Carlos Bacca ៩ឆ្នាំ​មុន​ជា​ព្រូ​ឡាន បច្ចុប្បន្ន​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​​ល្បី​ឈ្មោះ

  • 2015-05-28 19:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្មាន​ប្រវត្តិ​ហាត់​បាល់​ពី​ក្មេង​ដូច​កីឡាករ​ល្បី​ដទៃ​​ Carlos Bacca​ បាន​ប្រែ​ក្លាយ​ពី​ជីវិត​កុមារភាព​ដ៏​លំបាក​ដើម្បី​ជីវភាព​គ្រួសារ ទៅ​​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​នា​ពេល​បច្ចុប្បន្ន។ កិត្តិនាម​របស់​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ បាន​លេច​ឡើង​កាន់​តែ​ខ្លាំង ក្រោយ​ស៊ុត​បញ្ចូល​ទី​២គ្រាប់ ជួយ​ឲ្យ​ក្រុម Sevilla លើក​ពាន​ Europa League យប់​មិញ​នេះ។ តើ​ Bacca មាន​ប្រវត្តិ​បែប​ណា​?

 

Bacca អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Sevilla យប់​មិញ

 

មិន​ធ្លាប់​ហាត់​បាល់​​ក្នុង​ឈុត​យុវជន​

 

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ កីឡាករ​ល្បីៗ​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹកហាត់​បណ្ដុះ​បណ្ដាល​ក្នុង​ឈុត​យុវជន ឬ Academy។ ប៉ុន្តែ​សម្រាប់ Bacca វិញ មិន​មាន​ឱកាស​ដូច​គេ​នោះ​ទេ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ចាប់​ផ្ដើម​ជីវិត​លើ​ទីលាន​បាល់ទាត់​លើក​ដំបូង​កាល​ពី​៩ឆ្នាំ​មុន ពោល​គឺ​ឆ្នាំ​២០០៦ ក្នុង​វ័យ​២០ឆ្នាំ។

 

Bacca ធ្លាប់​និយាយ​ប្រាប់​កាសែត​កីឡា​អេស្ប៉ាញ MARCA កាល​ពី​ឆ្នាំ​២០១៣​ថា៖ "ពេល​អាយុ​២០ឆ្នាំ ខ្ញុំ​រស់​នៅ​ក្នុង​ភូមិ​កំណើត​​របស់​ខ្ញុំ គឺ​ Puerto Colombia ដោយ​ធ្វើ​ការ​ជាព្រូ​ឡាន​ក្រុង។ ជីវិត​ខ្ញុំ​ពិបាក​ណាស់​ពេល​នោះ។ ខ្ញុំ​ត្រូវ​ដើរ​ប្រមូល​សំបុត្រ​ឡាន​ក្រុង ព្រោះ​ខ្ញុំ​មក​ពី​គ្រួសារ​ដ៏​ក្រីក្រ ហើយ​ខ្ញុំ​ត្រូវ​រក​ប្រាក់​ដើម្បី​ជួយ​សម្រាល​បន្ទុក។ ទ្វារ​ចូល​ទៅកាន់​ពិភព​បាល់ទាត់​ត្រូវ​បិទ​ជិត​ឈឹង​សម្រាប់​ខ្ញុំ​នា​ពេលនោះ ហើយ​​​​អាយុ​​ដូច​ខ្ញុំ​ គឺ​ស្ទើរ​តែ​លែង​ហ៊ាន​ស្រមៃ​បាត់​ទៅ​ហើយ។ ប៉ុន្តែ​ឆ្នាំ​នោះ ខ្ញុំ​បាន​ចូល​ធ្វើ​តេស្តន៍​នៅ​ក្រុម Altetico Junior ហើយ​ព្រះ​ពិត​ជា​ជួយ​ខ្ញុំ ក្លិប​នោះ​បាន​ទទួល​យក​ខ្ញុំ"។

 

ទោះ​បី​ជា​បាន​ចូល​លេង​បាល់​ក្ដី Bacca បាន​ត្រឹម​លេង​ក្នុង​កម្រិត​​ក្រោម​ប៉ុណ្ណោះ ​រហូត​ដល់​អាយុ​២៣​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​២០០៩ ទើប​អាច​ចូល​លេង​ក្នុង​លីក​អាជីព។

 

 

ជីវិត​លើ​ទីលាន​បាល់ទាត់

 

ពេល​ចូល​លេង​ឲ្យ Atletico Junior របស់​កូឡុំប៊ី Bacca មិន​សូវ​​មាន​ឱកាស​បាន​ចូល​លេង​ជា​ប្រចាំ​នោះ​ទេ។ ​ឆ្នាំ​២០០៧ រូប​គេ​ត្រូវ​ក្រុម Barranquilla ខ្ចី​ជើង ទើប​អាច​ចូល​លេង​បាន​ច្រើន ដោយ​បង្ហាញ​ខ្លួន​២៧ប្រកួត ស៊ុត​ចូល​១២គ្រាប់។ បន្ទាប់​ពី​នោះ Bacca ​ត្រូវ​ក្រុម Minerven របស់​វេណេហ្ស៊ុយអេឡា​ខ្ចី​ជើង​មួយ​រដូវ​កាល ហើយ​បាន​ជួយ​ក្លិប​នេះ​ឲ្យ​ឡើង​ឈរ​លេខ​ពីរ​ក្នុង​តារាង​ ដោយ​ស៊ុត​ចូល​១២គ្រាប់​ក្នុង​២៩ប្រកួត។ ឆ្នាំ​២០០៨ Bacca វិល​ទៅ​កាន់ក្រុម Barranquilla ជា​ថ្មី ហើយ​បាន​ក្លាយ​ជា​ Top scorer ស៊ុត​ចូល​១៤គ្រាប់​ក្នុង​១៩ប្រកួត។

 

ឆ្នាំ​២០០៩ Atletico Junior បាន​យក Bacca មក​វិញ ដែល​ជា​ពេល​រូប​គេ​បាន​លេង​ក្នុង​លីក​អាជីព​ជា​លើក​ដំបូង។ ត្រឹម​រយៈពេល​ដ៏​ខ្លី​ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​នេះ អាច​ដណ្ដើម​បាន​កៅអី​​ជម្រើស​ដំបូង​ជា​ប្រចាំ ហើយ​ក្លាយ​ជា Top scorer ក្នុង​ពាន​ Copa Colombia ឆ្នាំ​២០០៩។ មួយ​ឆ្នាំ​បន្ទាប់ (២០១០) Bacca បាន​ក្លាយ​ជា top scorer ប្រចាំ​លីក​កំពូល​កូឡុំប៊ី Primera A និង​ជួយ​ឲ្យ​ក្រុម​លើក​ពាន។ ឆ្នាំ​២០១១ រូប​គេ​នៅ​តែ​ជា top scorer ចំណែក​ឯ​ក្លិប Atletico Junior បាន​ឈ្នះ​ជើង​ឯក​ម្ដង​ទៀត។

 

 

ក្រោយ​សាង​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ស្រុក Bacca ត្រូវ​ក្លិប​នៅ​អឺរ៉ុប​ជា​ច្រើន​ចាប់​អារម្មណ៍​ ដូច​ជា​ក្លិប​យក្ស​រុស្សី Lokumotiv Moscow និង Chievo របស់​អ៊ីតាលី​ជា​ដើម។ នៅ​ទី​បំផុត​រូប​គេ​​បាន​សម្រេច​ក្ដី​សុបិន ដោយ​បាន​ឈាន​ជើង​ចូល​ពិភព​បាល់ទាត់​អឺរ៉ុប ដោយ​ត្រូវ​ក្លិប Club Brugge របស់​បែលហ្សិក​ទិញ​យក​នា​ដើម​ឆ្នាំ​២០១២ និង​ចុះ​កុងត្រា​៣ឆ្នាំ។

 

​រយៈ​ពេល​៣ខែ​ដំបូង​លើ​ដី​អឺរ៉ុប មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូបនេះ។ ​ថ្ងៃ​ទី​១៥ មេសា ២០១២ Bacca បាន​ស៊ុត​ចូល​គ្រាប់​ដំបូង​ឲ្យ​ក្លិប​ថ្មី ជួយ​ឲ្យ​ឈ្នះ​ក្រុម Gent ១-០។ បន្ទាប់​មក នៅ​ថ្ងៃ​បិទ​រដូវ​កាល​លីក​កំពូល​បែលហ្សិក រូប​គេ​បាន​ស៊ុត​ចូល​២គ្រាប់ ជួយ​ឲ្យ Club Brugge ឈ្នះ​ Kortrijk ៣-២ ឈរ​លេខ​២​ក្នុង​តារាង​ និង​បាន​កៅអី​ទៅ​ពាន​ទ្វីប​អឺរ៉ុប។ រដូវ​កាល​បន្ទាប់ ២០១២-២០១៣ រូប​គេ​បាន​ជាប់​ក្នុង​ជម្រើស​ដំបូង​ជា​ប្រចាំ ក្រោយ​ខ្សែ​ប្រយុទ្ធ Joseph Akpala ចាកចេញ​ពី​ក្លិប។ ខែ​មករា ២០១៣ ក្លិប​នៅ​អឺរ៉ុប​ជា​ច្រើន​បាន​បង្វែរ​ចំណាប់​អារម្មណ៍​មក​លើ​គេ​ជា​ថ្មី ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ​ហើយ Bacca បាន​ចុះ​កុងត្រា​ថ្មី​​ជាមួយ Club Brugge ដល់​ឆ្នាំ​២០១៦។ បញ្ចប់​រដូវកាល​នោះ Bacca ​មិន​ត្រឹម​តែ​ជា Top scorer ប្រចាំ​ក្លិប​នោះ​ទេ តែ​ក៏​ជា top scorer ប្រចាំ​លីក​ផង​ដែរ រហូត​​ឈ្នះ​ពាន​ Player of the Year របស់​បែលហ្សិក​ទៀត​ផង។

 

កាន់​តែ​ល្បី ពេល​ផ្ទេរ​មក Sevilla

 

ថ្ងៃ​ទី​៩ ខែ​កក្កដា ២០១៣ Sevilla បាន​ចុះ​ទិញ Bacca ក្នុង​តម្លៃ​៧លាន​អឺរ៉ូ និង​ចុះ​កុងត្រា​រយៈ​ពេល​៥ឆ្នាំ។ ក្នុង​រដូវ​កាល​ដំបូង​នោះ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ជំនួប​សំខាន់ៗ​ជា​ច្រើន​គ្រាប់ រហូត​ជាប់​ជា​ កីឡាករ​ដែល​ទិញ​ចូល​ល្អ​បំផុត​ប្រចាំ​រដូវ​កាល ឬ Marca Best signing of the season។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ក្នុង​ពិធី​ប្រគល់​ពាន​ដំណាច់​រដូវ​កាល​របស់​ La Liga រូប​គេ​ជាប់​ជា​កីឡាករ​របស់​ទ្វីប​អាមេរិក​ខាង​ត្បូង​​ល្អ​បំផុត លើ Neymar របស់ Barcelona និង Angel Di Maria របស់​ Real Madrid នា​ពេល​នោះ។

 

ថ្ងៃ​ទី​៣០ ខែ​កញ្ញា ២០១៤ Bacca បាន​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល​វែង​ជាមួយ Sevilla រហូត​ដល់​ឆ្នាំ​២០១៨។ អ្វី​ដែល​ធ្វើ​រូប​គេ​កាន់​តែ​លេច​មុខ​ទៀត​នោះ គឺ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង Europa League ៧គ្រាប់ គិត​ទាំង​២គ្រាប់​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​នឹង Dnipro យប់មិញ ជួយ​ឲ្យ​ក្លិប​ការពារ​ពាន​បាន​សម្រេច និង​អាច​ជាប់​ទៅ​ UEFA Champions League ទៀត​ផង។

 

 

សម្រេច​ក្ដី​សុបិន​បាន​ជាប់​ជម្រើស​ជាតិ​កូឡុំប៊ី

 

ការ​លេង​តំណាង​ឲ្យ​ជាតិ គឺ​ជា​ក្ដី​សុបិន​របស់​កីឡាករ​គ្រប់រូប​ ហើយ Bacca ក៏​ដូច​គ្នា​ដែរ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ជាប់​ក្នុង​ជម្រើស​ជាតិ​កូឡុំប៊ី​ឈុត​ធំ នា​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១០ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​កូឡុំប៊ី នាំ​មុខ​បូលីវី​ ១-០ ក្នុង​ជំនួប​​ដែល​បញ្ចប់​ទៅ​ស្មើ​គ្នា ១-១។ នា​ខែ​មិថុនា ឆ្នាំ​២០១៤ Bacca បាន​ជាប់​ក្នុង​បញ្ជី​២៣នាក់​ទៅ World Cup ប្រទេស​ប្រេស៊ីល ហើយ​បាន​ចូល​លេង​១ប្រកួត ដោយ​ប្ដូរ​ចូល​ ពេល​កូឡុំប៊ី ចាញ់ម្ចាស់​ផ្ទះ​ប្រេស៊ីល ២-១ នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

 

​​ពាន​រង្វាន់​ដែល​ទទួល​បាន

 

បើ​គិត​ជា​លក្ខណៈ​ក្លិប Bacca ឈ្នះ​ពាន​៤ គឺ​ Primera A របស់​កូឡុំប៊ី​២ដង នៅ​ឆ្នាំ​២០១០ និង​២០១១ និង​ពាន UEFA Europa League ២ដង (២០១៣-២០១៤, ២០១៤-២០១៥)។ ចំណែក​ឯ​ពាន​ផ្ទាល់​ខ្លួន​វិញ មាន​ដូច​ជា Top scorer Primera A ឆ្នាំ​២០១០ និង​២០១១, LFP Best South American Player (២០១៣-២០១៤), Belgian Pro League Top Goal Scorer (២០១២-២០១៣), Belgian Pro League Best Player (២០១២-២០១៣) និង​ជាប់​ជា Man of the Match សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ២០១៥៕

 

ចុច​អាន៖ Sevilla ​លើក​ពាន​ Europa League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ក្រោយ​ឈ្នះ​ Dnipro យប់​មិញ

 

ដោយ៖ សុខ សុវត្ថិ ប្រភព៖ lfp, marca, wiki