ក្រុម​​ស៊ីហ្គេម ប្រកួត​មិត្តភាព ២ លើក ខណៈ​ក្រុម World Cup ប្រកួត ៣ លើក​មុន​​ជំនួប​ផ្លូវការ​មក​ដល់

  • 2015-05-25 18:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ២ ក្រុម​ផ្សេង​គ្នា គឺ ក្រុម​ត្រៀម​ជម្រើស FIFA World Cup និង ក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U-23) ត្រូវ​ប្រកួត​មិត្តភាព​​ខ្លះៗ ២ ទៅ ៣ ប្រកួត​​ទាំង​ក្នុង​ស្រុក និង ក្រៅ​ស្រុក មុន​ប្រកួត​ផ្លូវការ​​មក​ដល់។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម U-23 កម្ពុជា។

 

 

ក្រុម​ជម្រើសជាតិ​កម្ពុជា

  សម្រាប់​ក្រុម​ត្រៀម​ជម្រុះ FIFA World Cup របស់​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម African Selection Team (កីឡាករ​ទ្វីប​អាហ្វ្រិក​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា) នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦:៣០ នាទី ។ នៅ​ថ្ងៃ​ទី ២ ខែ មិថុនា ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Ohara Kazunori នេះ​​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ លើ​វាល​ស្មៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ផង​ដែរ។ ប្រកួត​មិត្តភាព​អន្តរជាតិ​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ប៉ះ​​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ឆ្នាំ ២០១៥។

  ចំពោះ​ក្រុម​ស៊ីហ្គេម​វិញ ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ណាហ្គាវើល នៅ​វេលា​ម៉ោង​ ៦ ល្ងាច​ថ្ងៃ​ទី ២៦ ស្អែក​នេះ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ត្រូវ​​បន្ត​ប៉ះ​ក្រុម Japan Selection Team នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃ ទី ២៩ ខែ ឧសភា មុន​ចេញ​ដំណើរ​ទៅ​ប្រកួត​ផ្លូវការ​នៅ​ប្រទេស​សិង្ហបុរី។

 

 

ក្រុម U-23 កម្ពុជា​ត្រៀម​ស៊ីហ្គេម

  ប្រភព​បន្ថែម​ថា​សម្រាប់​ព័ត៌មាន​ដែល​លេចឮ​ថា​ក្រុម​កម្ពុជា ទាំង២ នេះ​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នេប៉ាល់ មិន​មាន​នោះ​ទេ ដោយ​សារ​ភាគី​ខាង​នេប៉ាល់ រៀបចំ​ខ្លួន​មិន​ទាន់។

  ងាក​ទៅ​មើល​ប្រកួត​ផ្លូវការ​វិញ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​បើក​ទ្វា​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ភ្ញៀវ​​ក្រុម​សិង្ហបុរី ក្នុង​ការ​ប្រកួត​បើក​ឆាក​ជម្រុះ​​ពាន​រង្វាន់ 2018 FIFA World Cup Russia ក្នុង​ពូល E នៅ​ថ្ងៃ​ទី ១១ ខែ មិថុនា និង​បន្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ ទទួល​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ ១៦ ខែ មិថុនា ឆ្នាំ ២០១៥។ ចំណែក​ក្រុម U-23 វិញ​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​​ពូល A ដោយ​ជួប​ក្រុម ហ្វីលីពីន នៅ​ថ្ងៃ​ទី ៣ មិថុនា ហើយ​ជួប​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា បន្ត​ជួប​​ម្ចាស់​ផ្ទះ​​សិង្ហបុរី នៅ​ថ្ងៃ​ទី ៨ ខែ មិថុនា និង​ប្រកួត​បិទ​ពូល​ជាមួយ​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ ២០១៥៕

 

អត្ថបទ៖ ម៉ឺន រស្មី