រលក​កម្ដៅ​ឆក់​យក​ជីវិត​មនុស្សជាង ៣៥០​នាក់​នៅ​ឥណ្ឌា

  • 2015-05-25 21:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាង ៣៥០​នាក់ បាន​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​ឥណ្ឌា ដោយសារ​រលក​កម្ដៅ​ដ៏​ខ្លាំង​រហូត​ដល់​សីតុណ្ហភាព ៤៨​អង្សា នៅ​តំបន់​ខ្លះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន BBC កាល​ពី​ជាង​មួយ​ម៉ោង​មុន។

 

 

​​ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​អ្នក​រស់​នៅ​បណ្ដា​រដ្ឋ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ដូច​ជា Telangana និង Andhra Pradesh។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មនុស្ស​ជាង ១៤០​នាក់ បាន​ស្លាប់​នៅ​រដ្ឋ​ទាំង​ពីរ​ខាង​លើ។ ទីក្រុង Allahabad នៅ​ក្នុង​រដ្ឋ Uttar Pradesh បាន​ឡើង​កម្ដៅ​ដល់ ៤៨​អង្សា ដែល​ជា​សីតុណ្ហភាព​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ខណៈ​រដ្ឋធានី​ញូដេលី​ឡើង​កម្ដៅ​ដល់ ៤៤​អង្សា។

 

អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ជំរុញ​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុង​លំនៅឋាន ព្រម​ទាំង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌា បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សៅរ៍ រលក​កម្ដៅ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់ ១៨៦​នាក់ ក្នុង​ស្រុក​ទាំង១០ នៃ​រដ្ឋ Telangana ដែល​ក្នុង​នោះ ៥៨​នាក់​ស្លាប់​តាំង​ពី​ថ្ងៃ​សៅរ៍។

 

នៅ​រដ្ឋ Andhra Pradesh អ្នក​បាត់បង់​ជីវិត​បាន​កើន​ឡើង​ដល់ ១៨២​នាក់ ដែល​ក្នុង​នោះ ៨៧​នាក់​ស្លាប់​តាំង​ពី​ថ្ងៃ​សៅរ៍។ ជន​រង​គ្រោះ​ស្ទើរ​ទាំង​អស់​ជា​មនុស្ស​ចាស់ ហើយ​ភាគ​ច្រើន​កំពុង​ធ្វើការ​ក្រោម​រលក​កម្ដៅ។ នាយកដ្ឋាន​ឧតុនិយម បាន​បញ្ជាក់​ថា ស្ថានភាព​ក្ដៅ​ខ្លាំង​នេះ អាច​នឹង​បន្ត​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត។

 

ដោយសារ​រលក​កម្ដៅ​ដ៏​អាក្រក់​នេះ រថយន្ត​តាក់ស៊ី​ដែល​គ្មាន​ម៉ាស៊ីន​ត្រជាក់ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​បើក​តាម​ផ្លូវ​រយៈពេល ៥​ម៉ោង អំឡុង​ថ្ងៃ​ក្ដៅ​ខ្លាំង។ ការ​ហាមឃាត់​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​បើក​តាក់ស៊ី​ពីរ​នាក់​ស្លាប់ នៅ​ក្រុង Kolkata រដ្ឋ West Bengal៕

 

 

 

 

ចុចអាន៖ ឥណ្ឌា​កំពុង​សាងសង់​ប្រាសាទ​ឧទ្ទិស​សាសនា​ធំ​ជាង​ប្រាសាទ​អង្គរវត្ត

 

​​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC

អត្ថបទពេញនិយម