ទី​បំផុត អេ ភូថង​ ​បង្ហាញ​ការ​អស់​សង្ឃឹម​​ ខណៈ​ វ៉ន​ វីវ៉ា ​រិះ​គន់​ស្ថាប័ន​កីឡា​​មួយ​ចាស់​ដៃ​

  • 2015-07-02 22:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ អេ ភូថង​ ​បាន​​បង្ហាញ​អារម្មណ៍​អស់​សង្ឃឹម​ក្នុង​វិស័យ​កីឡា​ប្រដាល់​ បន្ទាប់​ពី​ចូល​ប្រឡូក​ជាង​២០​ឆ្នាំ​កន្លង​ទៅ​ ខណៈ​អ្នក​ប្រដាល់​ វ៉ន វីវ៉ា​បាន​រិះ​គន់​យ៉ាង​ចាស់​លើ​ស្ថាប័ន​គ្រប់​គ្រង​កីឡា។

ទោះ​បី​ជា​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ គេ​កម្រ​ឃើញ​​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ អេ ភូថង ត្អួញត្អែរ​​ជុំ​វិញ​អាជីព​ឈឺ​ខ្លួន​ដែល​មាន​ចំណូល​តិច​នេះ​ណាស់ ប៉ុន្តែ​​​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​​នេះ​ លោក​ អេ ភូថង​ ដែល​ជា​អតីត​កីឡាករ​ប្រដាល់​ល្បី​ល្បាញ​ស្ទើរ​គ្មាន​គូ​ប្រៀប​នៅ​ប្រទេស​កម្ពុជា​ និង​កំពុង​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ​ជំនាន់​ក្រោយ​​បាន​​បង្ហាញ​អារម្មណ៍​អស់​សង្ឃឹម បន្ទាប់​ពី​ចាប់​អាជីព​នេះ​ប្រហែល​​២០​ឆ្នាំ​កន្លង​ទៅ។

 

លោក អេ ភូថង​បាន​និយាយ​លើ​ Facebook របស់​លោក​ថា ៖«​ខំ​ប្រឹង​ប្រែង​២០​ឆ្នាំ​ហើយ​សល់​តែ​កេរ្តិ៍​ឈ្មោះ​ហឺ»។ ឆ្លើយ​តប​នឹង​អ្នក​បញ្ចេញ​មតិ​យោបល់​ខាង​ក្រោម​ការ​លើក​ឡើង​ អតីត​កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា ៖«ខ្ញុំ​ខំ​ប្រឹង​​២០​ឆ្នាំ​ហើយ គ្មាន​ឡាន​ល្អ ម៉ូតូ​ល្អ​ និង​ផ្ទះ​ខ្លួន​ឯង​នៅ​​ផង ចង់​អស់​សង្ឃឹម​ហើយ»។

 

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ISKA វ៉ន វីវ៉ា​ក៏​បាន​វាយ​ប្រហារ​លើ​ស្ថាប័ន​គ្រប់​គ្រង​កីឡា​យ៉ាង​ចាស់​ដៃ​ដែរ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ស្ថាប័ន​នោះ​ឡើយ។ នៅ​លើ​ Facebook កីឡាករ​ប្រដាល់​រូប​នេះ​បាន​និយាយ​ថា ៖«​ជម្រើស​ជាតិ​ៗ តែ​ដល់​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ខោ​អាវ​ស្លៀក​ពាក់​​មិន​កើត​ (សូម្បី​លុយ​ដុល្លារ​របស់​ក្រសួង​ឲ្យ​​កីឡាករ​ ដូរ​ឲ្យ​គ្នា​ជា​លុយ​ខ្មែរ​វិញ កីឡាករ​យក​លុយ​​ខ្មែរ​ទៅ​ដូរ​យក​លុយ​កូរ៉េ​ទៀត) គេ​មាន​តែ​ឲ្យ​លុយ​កីឡាករ តែ​ក្រសួង​កីឡា​ខាង​កាន់​លុយ​ខ្មែរ​យើង​ (ស៊ី​លុយ​កីឡាករ)​ ជាក់​ស្តែង​ កីឡាករ កីឡា​ការិនី​ត្រៀម​ចេញ​ទៅ​កូរ៉េ​ថ្ងៃ​ទី​01/07/2015 ចឹង​ៗ​បាន​រក​កីឡាករ កីឡា​ការិនី​ដែល​ល្អ​មិន​បាន ហើយ​បើ​មាន​កីឡាករ កីឡា​ការិនី​រូប​ណា​ដែល​ហ៊ាន​ចំណាយ​លុយ​ដោយ​ខ្លួន​ឯង​នោះ​វិញ​ ហើយ​បើ​ឈ្នះ​ទៀត​នោះ​ ចាប់​ផ្ដើម​យក​មុខ​មាត់​ហើយ​ មាន​អ្នក​ក្រសួង​កីឡា​មួយ​ចំនួន។ល។ អាសំគិះ»។

 

 

សព្វ​ថ្ងៃ​ លោក អេ ភូថង​ និង​ក្រុម​គ្រួសារ​មិន​បាន​ស្នាក់​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​ឡើយ​គឺ​រស់​នៅ​ក្នុង​អគារ​របស់​ក្រសួង​ការពារ​ជាតិ​ក្នុង​បរិវេណ​ស្តាត​ចាស់។ លោក​កំពុង​ធ្វើ​ជា​គ្រូ​បង្ហាត់​ប្រដាល់ អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​ ព្រម​ទាំង​​ជួយ​ចិញ្ចឹម​ក្មេង​កំព្រា​មួយ​ចំនួន​នៅ​អង្គការ​មួយ​ទៀត​ផង។

 

ចំណែក​ វ៉ន វីវ៉ា​ នឹង​ចំណាយ​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​ដើម្បី​​សម្រាក​ព្យាបាល​ពី​ការ​ប្រកួត​យ៉ាង​ហោច​ណាស់​១​ឆ្នាំ បន្ទាប់​ពី​រង​របួស​បាក់​ដៃ​ពេល​ប្រកួត​ជា​មួយ​កីឡាករ​ស៊ុយអែត។ ទោះ​យ៉ាង​ណា កីឡាករ​ម្នាក់​នេះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ព្យាបាល​៥​ពាន់​ដុល្លារ​ពី​លោក​ជំទាវ ប៊ុនរ៉ានី ហ៊ុន សែន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​