ស្រុក​​​​មួយ​​នៅ​​តាកែវ​​បង្កើត​​ ​​​​ពាន​​​បាល់ទាត់​​មិត្ត​ភាព​​ ប្រកួត​​ក្នុង​​ដី​ និង​​ក្រៅ​​ដី​​

  • 2015-05-25 23:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​មែន​នៅ​ភូមិ​​ត្រាំខ្នារ ខេត្ត​តាកែវ​ មាន​​ការ​ប្រកួត​​បាល់ទាត់​មួយ​ហៅ​ថា ពានរង្វាន់​បាល់ទាត់​​មិត្តភាព​​ត្រាំ​ខ្នារ​ដែល​ចូល​រួម​ប្រកួត​ចំនួន៨ក្រុម និ​ង​ប្រើ​រូប​មន្ត​ប្រកួត​​​ក្នុង​ដី និង​ក្រៅ​ដី​។

លោក  សួន សារឹម ​ជា​ប្អូន​ប្រុស​របស់​លោក ឈៀង សារឿន ដែល​ជា​កីឡាករ​​ក្នុង​ក្រុម​​ ​Slableang FC នៅ​​លីក​បាល់​ទាត់​មិត្តភាព​ត្រាំខ្នារ បាន​ឲ្យ​ដឹង​ថា ​លីក​​បាល់​ទាត់​មិត្តភាព​ត្រាំខ្នា​រ​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​តាំង​ពី​​ឆ្នាំ ២០១៣ ។​ រដូវ​កាល​នេះ​​ដែល​ទើប​តែ​ចាប់​ផ្តើម​បាន​២​សប្តាហ៍ ​មាន​ក្រុម​​ចំនួន​ ៨ បាន​ចូល​រួម​ប្រកួត។ តាម​គម្រោង​ ​ពាន​នេះ​ត្រូវ​ប្រើ​​រយៈ​ពេល​​១៤​សប្តាហ៍ ឬ​ក្រុម​នីមួយ​ៗ​ត្រូវ​ប្រកួត​ចំនួន​១៤ដង​ដែល​​​​ក្រុម​ទាំង​អស់​ត្រូវ​ជួប​គ្នា​ពីរ​ជើង (ក្នុង​ដី/ក្រៅ​ដី)។ ក្រុម​ណា​​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្តង។

 

​សារឹម បន្ត​ថា ​លីក​បាល់​ទាត់​​​មិត្តភាព​ត្រាំខ្នារ​ ​កាល​ឆ្នាំ  ២០១៣ ​មាន​ក្រុម​ចូល​រួម​តែ​ចំនួន​ ៤ ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​សា​រ​មាន​ការ​ស្រលាញ់​ និង​ចូល​ចិត្ត​វិស័យ​បាល់​ទាត់​​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​នៅ​ស្រុក​ជិត​ៗ ​ពួក​គាត់​​បាន​ប្រមូល​ផ្ដុំ​​គ្នា​បង្កើត​ជា​ក្រុម​បាល់​ទាត់​ឡើង​ដើម្បី​ចូល​រួម​ប្រកួតប្រជែង​​ជា​មួយ​​លីក​បាល់​ទាត់​មួយ​នេះ។

 

លោក​បាន​លើក​ឡើង​ទៀត​ថា​ ក្រុម​​ដែល​មាន​បំណង​ចង់​ចូល​រួម ត្រូវ​បង់​​ប្រាក់​​​ចុះ​ឈ្មោះ​​​ចំនួន ១០ ម៉ឺន​រៀល ប៉ុន្តែ​ទឹក​ប្រាក់​ទាំង​អស់​​ដែល​ប្រមូល​បាន​ពី​​ក្រុម​​​ចុះ​ឈ្មោះ​​គឺ​ទុក​សម្រាប់​​ជា​ប្រាក់​រង្វាន់​​ដល់​​​ម្ចាស់​ជើង​ឯក ​ក្នុង​លីក​នេះ​តែ​​ម្តង។ សម្រាប់​ការ​ចំណាយ​​​លើ​ខោអាវ​ ការ​ធ្វើ​ដំណើរ​​ និង​ការ​ចំណាយ​ផ្សេង​​គឺ​ក្រុម​ជា​​អ្នក​ចំណាយ​ដោយ​ខ្លួន​ឯង។

 

ទោះ​បី​ជា​យ៉ាង​ណា លោក សួន​ សារឹម បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​​​ទាំង​អស់​​គ្មាន​តារាង​​​​សម្រាប់​លេង​ផ្ទាល់​ខ្លួន​នោះ​ទេ។ សម្រាប់​ក្រុម​ដែល​គ្មាន​ទី​​​លាន​ផ្ទាល់​ខ្លួន ​ពួកគេ​តែង​តែ​លេង​នៅ​តារាង​បាល់​ទាត់​​​ វិទ្យាល័យ​ត្រាំខ្នា​រ​ស្រុក​បាទី​ ខេត្ត តាកែវ។ ប៉ុន្តែ​ប្រសិន​បើ​តារាង​បាល់​ទាត់​នេះ​​មិន​ទំនេរ​ ពួក​គេ​នឹង​​​​ទៅ​សុំ​តារាង​បាល់​ទាត់​នៅ​តាម​សាលា​ផ្សេង ៗ ដែល​នៅ​ជិត​ៗ​ដើម្បី​លេង​ ហើយ​ប្រសិន​បើ​តារាង​​នៅ​តាម​សាលា​ទាំង​នោះ​រវល់​ទៀត​ ពួកគេ​នឹង​​ចូល​លុយ​គ្នា​ជួល​តារាង​សម្រាប់​លេង ឬ លេង​នៅ​តាម​វាល​ស្រែ​ ប្រសិន​បើ​គ្មាន​លុយ​ជួល​តារាង​​ទេ​នោះ ។

 

បុរស​ខាង​លើ​បាន​ប្រាប់​ទៀត​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​​ពួកគាត់​បង្កើត​លីក​​នេះ​ឡើង​ ពី​​ព្រោះ​ពួក​គាត់​យល់​ថា ​​បាល់ទាត់​អាច​លេង​បាន​គ្នា​ច្រើន ​និង​នាំ​មក​នូវ​ មិត្តភាព សាមគ្គីភាព សុខភាព។  ម៉្យាង​ទៀត​វា​ក៏​អាច​ កាត់​បន្ថយ​ពេល​ទំនេរ​ទៅ​ធ្វើ​រឿង​ផ្សេង ដែល​គ្មាន​ប្រយោជន៍​ ហើយ​មូលហេតុ​មួយ​ចំនួន​ទៀត​គឺ​ពួកគាត់​ចង់​​ឲ្យ​​ កម្ពុជា មាន​​សកម្មភាព​ផុលផុស។  ពួក​គាត់​មាន​​ឡូហ្គោ​ជា​ច្រើន ​​ដែល​​ស្ថិត​​ក្នុង​ក្រុម​ល្បី​ៗ នៅ​លើ​ពិភព​លោក​ដូច​ជា Arsenal ,​  Chelsea ,  Real Madrid , Barcelona , Man Utd , Liverpool  ជាដើម។

 

​​ជា​មួយ​គ្នា​នេះដែរ ​លោក ឈៀង សារឿន ជា​កីឡាករ​ក្នុង​ក្រុម Slableang FC សំណូម​ពរ​ដល់​​ប្រជាពលរដ្ឋ​​ណា​ដែល​ចង់​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ ​និង​មាន​សប្បុរស​​ជន​ណា​ដែល​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​​ហើយ​​មាន​បំណង​ចង់​ជួយ​ឧបត្ថម្ភ​ កម្ម​វិធី​នេះ​អាច​ទាក់​ទង​ទៅ​លោក​ផ្ទាល់​​តាម​រយៈ​ទូរស័ព្ទ​លេខ​ ០៨៨៦០១៥៩៥៩, ០៧៨៧០៨៣២៣។

 

កាល​ពី​រដូវ​កាល​មុន ២០១៤ ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​នេះ​ត្រូវ​ធ្លាក់​ទៅ​លើ​ក្រុម​​​បាល់​ទាត់​ Tramkhna FC ​ហើយ​បើក​ឆាក​រដូវ​កាល​នេះ​​ក្រុម​នេះ​នៅ​តែ​រក្សា​តំណែង​​​នៅ​កំពូល​តារាង​ដដែល៕

 

 

 

 

 

 

 

អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា រូប​ថត ៖ ផ្ដល់​ឲ្យ​