បញ្ហា ៩ យ៉ាង​អ្នក​ប្រើ​ប្រាស់​ត្អូញត្អែរ​ពី​ Apple Watch

  • 2015-05-07 17:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជា​ផ្លូវការ​​​ប៉ុន្មាន​សប្ដាហ៍​នេះ Apple Watch គឺ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ប្រើ​ប្រាស់​ និង​ អ្នក​​វាយតម្លៃ​មួយ​ចំនួន​​បាន​ត្អូញត្អែរ​​​ពី​​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ប្រើ​ប្រាស់​នាឡិការ​ឆ្លាតវៃ​របស់​ក្រុមហ៊ុន​ Apple នេះ។​

 

​១. មុខងារ​តាម​ដាន​ចង្វាក់​បេះ​ដូង​មិន​ដំណើរ​ការ​គ្រប់ពេល​​លើ​ដៃ​មាន​ស្នាម​សាក់

 

 

​អ្នក​ប្រើ​ប្រាស់​ Apple Watch មួយ​ចំនួន​បាន​រអ៊ូ​ថា​​មុខងារ​តាម​ដាន​ចង្វាក់​បេះ​ដូង​នៅ​លើ​ Apple​ Watch ​គឺ​មិន​ដំណើរ​ការ​នៅ​លើ​ដៃ​ដែល​មាន​ស្នាម​សាក់​នោះ​ទេ។ ស្រប​ទៅ​តាម​របាយការណ៍​នេះ​ដែរ​ក្រុមហ៊ុន​ Apple ​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់ Apple Watch ថា​ស្នាម​សាក់​អាច​រាំង​ស្ទះ​ដល់​ Sensor របស់​Apple Watch​ ដូច្នេះ​វា​មិន​ដំណើរ​ការ​នោះ​ទេ។

 

២. ​មុខងារ​ Handoff ​ដំណើរ​ការ​មិន​សូវ​ស្រួល​

 

មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​និយាយ​ថា​​មុខងារ​ Handoff ​គឺ​មិន​ដំណើរ​ការ​លើ​ Apple Watch នោះ​ទេ​នៅ​ពេល​ដែល​ពួក​គេ​ចង់​ចូល​ប្រើ​ប្រាស់​ទិន្នន័យ​ក្នុង​ iCloud ​ពេល​ប្ដូរ​ពី​ iPhone ឬ iPad។ ​ ​នោះ​បើ​តាម​ទំព័រ​ពិភក្សារ​របស់​ Apple​។

 

៣. ពិបាក​សាក​ថ្ម

 

 

នៅ​ចុង​ខែ​មេសា​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​រាយការណ៍​តាម​រយៈ​ Twitter និង ​Support Communities របស់​ Apple ថា​ការ​សាក​ថ្ម​របស់​នាឡិកា ​​​Apple គឺ​ដំណើរ​ការ​មិន​ត្រឹមត្រូវ​នោះ​ទេ។ នោះ​បើ​តាម​ព័ត៌មាន​នៅ​លើគេហទំព័រ 9to5Mac។ ​ពួក​គេ​បាន​និយាយ​ថា​ការ​ភ្ជាប់​ឆ្នាំង​សាក​គឺ​ត្រឹមត្រូវ​ល្អ​ប៉ុន្តែ​មិន​ឃើញ​មាន​ដំណើរ​ការ​សាកថ្ម​នោះ​ទេ។

 

៤ អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​​​​និយាយ​ថា​ Apple Watch ​ដាក់​ខ្សែ​មិន​ជាប់​ល្អ

 

 

មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​និយាយ​ថា​ Apple Watch គឺ​ពិបាក​ក្នុង​ការ​ដាក់ខ្សែ​នៅ​ពេល​ដែល​ពួក​គេ​ចង់​ប្ដូរ​ខ្សែ​​ម្ដងៗ​ដោយ​ដាក់​វា​មិន​ជាប់​ល្អ។ នោះ​បើ​យោង​តាម​គេហទំព័រ​ MacRumors។ ប្រិយមិត្ត​របស់​ MacRumors ម្នាក់​បាន​សរសេរ​ថា​បញ្ហា​នោះ​កើត​មាន​លើ​​ខ្សែ​របស់​ម៉ូដែល​ Apple Watch Sport ហើយ​មួយ​ចំនួន​ក៏​បាន​និយាយ​ដែរ​ថា​វា​ក៏​កើត​មាន​លើ​ប្រភេទ​ខ្សែ Milanese Loop ដែរ។

 

៥. ​ផ្ទៃ Interface របស់ ​Apple Watch ​រញ៉េរញ៉ៃ​ពិបាក​ប្រើ

 

​អ្នក Review ម្នាក់​របស់​គេហទំព័រ​ New York Time ​បាន​និយាយ​ថា​កម្មវិធី​នៅ​លើ​ Apple Watch ​គឺ​​​​ពិបាក​ប្រើ​ប្រាស់​និង​មាន​ភាព​រញ៉េរញ៉ៃ​​​ដោយ​ពិបាក​ចាំ​របៀប​​ចុច​ថា​ តើ​ត្រូវ​ចុច​ត្រង់​ណា ​និង​ផ្នែក​អេក្រង់​ខាង​ណា។

 

៦. ​ពន្លឺ​បើក​អេក្រង់​មិន​ដំណើរ​ការ​

 

 

ផ្ទៃ​ពន្លឺ​អេក្រង់​របស់​ Apple Watch ​គឺ​បញ្ចេញ​ពន្លឺ​​ឡើង​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ចង់​បើក​តែ​ប៉ុណ្ណោះ​ ដូច្នេះ​វា​គឺ​ជួយ​សន្សំ​ថាមពល​ថ្ម។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​អ្នក​ Review មួយ​ចំនួន​បាន​​និយាយ​​ថា​​ពន្លឺ​នៅ​លើ​អេក្រង់​គឺ​មិន​ដំណើរ​ការ ​​​​បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដំណើរ​ការ​​​វា​ក៏​ដោយ។ អ្នក​ Review របស់​គេហទំព័រ​ Bloomberg លោក Joshua Topolsky ​បាន​និយាយ​ថា​ជួន​កាល​គាត់​បាន​ក្រវី​ដៃ​ចុះ​ឡើង​ជា​ច្រើន​ដង​ដើម្បី​ឲ្យ​នាឡិកា​បញ្ចេញ​ពន្លឺ​ឡើង។

 

៧. ​អ្នក​ Review ម្នាក់​បាន​និយាយ​ថា​ Apple Watch មាន​ដំណើរ​ការ​យឺត

 

 

​អ្នក​ Review ម្នាក់​របស់​គេហទំព័រ​ The Verge ឈ្មោះ Nilay Patel បាន​សរសេរ​ថា​​ Apple Watch គឺ​មាន​ដំណើរ​ការ​យឺត។ ​​​វា​មាន​ដំណើរ​ការ​រអាក់រអួល​ពេល​បើក​ Notification ​និង​ដំណើរ​ការ​ចូល​ទៅ​កាន់​ទីតាំង​ទិន្នន័យ​​ពី ​iPhone ជា​ដើម។

 

៨. Third-Party app ​ដែល​បាន​ដំឡើង​នៅ​លើ​ Apple Watch ​​​​ដំណើរ​ការ​មិន​ស្រួល

 

​អ្នក​ Review របស់​គេហទំព័រ​ CNET​ បាន​សរសេរ​ថា​​ third-party app ​ដែល​បាន​ដំឡើង​នៅ​លើ Apple Watch គឺ​មាន​ដំណើរ​ការ​យឺត​ និងកម្មវិធី​មួយ​ចំនួន​មិន​ដំណើរ​ការ​តែ​ម្ដង។ ចំណែក​អ្នក​ Review របស់​គេហទំព័រ Business Insider ក៏​បាន​និយាយ​ដែរ​ថា​មាន​កម្មវិធី​ចំនួន ៣៥០០​​​ ​សម្រាប់​​ដោនឡូដ​លើ​ Apple Watch ​ប៉ុន្តែ​កម្មវិធី​ភាគ​ច្រើន​គឺ​ដំណើរ​ការ​មិន​ល្អ​ហើយ​ខ្លះ​ទៀត​គឺ​មិន​ដំណើរ​ការ​តែ​ម្ដង។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្រុម​អ្នក​ផលិត​កម្មវិធី​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ។

 

៩. ​អ្នក​ប្រើ​ប្រាស់​ Apple Watch មួយ​ចំនួន​បាន​និយាយ​ថា​ពួក​​មាន​ស្នាមកន្ទួល​​រមាស់​​​បន្ទាប់​ពី​ពាក់​វា

 

 

យោង​តាម​គេហទំព័រ​របស់​អ៊ីតាលី​មួយ​ឈ្មោះ​ថា​ iSpazio ​បាន​ឲ្យ​ដឹង​ថា​មាន​អ្នក​ប្រាស់​មួយ​ចំនួន​បាន​ត្អូញត្អែរ​​ចំពោះ​ស្នាម​កន្ទួល​រមាស់​នៅ​លើ​ដៃ​របស់​ពួក​គេ​បន្ទាប់​ពី​បាន​ពាក់​នាឡិកា​របស់​ក្រុមហ៊ុន Apple៕

 

អាន​បន្ត៖ Apple Watch​ ត្រូវ​រាយ​ការណ៍​ថា​ ធ្វើ​ឲ្យ​កន្ទួល​​ខូច​​ស្បែក​​អ្នក​ខ្លះ​ក្រោយ​ពាក់

អាន​បន្ត៖ Apple ប្រកាស​ថា​​​នាឡិកា នឹង​មិន​ដំណើរ​ការ​លើ​ដៃ​មាន​ស្នាម​សាក់

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ Businessinsider

​​