ថៃ ស៊ី វៀតណាម ១-០ បាន​៣ពិន្ទុ​មុន​គេ​វគ្គ​ជម្រុះ World Cup

  • 2015-05-25 21:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ថៃ បាន​ទទួល​៣ពិន្ទុ​មុន​គេ​​ក្នុង​ពូល​ F នៃ​​វគ្គ​ជម្រុះ FIFA World Cup 2018 តំបន់​អាស៊ី ក្រោយ​យក​ឈ្នះ​ក្រុម​គូ​ប្រជែង​រួម​តំបន់​អាស៊ាន វៀតណាម ១-០ យ៉ាងត្រដាបត្រដួស​​យប់​មិញ​នេះ។

 

 

នៅ​ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​របស់​ថៃ Rajamangala នា​ទីក្រុង​បាងកក​នោះ មាន​សភាព​តានតឹង​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​មាន​ក្រុម​ណា​អាច​បំបែក​ពង​មាន់​បាន​នោះ​ឡើយ​នៅ​តង់​ទី​១ រហូត​ឈាន​ចូល​ដល់​តង់​ទី​២ ​នាទី​៨០ ទើប​កីឡាករ​បម្រុង Anon Pokkhao រក​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បាន​សម្រេច។ ខ្សែ​បម្រើ​ក្រុម Police United រូប​នេះ បាន​ប្ដូរ​ចូល​ជំនួស​កីឡាករ Wichaya Sanrawat Dechmitr នៅ​នាទី​៦៦។

 

នៅ​មុន​ការ​ស៊ុត​បញ្ចូល​ទី​នោះ​ដែរ ក្រុម​វៀតណាម​បាន​បាត់បង់​សមាជិក​ម្នាក់​ ក្រោយ​ពី​កីឡាករ​ Nguyen Minh Chau ត្រូវ​អាជ្ញាកណ្ដាល​​បណ្ដេញ​ចេញ។ ខ្សែ​បម្រើ​វ័យ​៣០ឆ្នាំ​របស់​ក្រុម Hai Phong រូប​នេះ ត្រូវ​​លោក​ Ben Williams អាជ្ញាកណ្ដាល​ម្ចាស់ពាន Referee of the Year ទ្វីប​អាស៊ី ពិន័យ​កាត​ក្រហម​ភ្លាមៗ​តែ​ម្ដង ក្រោយ​ទទួល​រង​ការ​ព្រមាន​ផ្ទាល់​មាត់​ម្ដង​មក​ហើយ​នៅ​៥នាទី​មុន​ការ​ផ្ដល់​កាត​ក្រហម​នោះ។

 

ការ​ប្រកួត​​ក្នុងពូល F នឹង​ត្រូវ​ចាប់​ផ្ដើម​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនាខាង​មុខ​ ដោយ​ឥណ្ឌូណេស៊ី ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ចិនតៃវ៉ាន់។ ក្រុម​ទាំង​៥​ក្នុង​ពូល​នេះ រួម​មាន​ក្រុម​ក្នុង​តំបន់​អាស៊ាន​ដល់​ទៅ​៣ គឺ ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ក្រុម​២ទៀត គឺ​អ៊ីរ៉ាក់ និង​ចិនតៃវ៉ាន់។ ក្រុម​លេខ​១​ក្នុង​ពូល និង​ក្រុម​លេខ​២​ល្អ​បំផុត​ចំនួន​៤​ក្នុង​ពូល​ទាំង​៨​​ (សរុប​១២ក្រុម) នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ ហើយ​ក៏​មាន​កៅអី​ទៅ​ប្រកួត AFC Asian Cup ឆ្នាំ​២០១៩​ផង​ដែរ៕

 

ចុច​អាន៖ ក្រុម​​ស៊ីហ្គេម ប្រកួត​មិត្តភាព ២ លើក ខណៈ​ក្រុម World Cup ប្រកួត ៣ លើក​មុន​​ជំនួប​ផ្លូវការ​មក​ដល់

 

ដោយ៖ សុវត្ថិ ប្រភព៖ afc, fifa

អត្ថបទពេញនិយម