នៅ​ពីក្រោយឈ្មោះ​ជា​តារា គឹម ហួន ជា​អ្នក​​លក់​បាយ​

  • 2015-05-26 11:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង ​១ ​ឆ្នាំ​ មក​នេះ មិន​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​វ័យ​ក្មេង គឹម ហួន មាន​ចំណូល​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​ច្រៀង​បាន​ត្រឹម​តែ​ ៥​បទ​នៅ​ក្នុង​ផលិតកម្ម Spider។ សាមី​ខ្លួន​បញ្ជាក់​ថា មាន​តែ​ឆ្លៀត​លក់​បាយ ឬ​គុយទាវ​ជាមួយ​ម្ដាយ​នៅ​ផ្ទះ​បន្ថែម​ទើប​បាន។

 

គឹម ហួន និយាយ​ថា៖" ទៅ​មុខ​ខ្ញុំ​មិន​ទាន់​ដឹង​ទេ តែ​បច្ចុប្បន្ន​មិន​អាច​រំពឹង​ចំណូល​ពី​សិល្បៈ​ អញ្ចឹង​មាន​តែ​លក់​បាយ​បន្ថែម ទើប​គ្រប់"។ យុវជន​វ័យ​២១​ឆ្នាំ​បន្ត​ថា មុខរបរ​ប្រចាំ​ថ្ងៃ​នៅ​តំបន់​ពោធិចិនតុង កាក់កប​គួរសម ដោយ​មាន​ភ្ញៀវ​ជា​ប្រចាំ​មិន​ដែល​ដាច់។ ម្យ៉ាង​ទៀត អាជីព​សិល្បៈ​ហាក់​ស្ងប់ស្ងាត់ រួម​ទាំង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​។

 

 

យុវជន​រូប​នេះ​អះអាង​ថា ​គ្រោង​ទៅ​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​វិញ ប្រសិន​បើ​ស្ថានភាព​សិល្បៈ​នៅ​តែ​បន្ត​ភាព​ស្ងប់ស្ងាត់ ព្រោះ​ក្រោយ​បញ្ចប់​បាក់ឌុប បាន​សម្រេច​ចិត្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ហើយ​ងាក​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ។ តារា​ចម្រៀង​រូប​នេះ​បញ្ជាក់​ថា នឹង​ប្រកប​មុខ​របរ​រក​ស៊ី​អ្វី​ម្យ៉ាង ស្រប​ពេល​ការងារ​សិល្បៈ​ក៏​នៅ​តែ​បន្ត ទោះ​បី​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​យ៉ាង​ណា​ក៏​ដោយ។

 

ចាងហ្វាង​ផលិតកម្ម អូន ទួច ទទួល​ស្គាល់​ថា កន្លង​មិន​បាន​សម្រុក​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ពិត​មែន ដោយ​ជាប់​រវល់​ក្នុង​ការ​ងារ​​ភាពយន្ត ស្ទើរ​ដក​ឃ្លា​មិន​រួច។ ទោះ​បី​ជា​យ៉ាង​ចាងហ្វាង​ផលិតកម្ម​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​ថា កំពុង​រៀប​ចំ​ផលិត​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ឱ្យ​បាន​ច្រើន​តាម​ភាព​ជាក់​ស្ដែង​ក្នុង​នោះ​ក៏​មាន​វត្តមាន គឹម ហួន ផង​ដែរ។

 

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​ផលិតកម្ម​មាន​កម្លាំង​គ្រប់គ្រាន់ ដោយ​មាន​ក្រុម​ការងារ​​រហូត​២​ក្រុម​ក្នុង​ការ​ផលិត​បទ​ចម្រៀង និង ​ផលិត​ភាពយន្ត បម្រើ​ឱ្យ​វិស័យ​សោតទស្សន៍​កំពុង​ដំណើរ​រាល់​ថ្ងៃ។ ជាមួយ​គ្នា​លោក​ក៏​កំពុង​ប្រកាស​រក​តារា​ចម្រៀង​ស្រី ដែល​មាន​សមត្ថភាព​ទៀត​ផង ដើម្បី​បំពេញ​តាម​ផែនការ​យុទ្ធសាស្ត្រ៕

 

 

អាន​អត្ថបទ៖ បង​ប្អូន ថន លក្ខិណា មាន​មុខ​រាល់​កម្មវិធី​ថៃ

អាន​អត្ថបទ៖ ទាយ​មើល៍​​តារា​ល្បី​ថៃ Film Rattapoom Tokongsup ពាក់​ស្បែកជើង​អី​ពេល​មក​កម្ពុជា?

 

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទថ្មី