​កែវ រំចង់ ​​​តម​ដំណេក និង​គ្រឿង​ស្រវឹង ប្រឹង​ហាត់​​ដើម្បី​ត្រៀម​​​ខ្លួន​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2015-05-28 16:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់ កែវ​ រំចង់​ បាន​អះអាង​ថា កូន​ប្រុស​របស់​លោក​ កំពុង​​ខំ​​ប្រឹង​​ហ្វឹកហាត់​​ទាំង​​យប់​ទាំង​ថ្ងៃ​ ​តម​ដំណេក​ និង​គ្រឿង​ស្រវឹង​រយៈ​ពេល​ប្រហែល​ជា​មួយ​ខែ​មក​ហើយ​ដើម្បី​ត្រៀម​​ខ្លួន​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់​​នៅ​សង្វៀន​​បាយ័ន​​ស្ទឹង​មាន​ជ័យ ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​​ហាក់​​​មិន​​បារម្ភ​​អ្វី​ច្រើន​ឡើយ។

 

 

​លោក កែវ សំអាង​ ឪពុក​បង្កើត​ និង​ជា​គ្រូ​បង្ហាត់​ប្រដាល់​ផ្ទាល់ កែវ​ រំចង់ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​កូន​របស់​លោក​​កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ទាំង​ថ្ងៃ​និង​យប់ ពី​​​ព្រោះ​​​ រំចង់ ​​បារម្ភ​ខ្លាច​មិន​បាន​គ្រង​ខ្សែ​ក្រវាត់​ ដែល​មាន​ទឹក​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ទៅ ៥ ពាន់​ដុល្លារ​​។ ចំពោះ​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​ថ្ងៃ​អាទិត្យ​នេះ កូន​ប្រុស​​របស់​លោក​មិន​សូវ​បារម្ភ​​អ្វី​ច្រើន​ឡើយ​ ពី​ព្រោះ​ធ្លាប់​ឈ្នះ​កាល​ពី​ពីរ​សប្តាហ៍​ម្តង​ហើយ​។ ពេល​ព្រឹក​​​ ​រំចង់ ងើប​ទាំង​ព្រលឹម​អុល​រត់​​ប្រហែល៣​ម៉ោង ​​បន្ទាប់​មក​សម្រាក​ដល់​ថ្ងៃ​រសៀល​ម៉ោង​២​ចាប់​ផ្ដើម​ហាត់​ក្នុង​ក្លិប​ដល់​ម៉ោង៤​​ទើប​ឈប់​សម្រាក។ ពេល​​​​​​យប់​ ​ប្រហែល​ម៉ោង​ ៧ រំចង់​ចាប់​ផ្ដើម​ហាត់​បន្ត​​​​ប្រហែល ១ ឬ ២ ម៉ោង​​ទៀត​ទើប​ឈប់​ហាត់។

 

បុរស​រស់​នៅ​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កីឡាករ​ណា​ក៏​ល្អ​ដែរ​​​ទើប​អាច​ឆ្លង​មកដល់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ ​ហើយ​មិន​ដឹង​ថា ពួក​​គេ​អាច​​ផ្លាស់​ប្តូរ​​របៀប​​​​​ប្រកួត​​ឬ​យ៉ាង​ណា​នោះ​ទេ កូន​ប្រុស​របស់​លោក​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។ ចំពោះ​ ឡុង​ សុភី ក៏​ធ្លាប់​ឈ្នះ​ កែវ រំចង់​ ហើយ​កីឡាករ​​ថៃ Rareung ក៏​ខ្លាំង​​កីឡាករ​ទាំង​ពីរ​នេះ នរណា​ម្នាក់​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​គឺ​សុទ្ធ​តែ​លំបាក​សម្រាប់​ឧបសគ្គ​ធំ​សម្រាប់​កែវ រំចង់។

 

​លោក​គ្រូ​បន្ត​ថា ប្រឹងប្រែង​ហ្វឹកហាត់​បែប​នេះ​​ក្នុង​គោល​បំណង​​ចង់​បង្កើន​កម្លាំង​​ឲ្យ​កាន់​តែ​ខ្លាំង​ និង​ភាព​រហ័ស​ក្នុង​ការ​បត់បែន​លើ​សង្វៀន។ កីឡាករ​រូប​ណា​ក៏​ដោយ​ ប្រសិន​បើ​កម្លាំង​គ្មាន ពេល​ប្រកួត​​​ដល់​ទឹក​ទី​​ ៤ ឬ​ទឹក​ទី ៥ ​ពិត​​ជា​ប្រើ​​ក្បាច់​មិន​បាន​ល្អ​ឡើយ ​ទោះ​កីឡាករ​រូប​នោះ​មាន​ក្បាច់​ល្អ​បែប​ណា​ក៏ដោយ។

 

លោក​បង្ហើប​ឲ្យ​ដឹង​ទៀត​​ថា ដើម្បី​បង្កើន​កម្លាំង ​មិន​ត្រឹម​តែ​ពឹង​លើ​​ការ​ហ្វឹកហាត់​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​ត្រូវ​​គិត​ទៅ​លើ​ការ​អាហារ​បំប៉ន​ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ មិន​តែ​ប៉ុណ្ណោះ​​​ កែវ រំចង់ តម​ដំណេក​​​ជា​មួយ​ភរិយា​ និង​​គ្រឿង​ស្រវឹង​រយៈ​ពេល​ប្រហែល​១ ខែ​មក​ហើយ ពី​​​ព្រោះ​ខ្លាច​បាត់​បង់​កម្លាំង​ពេល​ប្រកួត។

 

​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ប្រកួត​នា​​ថ្ងៃ​ទី ៣១ ឧសភា​ ឆ្នាំ ២០១៥ ខាង​មុខ​នេះ​​គឺ ជា​ការ​ជួប​គ្នា​រវាង​កីឡាករ​លេខ​មួយ​ក្នុង​ពូល A ​ កែវ រំចង់ ​និង​អ្នក​​លេខ​ពីរ​ក្នុង​ពូល​ B កីឡាករ​​​ថៃ​ Tilek Pithak ។ ចំណែក​​អ្នក​លេខ​ពីរ​ក្នុង​ពូល​ A ឡុង សុភី ត្រូវ​ជួប​​កីឡាករ​លេខ​មួយ​ក្នុង​ពូល​ B ​​​​ដែល​មាន​កម្ពស់​ខ្ពស់​របស់​ថៃ Rareung Lukchampacha។ ចាំ​មើល​នរណា​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​កីឡាករ​ទាំង​៤​នាក់​នេះ?

 

កែវ រំចង់ កាល​ឈ្នះ​ខ្សែ​ក្រវាត់​ពី អូត ភូថង

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា
អត្ថបទពេញនិយម