ​ប្រឹង​​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​ថែម​ទៀត​នៅ​ 2016 Rio Olympic Game នា​ពេល​ខាង​មុខ។ លោក​បាន​ថ្លែង​ដូចនេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ ស៊ន​ សៀវម៉ី​ និង​លោក​គ្រូ​បង្វឹក​ ឆយ​ យ៉ុង​សុក​ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​តុលា​ ឆ្នាំ​២០១៤​​នៅ​ទី​ស្នាក់​ការ​ទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា។

 

ស៊ន សៀវម៉ី​ និង​លោកគ្រូ​ ឆយ​ យ៉ុងសុក ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ឯកអគ្គរដ្ឋទូតកូរ៉េ​ខាងត្បូង គីម ហាន់ស៊ូ

 

 

កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ លោក​អគ្គរដ្ឋទូត​នឹង​រៀប​ចំ​ការ​ប្រកួត​តេក្វាន់ដូ​សម្រាប់​ពាន​រង្វាន់​ឯកអគ្គរដ្ឋទូត​ (Ambassador's Cup Taekwando)​ នៅ​ថ្ងៃ​ទី​ ២៩‑៣០​ ខែ​តុលា​ ខាង​មុខ​នេះ​៕

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី