ហេតុ​ផល​ដែល​ជំរុញ​ឲ្យ​ពេទ្យ​ធ្មេញ​ Master Care ឧបត្ថម្ភ​ដល់​វីរនារី​​ ស៊ន​ សៀវម៉ី

  • 2014-10-09 18:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ដែល​មន្ទីរពេទ្យ​ធ្មេញ​​ ​ Master Care ប្រកាស​ឧត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​ដល់​ម្ចាស់​​​មេដាយ​​មាស​កីឡា​អាស៊ី​ Asian Games 2014 ស៊ន​ សៀវម៉ី​​ កាល​ពី​​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ។​ តើ​មាន​ហេុ​ផល​អ្វី​បាន​ជា​ពេទ្យធ្មេញ​មួយ​នេះ​​ជួយ​ឧត្ថម្ភ​ដល់​វីរនារី​កម្ពុជា?

 

លោក​ស្រី​បាន​ពន្យល់​ថា​ ហេតុ​ផល​ទី​មួយ​ដែល​អ្នកស្រី​ជួយ​ឧបត្ថម្ភ​ដល់​ សៀវម៉ី​ ពីព្រោះ​​​កីឡាករ កីឡាការិនី​​នៅ​ទន់ខ្សោយ​ច្រើន​ ហើយ​ភាគ​ច្រើន​អ្នក​ដែល​ទៅ​ធ្វើ​ជា​កីឡាករ​គឺ​មាន​ជីវភាព​ក្រីក្រ​ រំពឹង​តែ​ប្រាក់​ខែ​រដ្ឋ។ អ្នកស្រី​ថា ៖ «វា​ត្រូវ​ការ​...និយាយ​ឲ្យ​ចំ​វា​ត្រូវ​ការ​ជីវភាព​គ្រាន់​បន្តិច​ទើប​អាច​ទៅ​ប្រកួត​ឈ្នះ​គេ»។

 

 

 លោក​ស្រី​ទន្ត​បណ្ឌិត អេង​ លីគង់​ ផ្តល់​បទ​សម្ភាសន៍​

លោក​ស្រីទន្ត​បណ្ឌិត​​បាន​ប្រាប់​ពី​ហេតុ​ផល​ទី​២​ថា ៖ «ទី​២​ដែល​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ សៀវម៉ី​ ហ្នឹង​ដោយសារ​​ នាង​​​ជា​កីឡាករ​ស្រី​ហើយ​ក្មេង​ទៀត»។ ទន្ត​បណ្ឌិត​ខាង​លើ​បន្ថែម​ថា​ សង្គម​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​បាន​ឲ្យ​តម្លៃ​ដល់​ស្ត្រី​ខ្លាំង​ឲ្យ​ដូច​បុរស​នោះ​ទេ​ ដូច្នេះ​ការ​ជួយ​ឧបត្ថម្ភ​នេះ​នឹង​ជួយ​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​ដល់​ក្មេង​ស្រី​ដទៃ​ទៀត​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​ តស៊ូ​ដោយ​ខ្លួន​ឯង​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​គោល​បំណង​របស់​ខ្លួន។

 

ផ្សេង​ពី​នេះ​ ម្ចាស់​គ្លីនិក​ខាង​លើ​ក៏​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​‑កីឡា​ការិនី​ជា​បន្តបន្ទាប់​ទៀត​រាល់​ពេល​ដែល​អ្នក​ទាំង​នោះ​អាច​នាំ​យក​មេដាយ​មក​ជូន​ជាតិ​មាតុភូមិ​ ហើយ​បច្ចុប្បន្ន​អ្នកស្រី​បាន​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​ទុក​ជួយ​ឧបត្ថម្ភ​ដល់​វិស័យ​កីឡា​ផង​ដែរ។

 

គ្លីនិកធ្មេញ​មួយនេះ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​​ដល់ ស៊ន សៀវម៉ី កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៦ ខែ​តុលា​កន្លង​ទៅ​​នៅ​ទី​ស្តីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្តី​ពី​លទ្ធផល​​នៃ​ការ​ចូល​រួម​ប្រកួត​​របស់​ក្រុម​កីឡា​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឆ្នាំ​២០១៤។

 

គ្លីនិក​ធ្មេញ​ Master Care Dental Clinic បាន​កកើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ក្រោម​ឈ្មោះ​ថា​បន្ទប់​ព្យាបាល​ធ្មេញ​ អេង​ លីគង់​ ដោយ​មាន​តែ​អ្នកស្រី​ អេង​ លីគង់​ ធ្វើ​ការ​តែ​ម្នាក់​ឯង​គត់។ រហូត​មក​ដល់​ឆ្នាំ​២០០៣​ទើប​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ Master Care Dental Clinic ដោយ​មាន​ទន្ត​បណ្ឌិត​បី​រូប​ ហើយ​បច្ចុប្បន្ន​មាន​ទន្ត​បណ្ឌិត​ប្រាំ​រូប​រួម​គ្នា​បម្រើ​ការងារ​តាម​ឯកទេស។

 

ម្ចាស់​គ្លីនិករូប​​នេះ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​រួម​មាន​ការ​សិក្សា​ផ្នែក​ទន្ត​បណ្ឌិត​ និង​អនុបណ្ឌិត​ផ្នែក​រាក់​ស៊ី​ធ្មេញ​នៅ​កម្ពុជា​ សិក្សា​ផ្នែក​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​នៅ​ប្រទេស​អាល្លឺម៉ង់​ ​តាម​ Online ផ្នែក​ពត់​ធ្មេញ​ពី​អាមេរិក​ និង​បាន​សិក្សា​វគ្គ​ខ្លីៗ​ច្រើន​ទៀត​ទាក់​ទង​នឹង​ផ្នែក​ធ្មេញ​ និង​ជំនាញ​ផ្សេងៗ​​។

 

គ្លីនិក​ Master Care Dental Clinic ស្ថិត​នៅ​ផ្ទះ​លេខ​៦៩១ មហាវិថី ព្រះ​មុនីវង្ស សង្កាត់​បឹងកេងកង​៣ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ។ ទូរសព្ទ​៖ ០២៣ ៩៩៣ ៩៣៦ ឬ ០១៦ ៨២០ ០៨១៕

 

អត្ថបទ៖ អៀង​ សូទ្រី