កម្មវិធី​ថ្មី​មួយ អាច​អ្នក​ប្រើប្រាស់​មើល​កាមេរ៉ា​ចរាចរណ៍​តាម​ដង​វិថី​លើ​ទូរសព្ទ​

  • 2015-06-02 21:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ezecom App ជា​កម្មវិធី​ក្នុង​ស្រុក​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាច​ចូល​ទៅ​មើល​រូបភាព​បន្ត​ផ្ទាល់​ពី​កាមេរ៉ា​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញបាន​យ៉ាង​ងាយ​ស្រួល​នៅ​លើ​ទូរសព្ទ​ដៃ​ រួម​ជាមួយ​មុខងារ​ប្រើប្រាស់​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ទៀត។

 

 

អ្នកស្រី Inge olde Rikkert ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Ezecom ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ការ​បង្កើត​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា​​ Ezecom App មាន​មុខងារ​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​រូបភាព​បន្ត​ផ្ទាល់​ពី​កាមេរ៉ា​ចរាចរណ៍​ ដែល​មាន​បំពាក់​នៅ​តាម​ដង​មហាវិថី​ធំៗ ក្នុង​រាជធានី​ភ្នំពេញ។ លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​ក៏​ផ្តល់​ឱ្យ​អ្នកប្រើប្រាស់​នូវ​មុខងារ​ស្តាប់​វិទ្យុ​បាន​យ៉ាង​ច្បាស់ ក៏​ដូចជា​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ផង​ដែរ។

 

"ចាប់​ពី​ថ្ងៃនេះ​ទៅ​អ្នកប្រើប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ទាំង​ដំណើរ​ការប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ ​iOS អាច​ចូល​ទៅ​ទាញ​យក​និង​ប្រើប្រាស់​កម្មវិធី Ezecom App បាន​ដោយ​សេរី និង​ឥត​គិតថ្លៃពី Play Store និង App Store"។ លោក​ស្រី​បញ្ជាក់។

 

ការ​បង្កើត​កម្មវិធី Ezecom App នេះ​បាន​ចាប់ផ្ដើម​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដោយ​ក្រុម​ជំនាញ​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ​ក្នុង​ស្រុក​មួយ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Ezecom។

 

អ្នក​ស្រី​សង្ឃឹមថា ការ​បង្កើត​កម្មវិធី​នេះ​នឹង​រួម​ចំណែក​សម្រួល​ការ​លំបាក​ដល់​ពលរដ្ឋ​ក្នុង​ការ​ការ​ធ្វើ​ដំណើរ​ ក៏​ដូចជា​បាន​រួមចំណែក​បំផុស​គំនិត​ច្នៃប្រឌិត​ថ្មី សម្រាប់​ក្រុម​អ្នក​បង្កើត​កម្មវិធី​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា។

 

ក្រុមហ៊ុន Ezecom ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ និង​បាន​ប្រែក្លាយ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​សារ​គមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា។ កាល​ពី​ពេល​កន្លង​ទៅ​នេះ Ezecom បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ខ្សែកាប​ក្រោម​បាតសមុទ្រ MCT ដែល​អាច​ជួយ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​នៅកម្ពុជា មាន​ល្បឿន​កាន់តែ​លឿន និង​មាន​ស្ថិរភាព​ល្អ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា