រូបថត​មួយ​សន្លឹក​​ សាវិន ហ្វីលីព នឹក​ឃើញ​អស់​ពាក្យ​ទូន្មាន​អ្នក​​ម្ដាយ

  • 2015-07-28 17:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ចាស់​ៗ​ដែល​កប់​ក្នុង​អតីតកាល​ស្ទើរ​តែ​ភ្លេច​អស់ ប៉ុន្តែ នៅ​ពេល​ប្រទះ​ឃើញ​រូប​មួយ​សន្លឹក​ខាង​ក្រោម​នេះ ធ្វើ​ឲ្យ​លោក សាវីន ហ្វីលីព នឹក​ឃើញ​គ្រប់​អនុស្សាវរីយ៍​ជាមួយ​អ្នក​ម្ដាយ​ ជាពិសេស​ពាក្យ​ទូន្មាន​​​ម្ដាយ​ដែល​តែង​​ទូន្មាន​ល្អ​ចំពោះ​កូន ហើយ​ពាក្យ​ទាំង​នោះ​ធ្វើ​ឲ្យ​តារា​សម្ដែង​រូប​នេះ​ជោគជ័យ​សព្វថ្ងៃ។  

កុមារា ហ្វីលីព ថត​ឈរ​ក្បែរ​ម្ដាយ​មុន​ចូល​រៀន​នៅ​ថ្នាក់​ទី ២ នៃ​សាលា​បឋម​សិក្សា​សន្ធរម៉ុក (ថតក្នុង​ឆ្នាំ ១៩៨២)

 

ស្ថិត​នៅ​ក្នុង​សំលៀកបំពាក់​ជា​សិស្ស ឈរ​ក្បែរ​អ្នក​ម្ដាយ​ នោះ​គឺជា​រូបភាព​របស់​លោក​ហ្វីលីព​នៅ​វ័យ​ ១០ ឆ្នាំ ហើយ​ក៏​ជា​គ្រា​ដែល​កំពុង​ស្រេកឃ្លាន​ចង់​រៀន​ និង​ ថតរូប​ទុក​មុន​ចូល​រៀន​ថ្នាក់​ទី ២ នៃ​​សាលា​បឋម​សិក្សា​សន្ធរម៉ុក។ "ខ្ញុំ​កាល​ហ្នឹង​ទើប​អាយុ ១០ ឆ្នាំ ពេល​នោះ​ខ្ញុំ​ចង់​រៀន​អើយ​ចង់​រៀន ហើយ​ម្ដាយ​ក៏​សម្រេច​ឲ្យ​ខ្ញុំ​ទៅ​រៀន​តែ​មុន​ទៅ​រៀន​ម្ដាយ​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​ថត​រូប​ នៅ​ហាង​ថតរូប International Photoshop នៅ​ម្ដុំ​សេរីភាព"។ ហ្វីលីព​ និយាយ។

 

“ខ្ញុំ​ប្រទះ​ឃើញ​រូប​នេះ កាល​ពី​យប់​មិញ​ ពេល​ខ្ញុំ​ទៅ​លេង​ម៉ាក់​នៅ​ផ្ទះ​ ម៉ាក់​ខ្ញុំ​បាន​ផ្ដិត​វា​​ឡើង​វិញ ហើយ​ដាក់​ស៊ុម​ គ្រាន់​តែ​ឃើញ​ភ្លាម​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់​ វា​ហាក់​ដាស់​អារម្មណ៍​របស់​ខ្ញុំ​ដែល​បាន​កើត​ឡើង​កាល​ពី​​ជាង ៣០ ឆ្នាំ​មុន ជាពិសេស​ពាក្យ​ទូន្មាន​ដែល​ម្ដាយ​តែ​ព្រាន​ប្រដៅ"។ ហ្វីលីព​ បន្ថែម។

 

ពាក្យ​ពីរ​ឃ្លា​ដែល​លោក​ សាហ្វីន ហ្វីលីព​ ចងចាំ​ជាងគេ​ពី​ការ​ទូន្មាន​របស់​អ្នក​ម្ដាយ គឺ​ "កូន​ត្រូវ​តែ​ខំរៀន" និង "កូន​ត្រូវ​តែ​មាន​អំពើ​ល្អ"។ លោក ហ្វីលីព បាន​រំលឹក​ពាក្យ​អ្នក​ម្ដាយ​ថា "បើ​ទោះ​កូន​មាន​រូប​សម្បត្តិ​ល្អ​ហើយ​ក្ដី ប៉ុន្ដែ កូន​គ្មាន​អំពើ​ល្អ​នោះ​ គឺ​មិន​ល្អ​ទេ ហើយ​បើ​កូន​ប្រុស​រឹងមាំ​យ៉ាង​ណា​ក្ដី ប៉ុន្ដែ បើ​កូន​ខ្វះ​ចំណេះ​នោះ​ក៏​មិន​កើត​ដែរ កូន​ត្រូវ​តែ​រៀន​ គឺ​រៀន​ឲ្យ​ចេះ"។

 

អ្នក​ម្ដាយ​​របស់​លោក សាវីន ហ្វីលីព ឈ្មោះ នៅ សាវិន បច្ចុប្បន្ន​វ័យ ៦៧ ឆ្នាំ អតីត​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុក ដែល​អ្នកស្រី​បាន​ធ្វើ​ជា​គ្រូបង្រៀន​តាំង​ឆ្នាំ ១៩៧៩ ហើយ​ទើប​តែ​ចូលនិវត្តន៍​កាល​ពី ៦-៧ ឆ្នាំ​មុន​នេះ។

 

លោក សាវិន ហ្វីលីព ដែល​កើត​​ក្នុង​ឆ្នាំ ១៩៧២ នៅ​ភ្នំពេញ ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ជាស្រ្តី​មេម៉ាយ​ ខណៈ​បងប្អូន និង ឪពុក​ បាន​ស្លាប់​នៅ​សម័យ​ខ្មែរ​ក្រហម​ បាន​រៀបរាប់​ថា ពាក្យ​ទូន្មាន​ទាំងឡាយ​តាំង​ពី​នៅ​តូច​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិនទាន់​ភ្លេច​ទេ ហើយ​ពាក្យពេចន៍​ណែនាំ​ទាំង​នោះ លោក​បាន​ធ្វើ​ឲ្យ​សម្រេច​តាម​ក្ដី​ស្រមៃ​របស់​អ្នក​ម្ដាយ​ជា​បណ្ដើរ​ៗ​ហើយ​ដែរ។  

 

 

សព្វថ្ងៃ​នេះ លោក ហ្វីលីព សម្រេច​បាន៖

 

ការ​សិក្សា៖

 

-១៩៨១-១៩៨៨ លោក​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​សន្ធរម៉ុក​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៧ -១៩៨៨-១៩៩១ លោកដូរ​មក​រៀន​នៅ​វិទ្យាល័យឥន្ទ្រទេវី ពី​ថ្នាក់​ទី ៨ ដល់​ថ្នាក់​ទី ១១ -១៩៩៤-១៩៩៥ លោក​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​មួយ​ដែល​គាំទ្រ​ដោយ​ស្ថានទូត​អូស្ត្រាលី (ភ្លេច​ឈ្មោះ​សាលា) -១៩៩៥-១៩៩៦ លោក​ធ្លាប់​រៀន​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ​​រយៈពេល​ខ្លី​នៅ​ប្រទេស​សិង្ហបុរី -២០០២-២០០៣ លោក​រៀន​សាជាថ្មី​លើ​វគ្គខ្លីៗ ស្ដីពី​គ្រប់​គ្រង​សណ្ឋាគារ​ (៦ ខែ​នៅ សិង្ហបុរី និង ៦ ខែ​ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

 

វិស័យ​សិល្បៈ

 

-១៩៩៤-១៩៩៥ លោក​ជួប​អ្នក​ដឹកនាំ​រឿង​ម្នាក់​​ចៃដន្យ​ ហើយ​បាន​ថត​រឿង​ដំបូង​ "ល្បិចស្នេហ៍​​ល្បែង​ជីវិត" ដែល​លោក​ ពេជ្រ​ ភារុណ ជា​តួឯក ហើយ​លោក​ជាតួ​មិត្ត​ភ័ក្ដិ​តួឯក។ -ជា​បន្តបន្ទាប់​លោក​ ហ្វីលីព បាន​សម្ដែង​រឿង​ជាច្រើន ហើយ​រឿង​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង គឺ​រឿង "ហនុមាន"។ -ក្រៅ​ពី​ក្លាយ​ជា​តួសម្ដែង លោក​ហ្វីលីព ក៏​ធ្លាប់​ថត​ពាណិជ្ជកម្ម​ផងដែរ។

 

បង្កើត​មូលនិធិ

 

-ពាក្យ​ទូន្មាន​របស់​អ្នក​ម្ដាយ​ "អំពើ​ល្អ" និង ការ​ស្រឡាញ់​ចូល​ចិត្ត​ការងារ​មនុស្ស​ធម៌ លោក សាវិន ហ្វីលីព បាន​បង្កើត​មូលនិធិ​មួយ​មាន​ឈ្មោះ "មូលនិធិ​កុមារ​សាវិន​កម្ពុជា" ហើយ​មូលនិធិ​នេះ​កំពុង​ដំណើរ​ការ​រាល់​ថ្ងៃ​ ដោយ​បាន​ចែក​អំណោយ​ជា​សម្ភារៈ​សិក្សា ក៏​ដូចជា អណ្ដូង​ទឹក​ជូន​ប្រជាជន​ក្រីក្រ។ ទន្ទឹម​នឹង​គ្នា​នេះ តារា​សម្ដែង​ជើង​ចាស់ រូប​នេះ ទើប​ទទួល​បាន​​ងារ​ជា​ទូត​សុឆន្ទៈ​ប្រចាំ​អង្គការ​​ Construire Les Generations Future (CGF Foundation)៕

 

ចុចអាន៖ សាវិន ហ្វីលីព ទទួល​បាន​ងារ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ

ចុចអាន៖ ១១ នាទី​ពី សារ៉ា បក​ស្រាយ​ជម្លោះ​ជាមួយ សាវីន ហ្វីលីប និង​ ក្មួយ​ស្រី

 

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា