Messi៖ វា​ជា​រឿង​ពិបាក​ណាស់​ក្នុង​ការ​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ

  • 2015-06-30 13:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Lionel Messi ​បាន​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា រូបគេ​ពិត​ជា​ជួប​ការ​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន មិន​ដូច​លេង​នៅ​ក្លិប​អាជីព​ឡើយ។

 

 

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​នៅ​ឆ្នាំ​នេះ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​កូឡុំប៊ី​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ការ​ដែល​បាន​ឡើង​មក​វគ្គ​នេះ កំពូល​ខ្សែ​ប្រយុទ្ធ Messi  ​បាន​បញ្ជាក់​ថា​ ខ្លួន​គេ​ពិត​ជា​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ណាស់ ទោះ​ជា​មាន​ឱកាស​ហើយ​ក៏​នៅ​តែ​ពិបាក​ធ្វើ​បាន​ដែរ។

 

"វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​សោះ​ថា​ពិបាក​ដល់​ថ្នាក់​នេះ ក្នុង​ការ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ។ ​យើង​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​នេះ ដោយ​បង្កើត​ឱកាស​សឹង​តែ​គ្រប់​ពេល។ តែ​ចុង​បញ្ចប់​យើង​អាច​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ការ​ទាត់​បាល់​កាត់សេចក្ដី។ យើង​គ្មាន​សំណាង​រក​គ្រាប់​បាល់​បាន តែ​មាន​សំណាង​ទាត់​បាល់​ប៉េណាំង​ទី​ឈ្នះ”។ Messi ​បាន​និយាយ។

 

 

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ទើប​តែ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​ឆ្នាំ​នេះ ហើយ​មួយ​គ្រាប់​នោះ​គឺ​ជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ថែម​ទៀត​ផង។ ខណៈ​ដែល​ការ​ប្រកួត​ជាមួយ​ក្រុម​កូឡុំប៊ី​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​វិញ រូបគេ​មាន​ឱកាស​ច្រើន​ដែរ​ តែ​នៅ​តែ​មិន​អាច​ផុត​ពី​ដៃ​អ្នក​ចាំ​ទី David Ospina ​ដដែល។

 

នៅ​​ថ្ងៃ​ស្អែក​ម៉ោង​៦:៣០​នាទី​ព្រឹក ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ ​ដើម្បី​ប្រជែង​យក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ចាំ​មើល​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៤​សម័យ​រូប​នេះ​អាច​ជួយ​ជម្រើស​ជាតិ​ខ្លួន​ក៏​ដូច​ជា​រក​គ្រាប់​បាល់​បាន​ដែរ​ឬ​ទេ?

 

ចុចអានគ្រាន់​តែ​ស្រែក Messi Messi ​អាច​ជួយ​ជីវិត​មនុស្ស​ម្នាក់​បាន

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ eurosport

អត្ថបទថ្មី