ចូល​ឆ្នាំ​ថ្មី​មាន​គម្រោង​​ទៅ​កម្សាន្តនៅ​​ទី​​ណា​?​

  • 2015-04-14 13:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​​បាន​​មក​ដល់​នៅ​ថ្ងៃ​នេះ​ ​ចង់ដឹង​ថា​ តើ​មិត្ត​យុវវ័យ​​យើង​​មាន​គម្រោង​ទៅ​កម្សាន្ត​នៅ​​ទី​ណា​ខ្លះ​?

 

លោក​គង់ ដារ៉ា​វុធ​បុគ្គលិក​នៃ​វិទ្យាស្ថាន​ព្រះ​កុសុមៈ​បាន​ប្រាប់​ឱ្យ​Sabay ដឹងថា ​​លោក​មាន​គម្រោង​​ត្រឡប់​ទៅ​ស្រុក​នៅ​ឯ​ខេត្ត​កំពង់ចាម​ ហើយ​ជូន​អ្នក​ម្ដាយ​ទៅ​វត្ត​ និង​ជួយ​ការ​ងារ​គាត់​តាម​ដែល​អាច​ធ្វើ​បាន​​ ព្រោះ​​ពេល​ ​ដារ៉ាវុធ ​នៅ​ភ្នំពេញ​គឺ​គ្មាន​អ្នក​ណា​ជួយ​ធ្វើ​ការងារ​អ្នក​មាន​​គុណ​ទេ​។ លោក​ដារ៉ា​វុធ​ក៏​បាន​​ផ្ដាំ​ផ្ញើ​ដល់​អ្នក​ដែល​មក​រស់​នៅ​ឆ្ងាយ​ពី​ឪពុក​ ម្ដាយ​ទាំង​អស់​ថា «​ពេល​វេលា​ដែល​កន្លង​ទៅ​មិន​អាច​ត្រឡប់​ក្រោយ​ទេ! មនុស្ស​​គ្រប់​រូប​ រួម​ទាំង​ឪពុក​ម្ដាយ​យើង​ផង​នឹង​ចាស់​ទៅ​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ! ដូច្នេះ​គួរ​តែ​​ចំណាយ​ពេល​វេលា​នៅ​ជា​មួយ​ពួក​គាត់! កុំ​​ព្រោះ​តែ​រវល់​ធ្វើការ​ឬ​រវល់​រៀន​មិន​បាន​ទៅ​ជួប​គាត់​ក្នុង​ឱកាស​ពិសេស​បែប​នេះ»។

​​

 

កញ្ញា ស្រី​ណា​ ជា​អ្នក​ចម្រៀង​បុរាណ​បាន​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​កញ្ញា នឹង ធ្វើ​ពិធី​សុំខមាទោស​​ចំពោះ​អ្នក​ម្ដាយ​ដើម្បី​​លាង​នូវ​រាល់​ទង្វើ​​និង ពាក្យ​សម្ដី​ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅ​លើ​គាត់​ និង​ និមន្ត​ព្រះសង្ឃ​​មក​ស្រោច​ទឹក​ជាមួយ​គ្រួសារ។អ្នក​ចម្រៀង​ប្រពៃណី​​​ដែល​ មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ក៏​បាន​ផ្ញើ​សារ​ដល់​មិត្ត​យុវវ័យ​ដទៃ​ទៀត​​ផង​ដែរ​ថា « អ្វី​ដែល​បង​ចង់​ប្រាប់​គឺ ​ធ្វើ​បុណ្យ​ជា​មួយ​ឪពុក​ម្ដាយ ឱ្យ​ច្រើន​ទាន់​ខែ​ភ្លឺ»។

 

ស្រដៀង​គ្នា​នេះ​ដែរ​​កញ្ញា ប៉ែន ម៉ា​ណែត​​និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ក៏​បាន​ឱ្យ​ដឹង​ថា​ ក្រៅ​ពី​នាំ​អ្នក​ម្ដាយ​​​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ជីដូន ​ជីតា​​ និង​ជា​ពិសេសជូនជីដូនជីតា​​ដែល​លោក​ឪពុក​បាន​ចែក​ឋាន​ទៅ​ កញ្ញា​នឹង​មាន​ជា​កាដូ​បន្តិច​បន្តួច​​ជូន​ចំពោះ​អ្នក​ម្ដាយ​ផង​ដែរ។ ក្នុង​នាម​ជា​យុវតី​ខ្មែរ​មួយ​រូប​ និស្សិត​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ​ក៏​បាន​​ផ្ដាំ​ផ្ញើ​ថា​ «ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខាង​មុខ​នេះ​សូម​យុវជន​ទាំង​អស់​ចំណាយ​ពេល​ទៅ​ជួប​ជុំ​លោក​ទាំង​ពីរ ​ ទិញ​អំណោយ​ជូន​លោក!​​ កត្តញ្ញូ​ចំពោះ​លោក!​ ពុំ​មាន​ក្តី​ស្រឡាញ់​ណា​ស្មើ​ក្ដី​​ស្រឡាញ់​ពុក​ម៉ែ​ចំពោះ​កូន​ឡើយ»។ ងាក​ទៅ​លោក​សុខ សុធារៈ និស្សិត​ឆ្នាំ​ទី​មួយ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​ក៏​បាន​បន្ថែម​ទាក់​ទង​ទៅ​នឹង​ការ​ទៅ​ជួប​​ជុំ​គ្រួសារ​ថា​ «​យុវវ័យ​គួរ​តែ​ជួយ​សម្អាត​តុប​តែង​ផ្ទះ​ ជួយ​ធ្វើ​ម្ហូប​​ទៅ​វត្ត និង​ទៅ​វត្ត​វ៉ា​ជាមួយ​ឪពុក​ម្ដាយ»។

 

ក្រៅ​ពី​ការ​ជួប​ជុំ​អ្នក​មាន​គុណ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ​យុវជន​ជា សុផាន់ណ្ណៈ និស្សិត​អក្សរ​សាស្ត្រ​អង់គ្លេស​​​នៃ​វិទ្យា​ស្ថាន​ភាសា​បរទេស​ក៏​បាន​​ បន្ថែម​ថា «ត្រូវ​ជំរុញ​អោយ​អ្នក​ជិត​ខាង​ចូល​រួម​ក្នុង​ការ​លេង​ល្បែង​ប្រជា​ប្រិយ​ដើម្បី​លើក​តម្កើង​វប្បធម៌​ជាតិ»៕

 

អានអត្ថបទ៖ ជោគ​ជតា​រាសី​​ឆ្នាំ​ទាំង​១២​ តាម​​ម​ហាសង្រ្កាន្ត​

អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង 

អត្ថបទពេញនិយម