ល្បិច​បោក​អ្នក​ទិញ​ប្លែកៗ​របស់​អាជីវករ​​នៅ​វៀតណាម

  • 2015-07-06 18:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ សារព័ត៌មាន Tuoi Tre របស់​ប្រទេស​វៀតណាម បាន​ចុះ​ផ្សាយ​ពី​ល្បិច​ប្លែកៗ ដែល​អាជីវករ​នៅ​ក្រុង​ហូជីមិញ​ប្រើ​ប្រាស់​ដើម្បី​បោក​អ្នក​ទិញ។

 

ក្ដាម​ចង​ដោយ​ខ្សែរ​ធំៗ​ដើម្បី​បង្កើន​គីឡូ

 

​ល្បិច​ប្លែក​ៗ​ជា​ច្រើន ត្រូវ​ក្រុម​អាជីវករ​នៅ​ក្រុង​ហូជីមិញ​យក​មក​ប្រើ​ក្នុង​អាជីវកម្ម ដើម្បី​ទាក់​ទាញ​អ្នក​ទិញ​​បាន​ច្រើន និង​ចំណេញ​ខ្ពស់​ជាង​ធម្មតា។ នេះ​មិន​មែន​ជា​រឿង​​ប្លែក​ឡើយ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ដែល​តែង​ចាញ់​បោក​អ្នក​លក់ ប៉ុន្តែ​សម្រាប់​អ្នក​ដំណើរ​មួយ​ចំនួន​អាច​មាន​ការ​ខឹង​សម្បារ​ខ្លះ។

 

មាន​ល្បិច​មួយ​ដែល​ធ្លាប់​ប្រើ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ គឺ​ក្ដាម​ចង​ខ្សែ​ធ្ងន់​ៗ​ដើម្បី​បង្កើន​គីឡូ លក់​ទៅ​ឲ្យ​អ្នក​ទិញ។ ទោះ​យ៉ាង​ណា​វា​មិន​មែន​ជា​រឿង​​ប្លែក​ខ្លាំង​ឡើយ ព្រោះ​នៅ​កម្ពុជា​ក៏​បាន​ប្រើ​វិធី​ដូច​គ្នា ប៉ុន្តែ​នៅ​មាន​វិធី​បោក​ប្រាស់​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​ចាញ់​បោក​ដោយ​មិន​អស់​ចិត្ត។

 

នៅ​តាម​តាម​បណ្ដោយ​ផ្លូវ​ជា​ច្រើន​ក្នុង​ក្រុង​ហូជីមិញ អ្នក​លក់​ផ្លែ​ឈើ​បាន​ដាក់​ផ្លាក​បង្ហាញ​ពី​តម្លៃ​ថោក​ៗ ទាក់​ទាញ​អ្នក​ទិញ​ជា​ច្រើន​ឲ្យ​ចូល​ទៅ​ត​ថ្លៃ។ ក្រោយ​ពេល​អ្នក​ទិញ​ចូល​ទៅ​ដល់ ទើប​ដឹង​ថា​តម្លៃ​នោះ​សម្រាប់​កន្លះ​គីឡូក្រាម​ប៉ុណ្ណោះ មិន​មែន​មួយ​គីឡូក្រាម​ទេ។

 

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​ច្រឡំ ដោយសារ​ផ្លាក​បង្ហាញ​​តម្លៃ​ធំៗ ប៉ុន្តែ​ទម្ងន់​បែរ​ជា​ដាក់​តូច​ៗ មើល​ពី​ចម្ងាយ​ស្ទើរ​មិន​ឃើញ។ អ្នក​ទិញ​ចូល​ទៅ ភាគ​ច្រើន​សម្រេច​ចិត្ត​ទិញ ព្រោះ​មិន​ចង់​តវ៉ា​វែង​ឆ្ងាយ បើ​ទោះ​ដឹង​ថា​ចាញ់​បោក​ក្ដី។

 

 

រូប​ភាព​ដែល​ភ្ជាប់​មក​ជាមួយ​ជាក់​ស្ដែង​បង្ហាញ​ថា សាវម៉ាវ​កន្លះ​គីឡូក្រាម​តម្លៃ ១០០០០​ដុង(០,៥០​ដុល្លារ)។ ដើម្បី​បោក​ប្រាស់​អ្នក​ទិញ​គេ​បាន​សរសេរ “VND10,000" ជា​អក្សរ​ដិត​ធំ ប៉ុន្តែ “1/2” បែរ​ជា​តូច​ខ្លាំង ធ្វើ​ឲ្យ​ច្រឡំ​ថា​មួយ​គីឡូក្រាម​តម្លៃ ១០០០០​ដុង ពេល​មើល​ពី​ចម្ងាយ។

 

នៅ​តាម​បណ្ដោយ​ផ្លូវ Phan Xich Long ក្នុង​សង្កាត់ Phu Nhuan អ្នក​លក់​សណ្ដែក​ដី​បន្ទះ​បាន​ដាក់​ផ្លាក ហាក់​បង្ហាញ​ថា ១គីឡូក្រាម​តម្លៃ ៣០០០​ដុង។ ជាក់​ស្ដែង​អ្នក​លក់​បាន​សរសេរ​បន្លំ​លេខ ១ តូចៗ ហើយ​តាម​ពិត​តម្លៃ​ដើម​គឺ ១៣០០០​ដុង​ក្នុង​មួយ​គីឡូក្រាម។ ​​​

 

បន្ទះ​សណ្ដែក​ដី​ល្អ​តែ​ដំបូង

 

ចំណែក​សណ្ដែក​ដី​ទៀត​សោត បន្ទះ​ដំបូង​នៅ​លើ​គេ​​ក្នុង​ថង់ មើល​ទៅ​ស្រស់​ល្អ​គួរ​ឲ្យ​ចង់​ទទួល​ទាន។ ទោះ​យ៉ាង​ណា ពេល​យក​ទៅ​ដល់​ផ្ទះ បើក​ដល់​បន្ទះ​ក្រោយ​ៗ​ទៀត សុទ្ធតែ​គ្មាន​គុណភាព​មិន​ស្រួយ​ល្អ​ដូច​បន្ទះ​ទី​មួយ​ឡើយ។

 

“អ្នក​លក់​នៅ​តែ​បោក​ប្រាស់​អ្នក​ទិញ គ្មាន​មន្ត្រី​ណា​មក​រវល់​ទេ ហើយ​យើង​ក៏​គ្មាន​ជម្រើស​ដែរ មាន​តែ​ទ្រាំ​មើល​អ៊ីចឹង​ទៅ" អ្នក​ទិញ​ម្នាក់​ឈ្មោះ Ngoc Hoa និយាយ។ សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ Huynh The Du បាន​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ទិញ​នៅ​តែ​បន្ត​ជាវ​របស់​បោក​ប្រាស់​ទាំង​នោះ អ្នក​លក់​ក៏​នៅ​តែ​លក់​បែប​នេះ​ដដែល។ លោក​បាន​បន្ត​ទៀត​ថា អ្នក​លក់​មិន​ស្មោះ​ត្រង់​នឹង​បញ្ឈប់​អាជីវកម្ម​បោក​ប្រាស់ ប្រសិន​បើ​អ្នក​ទិញ​ឈប់​គាំទ្រ​ពួក​គេ​ទៀត៕

 

 ចុចអានរលក​កម្ដៅ​ជិត ៤១​អង្សា​វាយ​ប្រហារ​ប្រទេស​វៀតណាម

ចុចអាន៖ រូង​ក្រោម​ដី​សម្រាប់​ធ្វើ​សង្គ្រាម​នៅ​វៀតណាម​ក្លាយ​ជា​តំបន់​ទេសចរណ៍

ចុចអាន៖ វៀតណាម​បក​ស្រាយ​រឿង​ចាក់​​មេរោគ​អេដស៍​ចូល​ក្នុង​ស៊ុត​មុន​ដាក់​លក់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ tuoitrenews

អត្ថបទពេញនិយម
អត្ថបទថ្មី