ខ្សែ​ជីវិត​ពិត​យុវជន​រួច​ជីវិត​ពី​ស៊ូណាមិ​​​ដែល​ Ronaldo ​ធ្លាប់​ជួយ​ធ្វើ​ផ្ទះ​ឱ្យ​នៅ បាន​ទៅ​លេង​បាល់​នៅ​អឺរ៉ុប​

  • 2015-07-03 13:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ក្លិប Sporting Lisbon ​របស់​ប្រទេស​ព័រទុយហ្គាល់​បាន​ទិញ​យក​កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Martunis ។ ខ្សែ​ជីវិត​របស់​កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​ដែល​បាន​ដឹង​ហើយ គឺ​ប្រាកដ​ជា​រំភើប​ចិត្ត​មិន​ខាន។

 

 

កាល​រូប​គេ​នៅ​វ័យ​៨​ឆ្នាំ  Martunis ​ជា​កុមារា​ម្នាក់​គត់​ដែល​គេ​ប្រទះ​ឃើញ​នៅ​រស់​ ក្នុង​ភូមិ​មួយ​ក្បែរ​ឆ្នេរ​សមុទ្រ​ទីក្រុង​ Aceh ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បន្ទាប់​ពី​តំបន់​នេះ​ត្រូវ​រលក​យក្ស Tsunami ​បោកបក់​ត្រូវ​នៅ​ឆ្នាំ​២០០៤។ មនុស្ស​ប្រមាណ ១៧០ ០០០​នាក់​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ទីក្រុង​ Aceh ​នេះ​ត្រូវ​ស្លាប់​បូក​រួម​ទាំង​ម្ដាយ​និង​បង​ស្រី Martunis ​ផង​ដែរ ប៉ុន្តែ​ជា​សំណាង​គ្រា​នោះ​កុមារា​រូប​នេះ​អាច​រួច​ផុត​ពី​ក្ដី​ស្លាប់​បាន ហើយ​រស់​នៅ​តែ​ម្នាក់​រហូត​ដល់​២១​ថ្ងៃ​ឯ​ណោះ​ទើប​ត្រូវ​គេ​ប្រទះ​ឃើញ។

 

រយៈ​ពេល​២១​ថ្ងៃ​ដែល​កុមារា​រូប​នេះ​ត្រូវ​រស់​នៅ​ម្នាក់​ឯង​នោះ​គឺ​ពិត​ជា​កម្សត់​ខ្លាំង​ណាស់ ពោល​គឺ​១៨​ថ្ងៃ​ដំបូង​របស់​គេ​ត្រូវ​ហូប​មី​ដែល​​រើស​បាន​ និង​ផឹក​ទឹក​សាប​ដែល​ហូរ​​ចូល​សមុទ្រ​។ ៥​ថ្ងៃ​បន្ទាប់​ទៀត Martunis ​មិន​មាន​អ្វី​ហូប​ទេ ពោល​គឺ​រូប​គេ​ត្រូវ​ដើរ​រសាត់អណ្ដែត​ម្នាក់​ឯង​ រហូត​ដល់​បាន​ជួប​អ្នក​កាសែត​របស់ Sky News ​ទើប​រូប​គេ​អាច​រួច​ផុត​ពី​ទុក្ខ។

 

 

 

ក្រោយ​រួច​ផុត​ពី​ក្ដី​ស្លាប់ Martunis ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ទាំង​អស់​នៅ​គ្រា​នោះ​ថា រូប​គេ​មិន​ខ្លាច​អ្វី​ទាំង​អស់​អំឡុង​ពេល​នៅ​ម្នាក់​ឯង​នោះ ព្រោះ​រូប​គេ​ចង់​ជួប​មុខ​គ្រួសារ​គេ​វិញ ហើយ​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់​ទាត់។

 

ពេល​យុវជន​រូប​នេះ​ចូល​ដល់​វ័យ​១៧​ឆ្នាំ​ភ្លាម​នៅ​ឆ្នាំ​មុន រូប​គេ​បាន​ចូល​ប្រលង​ដើម្បី​បាន​ចូល​ជា​ឈុត​យុវជន​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ដែរ​ ដោយ​ធ្វើ​តេស្ដ​ជាប់​ជុំ​ដំបូង​ ប៉ុន្តែ​​គួរ​ឱ្យ​សោកស្ដាយ​រូប​គេ​ត្រូវ​ធ្លាក់​ចេញ​វិញ​ក្រោយ​ធ្វើ​តេស្ដ​ធ្លាក់​នៅ​ជុំ​ទី​២។

 

រឿង​របស់​កុមារា​រូប​នេះ​បាន​ឆក់​យក​បេះដូង​របស់​ប្រជាជន​ព័រទុយហ្គាល់​ជា​ច្រើន​បូក​រួម​ទាំង​កីឡាករ Cristiano Ronaldo ​ផង​ដែរ។ ក្រោយ​ទៀត Ronaldo ​បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​សាងសង់​ផ្ទះ​របស់ Martunis ​ក៏​ដូច​ជា​ផ្ទះ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ខូចខាត​ដោយសារ​រលក​យក្ស Tsunami ​ឡើង​វិញ​ផង​ដែរ។

 

តាំង​ពី​គ្រា​នោះ​មក ​កុមារា​ដែល​ស្រលាញ់​កីឡា​បាល់​ទាត់​តាំង​ពី​តូច​មក​នេះ ​បាន​ទៅ​លេង​និង​ជួប​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា​ច្រើន​ដង​រួម​ជាមួយ Ronaldo ​ផង​ដែរ ហើយ​រូប​គេ​ក៏​មាន​ក្ដី​ស្រមៃ​ជា​និច្ច​ថា​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​និង​បាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ទៀត។

 

​ ​

បច្ចុប្បន្ន​ត្រឹម​វ័យ​១៧​ឆ្នាំ​នេះ  Martunis ​សម្រេច​បាន​ជំហាន​ដំបូង​ហើយ ពោល​គឺ​ត្រូវ​បាន​ក្លិប Sporting Lisbon ​ហៅ​ចូល​ក្រុម ដោយ​ឱ្យ​ហ្វឹកហាត់​និង​ចូល​លេង​នៅ​ឈុត​យុវជន U19 ​សិន៕

 

ចុចអាន៖Ronaldo៖ ​ខ្ញុំ​ចង់​ឃើញ​កូន​ប្រុស​មាន​អនាគត​​ជា​​កីឡាករ​បាល់ទាត់​ឬ​ល្អ​ជាង​នេះ

 

ចុចអាន៖ម្ដាយ​របស់ Ronaldo ត្រូវ​បាន​ឃាត់​​ខ្លួន

 

​ប្រែ​សម្រួល​៖ មុន្នី រម្យ ប្រភព៖​101greatgoals, footballchannel

អត្ថបទពេញនិយម