ជំនួយការ​បើក​យន្តហោះ​អាល្លឺម៉ង់ សម​បើក​យន្តហោះ​ទម្លាក់​ខ្លួន​មុន​ជួប​គ្រោះ​ថ្នាក់

  • 2015-05-07 21:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​មិនា​កន្លង​ទៅ គ្រោះ​ថ្នាក់​លើ​ជើង​ហោះហើរ 4U 9525 របស់​​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwings បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​ពិភពលោក ដោយសារ​គ្រោះ​ថ្នាក់​នោះ​បណ្ដាល​មក​ពី​ការ​ធ្វើ​អត្តឃាត​របស់​ជំនួយការ​អាកាសយានិក។ ពេល​នេះ របាយការណ៍​ថ្មី​បាន​លាត​ត្រដាង​ថា ជំនួយការ​អាកាសយានិក​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជាង​មួយ​រយ​នាក់​បាត់​បង់​ជីវិត លួច​ហាត់​សម​បើក​យន្តហោះ​ទម្លាក់​ខ្លួន​មុន​ជួប​គ្រោះ​ថ្នាក់។

 

ជំនួយការ​អាកាសយនិក​ដែល​ធ្វើ​អត្តឃាត 

 

ជំនួយការ​អាកាសយានិក​របស់​ក្រុមហ៊ុន Germanwings លោក Andreas Lubitz បាន​ហាត់​សម​បើក​យន្តហោះ​ឲ្យ​ជួប​គ្រោះ​ថ្នាក់ ដោយ​ដាក់​ការ​បញ្ជា​យន្តហោះ​ទម្លាក់​ខ្លួន។ បើ​តាម​របាយការណ៍​ផ្លូវ​ការ​ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ការិយាល័យ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្លូវ​អាកាស (BEA) បាន​បញ្ជាក់​ថា លោក Lubitz បញ្ជា​យន្តហោះ​ឲ្យ​ដាំ​ក្បាល​ចុះ​ទៅ​ក្រោម​ជា​ច្រើន​លើក បន្ទាប់​មក​ទើប​បញ្ជា​ឲ្យ​ហោះ​ឡើង​វិញ។

 

សកម្មភាព​ហាត់​សម​នេះ បាន​ធ្វើ​ឡើង​ទៅ​លើ​យន្តហោះ​ប្រភេទ A320 ដូច​គ្នា​ជាមួយ​យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់។ របាយការណ៍​ខាង​លើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អាកាសយានិក​បាន​ចាក​ចេញ​ពី​បន្ទប់​បញ្ជាការ​ហោះ​ហើរ ទុក​ឲ្យ​ជំនួយការ​នៅ​ម្នាក់​ឯង​ដូច​គ្នា។

 

ការិយាល័យ BEA បាន​អះអាង​ថា ប្រអប់​ខ្មៅ​បង្ហាញ​ពី​ជំនួយការ​អាកាសយានិក Lubitz បញ្ជា​យន្តហោះ​ផ្សេង​ទៀត​មុន​ជួប​គ្រោះ​ថ្នាក់​ឲ្យ​ទម្លាក់​ក្បាល​ចុះ​ក្រោម ៥​ដង ក្នុង​អំឡុង​ពេល ៤​នាទី​កន្លះ ដោយ​ផ្លាស់​ប្ដូរ​ពី​ការ​បញ្ជា​ស្វ័យ​ប្រវត្តិ ទៅ​កម្ពស់​អប្បបរមា ១០០ហ្វីត(ជាង ៣០​ម៉ែត្រ) វិញ។ ​​

 

 រូបភាព​ដែល​គេ​សន្និដ្ឋានហេតុការណ៍​​មុន​ជួប​គ្រោះ​ថ្នាក់

 

លោក Remi Jouty ដែល​ជា​ប្រធាន​ភ្នាក់ងារ​ស៊ើប​អង្កេត​គ្រោះ​មហន្តរាយ​ផ្លូវ​អាកាស​បារាំង បាន​និយាយ​ថា "ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​របស់​គាត់​ពេល​នោះ... អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន គឺ​គេ​បាន​បញ្ជា​ប៊ូតុង​ទៅ​កម្ពស់​អប្បបរមា ១០០​ហ្វីត ហើយ​ធ្វើ​បែប​នេះ​ជា​ច្រើន​ដង"។ ​​

 

រំលឹក​ឡើង​វិញ ជើង​ហោះហើរ 4U 9525 របស់​​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwings បាន​ជួប​គ្រោះ​ថ្នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មីនា បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ទាំង​អស់ ១៥០​នាក់ (អ្នក​ដំណើរ​១៤៤នាក់ បុគ្គលិក​៦នាក់)។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​លើ​ហេតុការណ៍​ជាក់​ស្ដែង និង​ទាញ​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ គេ​បាន​ដាក់​ការ​សង្ស័យ​ថា​ជំនួយការ​អាកាសយានិក​ជា​អ្នក​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​នេះ៕

 

 

 

ចុចអាន៖ ខ្សែ​អាត់​សំឡេង​បង្ហាញ​ថា​គ្រោះ​ថ្នាក់ 4U9525 កើត​ឡើង​ដោយ​ការ​ធ្វើ​អត្តឃាត

ចុចអាន៖ ប្រអប់​ខ្មៅ 4U 9525 បង្ហាញ​ថា​ភីឡុត​ជាប់​ក្រៅ​បន្ទប់​ព្យាយាម​បុក​ទម្លាយ​ទ្វារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail