កូន​ខ្មែរ​មួយ​ក្រុម​បង្ហោះ​ម៉ូតូ​ ដើម្បី​បាន​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

  • 2015-05-28 18:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​ចាស់​មិន​ថា​ក្មេង​ឲ្យ​តែ​ឮ​ថា​បង្ហោះ​ម៉ូតូ​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ ហើយ​ខ្លះ​ទៀត​គិត​ថា​គ្មាន​ប្រយោជន៍។ ផ្ទុយ​ពី​ទស្សនៈ​ខាង​លើយុវជន​ខ្មែរ​មួយ​ក្រុម​បាន​បង្ហោះ​ម៉ូតូ​ ដើម្បី​បាន​ថវិកា​នានា​យក​ទៅ​បរិច្ចាគ​ដល់​ពេទ្យ​ទេវតា​ គន្ធបុប្ផា​ ដែល​ជា​ពេទ្យ​មួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា។

 

 

លោក ថៃ សាមឌី ប្រធាន​ក្រុម​ I LIKE MOTO បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​កូន​ក្រុម​ម្នាក់​ៗ ​ដែល​ស្រលាញ់​ម៉ូតូ​បង្ហោះ​ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​កម្មវិធី​ខ្មែរ​តែ​មួយ។ កម្មវិធី​នេះ​គឺ​ក្រុម​លោក​បាន​សំដែង​រយៈពេល ៣ ថ្ងៃខណៈ​មាន​អ្នក​ចូល​រួម​ទស្សនា​បរិច្ចាគ​ថវិកា​ដល់​ក្រុម​លោក​ក្នុង​ឱកាសនោះ។ លើស​ពី​នេះសមាជិក​ក្រុម​លោកម្នាក់ៗ​ក៏​បាន​ចូលនូវ​ថវិកា​ដើម្បី​រួមចំណែក​​បន្ថែម​​ផង​ដែរ។

 

ប្រធាន​ក្រុម​រូប​នេះ​ថា ក្រុម​លោក​មាន​គ្នា ៤៧ នាក់ ដែល​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ការងារ​រៀង​ៗ​ខ្លួន​ ហើយ​មាន​ខ្លះ​ជា​និស្សិត​ផង​ដែរ។ ដោយ​មាន​ការ​ឯកភាព​គ្នា​ជា​ក្រុម​ទើប​សម្រេច​បង្កើត​មូលនិធិ​បង្ហោះ​ម៉ូតូ​​នេះ​ឡើង។ បន្ទាប់​ពី​បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រួច​មក ក្រុម​លោក​ក៏​គ្រោង​នឹង​ជួយ​បរិច្ចាគ​ដល់​កុមារ​កំព្រា​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តែ​យ៉ាង​ណា​ដោយ​សារ​សព្វ​ថ្ងៃ​ក្រុម​លោក​នៅ​ខ្វះ​ថវិកា​ទើប​មាន​ការ​ពិបាក​ធ្វើ​មូលនិធិ​ផ្សេង​ៗ​ ហើយ​ក៏​មិន​ញឹកញាប់​តែ​នេះ​ជា​ទឹក​ចិត្ត​ក្រុម​លោក​ហើយ​នឹង​ព្យាយាម។

 

 

លោក​បន្ត​ថា​ ធម្មតា​ការ​បង្ហោះ​ម៉ូតូ​មិន​មែន​ងាយ​ស្រួល​ទេ​អាច​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យថាហេតុ តែ​ដោយ​សារ​ចិត្ត​ស្រលាញ់​ម៉ូតូ​ក៏​ដូច​ជា​ការ​បង្ហោះ​ម៉ូតូ។ ម្យ៉ាង​វិញ​ទៀត​ការ​បង្ហោះ​ម៉ូតូ​នេះ​តែង​តែ​មាន​ការ​ប៉ះ​ពាល់​អ្នក​ផង​ តែ​ក្រុម​លោក​តែង​តែ​រក​កន្លែង​ដែរ​មិន​ជា​ទី​ប្រជុំ​នៃ​ចរាចរណ៍​ឡើយ។ រាល់​ការ​បង្ហោះ​ម្ដង​ៗ​ក្រុម​លោក​តែង​តែ​មាន​សម្ភារៈ​ការ​ពារ​ដូច​ជា មួក​សុវត្ថិភាព ស្រោម​ការពារ​ដៃ​ជើង និង​ សំលៀក​បំពាក់​ការ​ពារ​ជា​ដើម។

 

សាមឌី បន្ថែម​ថា​ ការ​បង្ហោះ​ម៉ូតូ​នេះ​គ្រាន់​ជា​ពេល​វេលា​មួយ​ទំនេរ​សម្រាក​ពី​ការ​ងារ​ ឬ ការ​សិក្សា​របស់​សមាជិក​ក្រុម​ម្នាក់​ៗ។ ជាង​នេះ​ទៅ​ទៀត​ ប្រធាន​ក្រុម​នេះ​ មិន​ភ្លេច​ក្រើន​​រំលឹក​ ពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ដល់​កូន​ក្រុម​ ក៏​ដូច​ជា​ ការ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​ផ្សេងៗ​ ដែល​ជា​សីលធម៌​សម្រាប់​អ្នក​បើក​បរ។​

 

អត្ថបទ៖  ស៊ីវហួង រៀន​ជំនាញ​កម្រ​មាន​​​ស្រុក​ខ្មែរ​​ តែ​សមត្ថភាព​ខ្លាំង​អាច​​ប្រជែង​ឈ្នះ​និស្សិត​ចិន​ពូកែ​ៗ

 

អត្ថបទ៖ ដារ៉ាឆានី