កំណត់​ត្រា ៤ យ៉ាង​សំខាន់ៗ របស់​កម្ពុជា នៅ Asian Games 2014

  • 2014-10-10 16:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ជាប់​កំណត់​ត្រា ​៤​យ៉ាង​ សំខាន់ៗ ក្រោយ​ពី​បាន​​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី ១៧ ឆ្នាំ ២០១៤ រៀបចំ​នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង ចប់​រួចរាល់​​កាល​ពី​ពេល​ថ្មីៗ នេះ។

 

 

១) រក​ឃើញ​កីឡា​ការិនី​ម្នាក់​មាន​សារធាតុ​​​ជំនួយ​កម្លាំង​ហាម​ឃាត់​​មុន​ការ​ប្រកួត៖ កីឡា​ការិនី យី សុផានី ផ្នែក​កីឡា Soft Tennis ត្រូវ​បាន​ គណៈកម្មាធិការ​អូឡាំពិក​អាស៊ី​(OCA)​ បាន​ធ្វើ​តេស្ត​ទឹក​នោម កាល​ពី​ថ្ងៃ​ទី​​១៦ ខែ​កញ្ញា​​ មុន​ពេល​ព្រឹត្តិការណ៍​ Asian Games។ ជា​លទ្ធផល​គណៈកម្មាធិការ​រក​ឃើញ​ថា ទឹក​នោម​នោះ​មាន​​សារធាតុ​ហាម​ឃាត់​​( sibutramine)។ ខាង​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​​បាន​​សម្រេច​​ដក​បេក្ខភាព​កីឡា​ការិនី​រូប​នេះ​ចេញ មិន​ឱ្យ​ប្រកួត។

 

 

២) កីឡា​​ហែលទឹក​ ២ នាក់​ហែល​ដល់​ទី​មុន​គេ​ដូច​គ្នា តែ​មិន​អាច​ឆ្លង​ទៅ​ជុំ​បន្ទាប់​បាន៖

 

កីឡាករ ហែម ថុនពន្លឺ កីឡា​ហែល​ទឹក​កម្ពុជា ហែល​ទឹក​ដល់​ទី​មុន​គេ​​ក្នុង Heat 1 នៅ​អាង​ប្រកួត Munhak Park Tae-hwan Aquatics Center ទាំង​វិញ្ញាសា ហែល​​​ចម្ងាយ ៥០ ម៉ែត្រ​សេរី​បុរស (២៧.៤៦ វិនាទី) និង ហែល​កង្កែប​ចម្ងាយ ៥០ ម៉ែត្រ​ (២៣.៦៧ វិនាទី) តែ​មិន​បាន​ជាប់​ឈ្មោះ​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​បន្ទាប់។

 

ដូច​គ្នា​នេះ​ដែរ កីឡា​ការិនី ហែមថុន វីទីនី ក៏​ហែល​ក្នុង​វិញ្ញាសា​ហែល​សេរី​ចម្ងាយ ៥០ ម៉ែត្រ​ដល់​ទី​មុន​គេ​ដែរ​ដោយ​ប្រើ​ថេរវេលា​ ៣១.១៨ វិនាទី​ ប៉ុន្តែ​មិន​អាច​ឆ្លង​ទៅ​ជុំ​បន្ទាប់​បាន។

 

 

៣) ឈ្នះ​មេដាយ​មាស ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៖ ​កីឡា​ការិនី ស៊ន សៀវម៉ី គឺ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​អាច​ដណ្ដើម​មេដាយ​មាស​ចេញ​ពី​ព្រឹត្តិការណ៍​កីឡា Asian Games គិត​ចាប់​តាំង​ពី​ចូលរួម​លើក​ដំបូង​​នៅ​ឆ្នាំ​ ១៩៥៤ ដល់​ឆ្នាំ ២០១៤ នេះ។ សៀវម៉ី ដណ្ដើម​បាន​មេដាយ​មាស លើ​ប្រភេទ​កីឡា តេក្វាន់ដូ WTF វិញ្ញាសា​ប្រកួត​ទម្ងន់​ក្រោយ​ ៧៣ គីឡូក្រាម ក្រោយ​យក​ឈ្នះ​កីឡា​ការិនី Fatemeh Rouhani របស់​អ៊ីរ៉ង់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​ ៧ ទល់ ៤។

 

 

 

៤) រដ្ឋមន្ត្រី និង នាយករដ្ឋមន្ត្រី​រង់ចាំ​ទទួល​​ម្ចាស់​មេដាយ​មាស​ទាំង​យប់៖

 

ក្រោយ​ទទួល​បាន​ដំណឹង​ថា​កីឡា​ការិនី ស៊ន សៀវម៉ី ឈ្នះ​មេដាយ​មាស​នៅ​កីឡា​អាស៊ី Asian Games ឯកឧត្ដម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន​និង​កីឡា បាន​ទៅ​រង់ចាំ​ទទួល​​ដល់​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​ច្រក VIP។

 

ចំណែក​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រង់ចាំ​ទទួល​ជួប​កីឡា​ការិនី​ជយលាភី និង​ប្រតិភូ នៅ​វិមាន​សន្តិភាព​ នា​វេលា​ម៉ោង ១១:៣០ នាទី​យប់ ថ្ងៃ​ទី ៥ តុលា ឆ្នាំ ២០១៤ និង​ថែម​ទាំង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត និង វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន រួម​ទាំង​បំពាក់​គ្រឿង​ឥស្សរយយស​ថ្នាក់​មហា​សិរិវឌ្ឍន៍​ថែម​ទៀត​ផង។

 

 

 Asian Games បាន​បង្កើត​ឡើង​​អស់​ចំនួន ១៧ លើក​មក​ហើយ​ ចំណែក​កម្ពុជា ធ្លាប់​បាន​ចូលរួម​ប្រកួត​បាន​ចំនួន ១១ លើក​ក្នុង​នោះ​​ដណ្ដើម​មេដាយ​បាន​ចំនួន ៧ គ្រឿង ក្នុង​នោះ​មេដាយ​មាស ១ ប្រាក់ ២ និង សំរឹទ្ធ ៤ គ្រឿង។ សម្រាប់​ ៤ ឆ្នាំ​បន្ទាប់ ពោល​គឺ​ក្នុង​ឆ្នាំ ២០១៨ ​​ការ​ប្រកួត​កីឡា​ថ្នាក់​ទ្វីប​នេះ​​នឹង​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

 

ចំពោះ​ជីវប្រវត្តិ​របស់ ស៊ន សៀវម៉ី សូម​ចុច​ទីនេះ...

 

អត្ថបទ៖ ម៉ឺន រស្មី