​គម្រោង​ទឹកប្រាក់​ជាង​​ ៧០ លាន​ដុល្លារ​​ស្ថាបនា​​​ប្រព័ន្ធ​ខ្សែ​កាប​ក្រោម​​បាត​សមុទ្រ នាំ​កម្ពុជា​ភ្ជាប់​បណ្ដាញ​ខ្សែកាប​អន្តរជាតិ​​

  • 2015-05-25 22:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Telcotech ដែល​ស្ថិត​ក្រោម​កម្មសិទ្ធិ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Ezecom បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​បង្កើត​ប្រព័ន្ធ​ខ្សែកាប​បាតសមុទ្រ​មាន​ឈ្មោះថា ‹ប្រព័ន្ធ​ខ្សែកាប​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)›។ ប្រព័ន្ធ​ខ្សែកាប​ក្រោម​បាត​សមុទ្រ​នេះ នឹង​នាំ​ឯករាជ្យភាព​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​ទូរគមនាគមន៍​ជាមួយ​ការ​ភ្ជាប់​ទៅ​បណ្តាញ​ខ្សែ​កាប​​អន្តរជាតិ ​ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​អ៊ីនធឺណិត​​​មាន​ល្បឿ​កាន់​តែ​លឿន។

 

 

លោក Paul Blanche-Horgan នាយក​ប្រតិបត្តិ Telcotech ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​​​ប្រព័ន្ធ​ខ្សែកាប​បាត​សមុទ្រ ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​ប្រព័ន្ធ​គមនាគមន៍​​កម្ពុជា​នៅ​ក្នុង​តំបន់​ទាំងមូល និង​​​ឆ្លើយតប​តម្រូវការ​កំណើន​ឡើង​របស់​បណ្ដា​ក្រុមហ៊ុន​នៅ​កម្ពុជា។

 

លោក​ថា ប្រព័ន្ធ​ខ្សែកាប​ក្រោម​បាត​សមុទ្រ MCT នឹង​ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​តាម​រយៈ​ខ្សែកាប​បាត​សមុទ្រ​ដំបូង​ដែល​នឹង​នាំ​មក​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន និង​ការ​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ។

 

លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ថ្លែង​ការ​ចាប់​អារម្មណ៍​នា​ឱកាស​នោះ​​ដែល​ថា គម្រោង​នេះ​​​មាន​សារសំខាន់​សម្រាប់​វិស័យ​សារ​គមនាគមន៍​កម្ពុជា​​ ដែល​នឹង​ជួយ​កែ​លម្អ​ភាព​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​ទូរ​គម​នាម​គម​ន៍ និង​​ជួយ​លើកកម្ពស់​សមត្ថភាព​​កម្ពុជា​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់។

 

លោក​បញ្ជាក់​ថា គម្រោង​​បង្កើត​ប្រព័ន្ធ​ខ្សែកាប​ MCT ​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​​នៅ​ក្នុង​តំបន់​សម្រាប់​ការ​ធ្វើ​សហការ​លើ​ការ​​ផ្លាស់ប្ដូរ​វប្បធម៌​ ដៃគូ​អាជីវកម្ម និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​កាន់​តែ​ងាយស្រួល ខណៈ​ដែល​សហគមន៍​អាស៊ាន​កាន់​តែ​ខិត​ជិត​មក​ដល់​​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

គម្រោង​ការ​នៃ​ការបង្កើតខ្សែកាប​ក្រោម​សមុទ្រ​នេះ​ ក៏​​មាន​ការ​ចូល​រួមពាក់​ព័ន្ធ​ពី​ក្រុមហ៊ុន Huawei Marine។ Huawei Marine ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​នៅ​ទូទាំង​ពិភពលោក បាន​​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សាងសង់ និង​ថែទាំ​ប្រព័ន្ធ​ខ្សែ​កាប​អុបទិក​ជា​មួយ​ក្រុមហ៊ុន Telekom Malaysia Berhad (ម៉ាឡេស៊ី)  ក្រុម​ហ៊ុន Symphony Communication Public (ថៃ) និង ក្រុម​ហ៊ុន Telcotech (កម្ពុជា) ដើម្បី​សាងសង់​ប្រព័ន្ធ​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)។

 

 

លោក Mike Constable អគ្គនាយក​ក្រុមហ៊ុន Huawei Marine Networks ដែល​ជា​ដៃគូ​សហការ​សម្រាប់​ការ​ធ្វើ​គម្រោង​នេះ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ក្រុមហ៊ុន Huawei ​Marine បាន​ចូលរួម​ស​ហការ​សម្រាប់​គម្រោង​​ស្ថាបនា​​ប្រព័ន្ធ​ខ្សែ​កាប​អុបទិក MCT។

 

លោក​ថា ​នៅ​ពេល​គម្រោង​នេះ​បញ្ចប់​ វា​នឹង​នឹង​នាំ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​​លើក​កម្ពស់​ការ​ធ្វើ​អាជីវកម្ម​និង​ការ​ធ្វើ​សមាហ័រកម្ម​បច្ចេកវិទ្យា​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​​នៅ​ក្នុង​តំបន់​​និង​នៅ​លើ​ពិភពលោក។

 

ក្រោម​គម្រោង​ចំណាយ​ប្រមាណ ៧០ លាន​ដុល្លារ ខ្សែកាប​អុបទិក​​​ MCT បាន​បំពាក់​បច្ចេកវិទ្យាទំនើប​ចុងក្រោយ​ 100G ដែល​មាន​សមត្ថភាព​​ផលិតបាន​លើស​ពី 30Tbps។ គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដំណាច់​ឆ្នាំ ២០១៦ ។

 

ប្រព័ន្ធ​ខ្សែកាប MCT នឹង​ត​ភ្ជាប់​ដីគោក​ខេត្ត​ព្រះសីហនុ និង​រដ្ឋ Kuantan ប្រទេស​ម៉ាឡេស៊ី និង​ខេត្ត​រ៉ាក់យង់​​ប្រទេស​ថៃ​តាម​រយៈ​ស្ថានីយ​តូច​ ដែល​ត​ភ្ជាប់​ពី​ស្ថានីយ​មេ។ បណ្តាញ​ខ្សែកាប MCT នេះ​ ក៏​នឹង​​​ភ្ជាប់​ជាមួយ​បណ្ដាញ Asian American Gateway ដែល​ជា​ប្រព័ន្ធ​ខ្សែកាប​បាតសមុទ្រ​ចម្ងាយ 20000 គីឡូម៉ែត្រភ្ជាប់​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយ​សហរដ្ឋអាមេរិកល្បឿន 8 TB/វិនាទី។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម