គូស្នេហ៍​​សប្បុរស​ទួរគី​រៀប​ចំ​អាហារ​ឲ្យ​ជន​ភៀសខ្លួន​ស៊ីរី ៤​ពាន់​នាក់​ក្នុង​ថ្ងៃ​រៀបការ

  • 2015-08-05 20:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ចិត្ត​សប្បុរស​មួយ​គូ​របស់​ប្រទេស​ទួរគី បាន​សម្រេច​ចិត្ត​ចែក​រំលែក​ភាព​រីករាយ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ដោយ​រៀបចំ​អាហារ​អញ្ជើញ​ជន​ភៀស​ខ្លួន​ស៊ីរី ៤​ពាន់​នាក់​ឲ្យ​ចូល​រួម​ទទួល​ទាន។

 

 

កូន​កំលោះ Fethullah Üzümcüoğlu និង​កូន​ក្រមុំ Esra Polat បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្រុង Kilis ជិត​ព្រំដែន​ប្រទេស​ស៊ីរី។ ដើម្បី​អបអរ​ថ្ងៃ​មង្គល​របស់​ខ្លួន គូស្នេហ៍​ចិត្ត​សប្បុរស​បាន​អញ្ជើញ​ជន​ភៀស​ខ្លួន​ស៊ីរី​ដែល​រត់​ចូល​ប្រទេស​ទួរគី​ដោយសារ​សង្គ្រាម​ស៊ីវិល ៤​ពាន់​នាក់ ឲ្យ​ចូល​រួម​រីករាយ​ទទួល​ទាន​អាហារ​ជាមួយ​គ្នា។

 

​កូន​កំលោះ Üzümcüoğlu បាន​និយាយ​ថា លោក​​មាន​អារម្មណ៍​អស្ចារ្យ​បំផុត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត។ "ឃើញ​ភាព​រីករាយ​នៅ​ក្នុង​កែវ​ភ្នែក​ក្មេង​ៗ​ភៀស​ខ្លួន​ស៊ីរី ពិត​ជា​មាន​តម្លៃ​បំផុត... យើង​ចាប់​ផ្ដើម​ដំណើរ​ឆ្ពោះ​ទៅ​រក​សុភមង្គល​របស់​យើង ដោយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត ហើយ​វា​ជា​អារម្មណ៍​អស្ចារ្យ​មួយ"។ កូន​កំលោះ​បញ្ជាក់។

 

យ៉ាង​ណា​ក្ដី សកម្មភាព​គួរ​ឲ្យ​សរសើរ​នេះ កើត​ឡើង​ពី​ឪពុក​របស់​កូន​កំលោះ ដែល​មាន​ឈ្មោះ Ali Üzümcüoğlu។ លោក​បាន​ប្រាប់​កាសែត Serhat Kilis ថា សង្ឃឹម​អ្នក​ផ្សេង​ទៀត​នឹង​ធ្វើ​ដូច​គ្នា ហើយ​ចែក​រំលែក​ថ្ងៃ​អាពាហ៍ពិពាហ៍​ដ៏​​រីករាយ​ជាមួយ​បង​ប្អូន​ជន​ភៀស​ខ្លួន​ស៊ីរី៕

 

 

 

ចុចអាន៖ ម្ចាស់​ភោជនីយដ្ឋាន​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​ល្បី​ដល់​នាយករដ្ឋមន្ត្រី​ទួរគី

ចុចអាន៖ ភ្លើង​សង្គ្រាម​នៅ​ស៊ីរី ធ្វើ​ឲ្យ​ក្មេង​តូច​ម្នាក់​ខ្លាច​កាមេរ៉ា​ព្រោះ​គិត​ថា​ជា​កាំភ្លើង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ telegraph